សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អង្ករវៀតណាម កំពុងត្រូវប៉ាន់ទាំងក្នុងតំបន់ និងក្រៅតំបន់ រូបភាព ៖VTV
× វៀតណាម កំពុងតែរៀបចំនាំអង្ករប្រមាណ ១៥ ម៉ឺនតោនទៅកាន់ហ្វីលីពីន ។ ផែនការនាំចេញនេះ បន្ទាប់ពី ក្រុងហាណូយ បានឈ្នះការដេញថ្លៃការផ្គត់ផ្គង់អង្ករដល់ហ្វីលីពីនកាលពីពេលថ្មីៗនេះ ។
តាមសេចក្តីប្រកាសលទ្ធផល នៃការប្រកួតប្រជែងដេញថ្លៃក្នុងការផ្គត់ផ្គង់អង្កររបស់ភ្នាក់ងារអាហារជាតិហ្វីលីពីន វៀតណាមបានទទួលសិទ្ធិផ្គត់ផ្គង់អង្ករសរុបចំនួន ១៣ម៉ឺនតោន នៃចំនួនអង្ករសរុបដែលហ្វីលីពីនត្រូវនាំចូលក្នុងខែឧសភា និងមិថុនា ២៥ម៉ឺនតោន ខណៈចំនួនសេសសល់ ត្រូវបានប្រគល់សិទ្ធិឲ្យទៅថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Viet Nam News នៅថ្ងៃ៧ ឧសភា ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ នៅមុនពេលនៃការទទួលបានសិទ្ធិផ្គត់ផ្គង់នេះដែរ ប្រធានាធិបតីហ្វីលីពីន និងនាយករដ្ឋមន្ត្រីវៀតណាម ក៏បានមានជំនួបទ្វេភាគីមួយ ដោយថែមទាំងបានលើកឡើងពីទំហំពាណិជ្ជកម្មស្រូវអង្កររវាងប្រទេសទាំងពីរផងដែរ។ ជាពិសេសនោះ ប្រធានាធិបតីហ្វីលីពីន ថែមទាំងបានសរសើរពីគុណភាពអង្ករវៀតណាម និងសន្យានាំចូលអង្ករវៀតណាមជាបន្តបន្ទាប់ទៀតផង។
បើតាមប្រភពព័ត៌មានដដែលនោះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានអះអាងថា ក្នុងរយៈពេលបួនខែ នៃដើមឆ្នាំនេះ វៀតណាម បាននាំចេញអង្ករក្នុងតម្លៃរាប់លានដុល្លារ ដែលចំនួននាំចេញនេះ បានកើនពីមួយឆ្នាំទៅមួយឆ្នាំ ។ ក្រសួងដដែល បានបញ្ជាក់ផងដែរថា ការកើនឡើងនេះ ក៏ព្រោះតែ វៀតណាម បានឈ្នះក្នុងការដេញថ្លៃសម្រាប់ការផ្គត់ផ្គង់អង្ករក្នុងទីផ្សារអន្តរជាតិកាន់តែច្រើន។
ជាមួយគ្នានេះ តាមការបញ្ជាក់របស់សមាគមអាហារវៀតណាម នៅឆ្នាំ២០១៨នេះ វៀតណាម គ្រោងនាំចេញអង្ករក្នុងបរិមាណ ៦.៥ លានតោន ដែលក្នុងនោះ ២.៧ លានតោន នឹងត្រូវនាំចេញទៅចិន ,៨០ ម៉ឺនតោន ទៅហ្វីលីពីន , ៨០ ម៉ឺនតោន ទៅឥណ្ឌូណេស៊ី , ៥០ ម៉ឺនតោនទៅម៉ាឡេស៊ី , ២០ ម៉ឺនតោន ទៅអ៊ីរ៉ាក់ និង ១លានតោនផ្សេងទៀតទៅកាន់តំបន់អាហ្វ្រិក៕
Tag:
វៀតណាម
អង្ករ
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com