អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហា​ធៀ​៖ ព្រះមហាក្សត្រ​ឯកភាព​លើកលែងទោស​ដល់ លោក អាន់​វ៉ា​
11, May 2018 , 2:37 pm        
រូបភាព
រូបភាព AP
រូបភាព AP
ថ្ងៃសុក្រទី ១១ ខែឧសភានេះនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីថ្មី​លោក មហា​ធៀ មហាម៉ាត់ បាន​បញ្ជាក់ថា មហាក្សត្រ​ម៉ាឡេស៊ី​ឯកភាព​លើកលែងទោស​ដល់​មេដឹកនាំ​បក្ស​យុត្តិធម៌​ប្រជាជន (PKR) លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដែល​កំពុង​ជាប់ពន្ធនាគារ​ដោយសារ​ពាក់ព័ន្ធ​ការ​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​។ 

​មហាក្សត្រ​ម៉ាឡេស៊ី មូ​ហា​ម៉ាត់​ទី​ប្រាំ  (Yang di Pertuan Agong) បាន​សន្យា​លើកលែងទោស​ដល់​លោក អាន់ វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំ​បក្ស​យុត្តិធម៌​ប្រជាជន (​សមាជិក​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan) ហើយ​ការដោះលែង​នោះ​នឹង​ចាប់ផ្តើម​ភ្លាមៗ​តែម្តង​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្មី​លោក មហា​ធៀ មហាម៉ាត់​នៅ​ថ្ងៃ​សុក្រ​ទី ១១ ខែឧសភា​នេះ​។
 
​យោងតាម​សារព័ត៌មាន Malaysiankini ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ លោក មហា​ធៀ បានបញ្ជាក់​ដូច្នេះ​៖« ក្នុងពេល​ពិភាក្សា​រវាង​សមាជិក​បក្ស​ជាមួយ​ព្រះមហាក្សត្រ  ព្រះមហាក្សត្រ​បានបង្ហាញ​ឆន្ទៈ​ទ្រង់​ក្នុងការ​លើកលែងទោស​ដ​ល់​លោក អាន់​វ៉ា ភ្លាមៗ »​។ 
 
​ក្រោយ​ទទួលបាន​ភ្លើង​បៃតង​ពី​ព្រះមហាក្សត្រ លោក មហា​ធៀ បន្ថែមថា សម្ព័ន្ធ​គណបក្ស Pakatan Harapan នឹង​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​របស់ខ្លួន​តែម្តង​។ វា​ជាការ​ត្រួស​ត្រាយផ្លូវ​មួយ​សម្រាប់​លោក អាន់​វ៉ា ឲ្យ​ត្រឡប់​ចូល​នយោបាយ​ជាថ្មីទៀត និង​ឈានទៅ​ទទួល​អំណាច​ជា​នាយករដ្ឋមន្ត្រី​ពី​លោក មហា​ធៀ នៅពេល​ខាងមុខ​ផង​។​
 
​មុន​បង្កើន​សម្ព័ន្ធភាព​បក្សប្រឆាំង លោក មហា​ធៀ បាន​សន្យា​ហើយ​ថា លោក​នឹង​ផ្ទេរតំណែង​ឲ្យ​លោក អាន់​វ៉ា វិញ​ពេល​ចេញពី​ពន្ធនាគារ​នោះ​។ ប៉ុន្តែ​លោក​ក៏បាន​ពន្យល់​ផង​ថា លោក​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​នយោបាយ​ម៉ាឡេស៊ី ព្រោះ​លោក​មានបទពិសោធន៍​ស្រាប់​។​
 
​តាមពិតទៅ លោក អាន់​វ៉ា នឹងត្រូវ​ដោះលែង​នៅ​ថ្ងៃទី ១០ ខែមិថុនា​ខាងមុខ ដោយសារ​លោក​ជាប់ពន្ធ​នាគារ​អស់​រយៈពេល​មួយ​ភាគបី​នៃ​ទោស​សរុប​ហើយ​នោះ​។ នេះ​ជាការ​អះអាង​របស់ នាយកដ្ឋាន​ពន្ធនាគារ​ម៉ាឡេស៊ី កាលពី​ខែមីនា​កន្លងមក​។
​តាមពិតទៅ លោក អាន់​វ៉ា ធ្លាប់ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​ក្រោម​អាណត្តិ​លោក មហា​ធៀ​។ លោក​ត្រូវបាន​លោក មហា​ធៀ បណ្តេញ​ចេញពី​តំណែង​ឆ្នាំ ១៩៩៨ ហើយ​ក្រោយមក​ត្រូវបាន​គេ​ចាប់​ដាក់ពន្ធនាគារ​ដោយសារ​បទល្មើស​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​ថែមទៀត​។ លោក​ត្រូវបាន​គេ​ចាប់​ដាក់ពន្ធនាគារ​ម្តងទៀត​កាលពី​ឆ្នាំ ២០១៥ ដោយ​លោក​រង​ការចោទប្រកាន់​ជាថ្មី​ពាក់ព័ន្ធ​ការរួម​ភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​ទៀត ពេល​លោក ណា​ជីប ធ្វើជា​នាយករដ្ឋមន្ត្រី​។ លោក អាន់​វ៉ា ហៅ​ការចាប់ខ្លួន​លោក​ថា​ជា​រឿង​នយោបាយ​សុទ្ធសាធ​៕
 
 

Tag:
 មហា​ធៀ មហាម៉ាត់​
  អាន់​វ៉ា អ៊ីប្រាហ៊ីម​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com