នៅថ្ងៃទី១០ ខែឧសភា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា នៅបុរីរដ្ឋសិង្ហបុរី។ វាក្លាយជាជំនួបទល់មុខលើកទីមួយរវាងមេដឹកនាំប្រទេសគូសត្រូវទាំងពីរនេះ សំដៅដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ខណៈមានទីក្រុងជាច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីរៀបចំជំនួបនេះ ហេតុអ្វីអាមេរិក និងកូរ៉េខាងជើងទៅជួបនៅសិង្ហបុរីទៅវិញ?
បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ទទួលយកសំណើរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីខែមីនាមកនោះ ការជជែកគ្នាស្ដីពីទីតាំងនៃជំនួបក៏ចាប់ផ្ដើមដែរ។ ពីដំបូង គេឃើញមានទីក្រុងធំៗនៅជុំវិញពិភពលោកដែលអាចធ្វើម្ចាស់ផ្ទះការជួបគ្នារបស់លោក ត្រាំ និងលោក គីម តួយ៉ាងទីក្រុងហ្សឺណែវរបស់ស្វ៊ីស និងទីក្រុងស្តុកខុលរបស់ស៊ុយអែត ដែលត្រូវបានចាត់ទុកជារដ្ឋអព្យាក្រឹត និងមានទំនាក់ទំនងល្អជាមួយអាមេរិកផង និងកូរ៉េខាងជើងផង។
ទីក្រុងប៉េកាំងរបស់ចិន ទីក្រុងអ៊ូឡង់បាទ័ររបស់ម៉ុងហ្គោលី សិង្ហបុរីរបស់សិង្ហបុរី និងតំបន់គ្មានកងទ័ពនៅឧបទ្វីបកូរ៉េ ក៏មានឈ្មោះជាបេក្ខភាពរៀបចំនួបនេះដែរ។ យ៉ាងណាមិញ នៅមុននេះលោក ត្រាំ ក៏ធ្លាប់បានប្រកាសថា មានទីតាំងចំនួនពីរដែលត្រូវពិចារណា ហើយចុងក្រោយនេះលោកក៏ប្រកាសជួបជាមួយលោក គីម នៅសិង្ហបុរីតែម្ដង បន្ទាប់ពីបានពិភាក្សាជាមួយកូរ៉េខាងជើងរួចមកនោះ។ មានហេតុផលមួយចំនួនដែលធ្វើសិង្ហបុរីក្លាយជាបេក្ខភាពនាំមុខគេ។
សិង្ហបុរី៖ អាមេរិកក៏ត្រូវ កូរ៉េខាងជើងក៏ត្រូវ
ហេតុផលសំខាន់ដែលធ្វើឲ្យដែនកោះសិង្ហបុរីទទួលរៀបចំជំនួបប្រវត្តិសាស្ត្រនេះ គឺទំនាក់ទំនងការទូតល្អជាមួយគូសន្ទនាទាំងសងខាង។ សិង្ហបុរី គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់អាមេរិកតាំងពីយូរណាស់មកហើយ។ នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង គឺជាមេដឹកនាំអាស៊ានដំបូងគេដែលបានជួបលោក ត្រាំ នៅសេតវិមានកាលពីខែតុលា ឆ្នាំ២០១៧ ។ សម្រាប់រដ្ឋបាលលោក ត្រាំ សិង្ហបុរី គឺជាជម្រើសល្អ និងអព្យាក្រឹត។
ងាកទៅទំនាក់ទំនងជាមួយកូរ៉េខាងជើងវិញ ក្រុងសិង្ហបុរីក៏មានចំណងការទូតល្អជាមួយក្រុងព្យុងយ៉ាងដែរ។ សិង្ហបុរីស្ថិតក្នុងចំណោមប្រទេសតិចតួចដែលមានស្ថានទូតកូរ៉េខាងជើង និងមានស្ថានទូតរបស់ខ្លួននៅកូរ៉េខាងជើងដែរ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ទំនាក់ទំនងនេះហាក់ធ្លាក់ចុះបន្តិចដោយសារសិង្ហបុរីអនុវត្តតាមការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខលើកូរ៉េខាងជើង។
ការកំណត់ទីតាំងនេះ មិនមែនជារឿងធម្មតាឡើយ ហើយមានឥទ្ធិពលនយោបាយខ្លាំងដែលអាចឲ្យភាគីម្ខាងកេងចំណេញលើភាគីម្ខាងទៀត។ ចិនស្និទ្ធកូរ៉េខាងជើង ដូចនេះគ្មានហេតុផលលោក ត្រាំ ត្រូវទៅជួបលោក គីម នៅប៉េកាំងឡើយ ឯកូរ៉េខាងត្បូងជាសម្ព័ន្ធមិត្តអាមេរិក ដូច្នេះក៏គ្មានមូលហេតុដែលលោក គីម ទៅជួបលោក ត្រាំ នៅកូរ៉េខាងត្បូងដែរ។
មធ្យោបាយធ្វើដំណើររបស់លោក គីម ជុងអ៊ុន
មធ្យោបាយធ្វើដំណើររបស់លោក គីម ជុងអ៊ុន ក៏ជាលក្ខខណ្ឌពិសេសមួយក្នុងការពិចារណានៃជំនួបនេះដែរ។ បើនិយាយពីទំនាក់ទំនងរវាងប្រទេសគូសន្ទនាទាំងពីរជាមួយស្វ៊ីស និងស៊ុយអែត ក៏ដូចជាបញ្ហាសន្តិសុខ គឺល្អដូចសិង្ហបុរីដែរ ប៉ុន្តែបើគិតពីចម្ងាយធ្វើដំណើរវិញនោះ សិង្ហបុរីមានអាទិភាពជាង។ នេះក៏ព្រោះតែលោក គីម មិនមានមធ្យោបាយសម្រាប់ដំណើរចម្ងាយឆ្ងាយឡើយ។ យន្តហោះផ្ទាល់ខ្លួនរបស់លោក Chammae-1 មានអាយុកាលចាស់ និងមិនអាចហោះហើរបានឆ្ងាយឡើយ។
ផលិតក្នុងទសវត្សរ៍៧០របស់រុស្ស៊ី យន្តហោះធុននេះ មិនអាចធ្វើដំណើរទៅកាន់អឺរ៉ុបដោយមិនមានការឈប់សំចតឡើយ។ យន្តហោះនេះអាចធ្វើដំណើរបានក្នុងរយៈចម្ងាយប្រហែល៥ពាន់គីឡូម៉ែត្រ ប៉ុន្តែពីកូរ៉េខាងជើងទៅស៊ុយអែតមានចម្ងាយជាង៧ពាន់គីឡូម៉ែត្រ ហើយទៅស្វ៊ីសមានចម្ងាយប្រហែល៨៥០០គីឡូម៉ែត្រឯណោះ។ សម្រាប់ទៅសិង្ហបុរីវិញ លោក គីម អាចធ្វើដំណើរដោយមិនចាំបាច់ឈប់សំចតឡើយ។
និយាយរឿងធ្វើដំណើរនេះ កូរ៉េខាងជើងចង់ឲ្យរៀបចំជំនួបនៅម៉ុងហ្គោលី ព្រោះនៅកៀក ហើយប្រមុខដឹកនាំកូរ៉េកូរ៉េខាងជើងអាចធ្វើដំណើរតាមរថភ្លើងរបស់លោកបានទៀតផង។ ចំពោះអាមេរិកវិញ ម៉ុងហ្គោលី ក៏ជាជម្រើសល្អមួយដែរ តែទាស់ត្រង់ហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ ហើយការពង្រឹងសន្តិសុខក៏មានកម្រិត ដែលហេតុនេះទើបអាមេរិកចង់បានសិង្ហបុរីវិញ។ និយាយពីសិង្ហបុរី គឺល្អទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងចម្ងាយធ្វើដំណើរ ក៏ដូចជាសន្តិសុខផង។
សិង្ហបុរីត្រៀមខ្លួនរួចស្រេច
ក្រោយការប្រកាសរបស់លោក ត្រាំ សិង្ហបុរី ក៏ត្រៀមខ្លួនរួចដែរ។ ក្រសួងការបរទេសសិង្ហបុរីបានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១០ ខែឧសភា ថា សិង្ហបុរីរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះនៃជំនួបរវាងលោក ត្រាំ និងលោក គីម ហើយសង្ឃឹមថា ជំនួបនេះនឹងជំរុញសន្តិភាពនៅឧបទ្វីបកូរ៉េ។ ឯនាយករដ្ឋមន្ត្រី លី វិញបានសរសេរលើ Twitter ថា ជំនួបនេះជាជំហានសំខាន់សម្រាប់ដំណើរទៅកាន់សន្តិភាព ហើយលោករំពឹងថា ការជួបគ្នានេះនឹងមានលទ្ធផលផ្លែផ្កា។
ថ្វីដ្បិតជាប្រទេសតូចមែន សិង្ហបុរីមានធ្លាប់រៀបចំកិច្ចប្រជុំធំៗជាច្រើនលើករួចមកហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំចិន និងតៃវ៉ាន់កាលពីឆ្នាំ២០១៥ ។ នោះគឺជាជំនួបរវាងមេដឹកនាំចិន និងតៃវ៉ាន់លើកដំបូងបំផុត ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលឆ្នាំ១៩៤៩ ដែលចិនត្រូវដឹកនាំដោយលោក ម៉ៅ សេទុង ឯតៃវ៉ាន់ដឹកនាំដោយលោក ចាង ខៃជៀក ៕