អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ម៉ូ​ឌី ទៅ​នេ​ប៉ាល់​ដើម្បី​ទំនាក់ទំនង​ទ្វេភាគី ដើម្បី​ច្រាន​ឥទ្ធិពល​របស់​ចិន​ចេញ​ដែរ​
11, May 2018 , 10:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នៅ​ថ្ងៃទី​១១ ខែឧសភា នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ទៅដល់​ទឹកដី​នេ​ប៉ាល់​ហើយ​ក្នុង​ទស្សនកិច្ច​ពីរ​ថ្ងៃ​។ ទស្សនកិច្ច​នេះ​មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​មួយ​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ​នេះ ស្របពេល​ដែល​ចិន​ក៏បាន​ចូលទៅ​ពង្រីក​ទំនាក់ទំនង​ដូចគ្នា​ដែរនោះ​។ យក្ស​ឥណ្ឌា​មិនសូវ​សប្បាយចិត្ត​ឡើយ​ចំពោះ​សកម្មភាព​របស់​យក្ស​ចិន​នៅក្នុង​តំបន់​ដែល​ខ្លួន​ចាត់ទុក​ដែន​ឥទ្ធិពល​របស់ខ្លួន​នោះ​។

 
​នៅ​ថ្ងៃ​ដំបូង​នៃ​ទស្សនកិច្ច​ពីរ​ថ្ងៃ នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ឈប់​សំចត​នៅ​ទីក្រុង Janakpur នៅ​ភាគ​ត្បូង​នេ​ប៉ាល់​ដើម្បី​បន់ស្រន់​នៅ​វិហារ​សាសនា​ហិណ្ឌូ​ល​ល្បីឈ្មោះ​នៅ​ទីនោះ​។ បន្ត​មក លោក ម៉ូ​ឌី នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ​ដើម្បី​ជួប​ជាមួយ​សម​ភាគី​នេ​ប៉ាល់ K.P. Sharma Oli និង​ចូលរួម​បើក​ការដ្ឋាន​សាងសង់​វា​រី​អគ្គីសនី Arun Three ដែល​ឥណ្ឌា​ជា​អ្នកចេញលុយ​អស់​ចំនួន​១.៤​ពាន់​លាន​ដុល្លារ​។ 
 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក ម៉ូ​ឌី ពេលនេះ គឺជា​កាយវិការ​បង្ហាញ​ពី​ឆន្ទៈ​ចង់​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​របស់​ក្រុង​ញូវដែលី ខណៈដែល​ចិន​កំពុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នេ​ប៉ាល់​កាន់តែខ្លាំង​នោះ​។ កាលពី​ឆ្នាំ​២០១៧ ចិន​បាន​សន្យា​វិនិយោគ​នៅ​នេ​ប៉ាល់​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើនជាង​៨.៧​ពាន់​លាន​ដុល្លារ ខណៈ​ទំហំ​វិនិយោគ​របស់​ឥណ្ឌា​មាន​ចំនួន​៣១៧​លាន​ដុល្លារ​។ ជា​សញ្ញា​ខិត​ទៅរក​ចិន នេ​ប៉ាល់​ក៏​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​ទៀតផង​។​
 
​យោងតាម​ទី​ភា្ន​ក់​ងារ​ព័ត៌មាន AFP ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ពេលនេះ ជា​ផ្នែក​មួយ​នៃ​នយោបាយ «​អ្នកជិតខាង​មុន​» របស់​រដ្ឋាភិបាល​ឥណ្ឌា និង​ឆ្លុះបញ្ចាំង​ពី​អាទិភាព​របស់​ឥណ្ឌា ក៏ដូចជា​រូបលោក​ផ្ទាល់​ក្នុង​ទំនាក់ទំនង​ចាស់វស្សា ជិតស្និទ្ធ​ជាមួយ​នេ​ប៉ាល់​។ ការបើក​ការដ្ឋាន​វា​រី​អគ្គីសនី Arun Three នេះ ជា​ជ័យជម្នះ​ការទូត​របស់​ឥណ្ឌា​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ចិន​ផងដែរ​។​
 
Arun Three គឺជា​ការដ្ឋាន​វា​រី​ធំ​ទាំង​៥ របស់​នេ​ប៉ាល់​ដែល​ចាប់ផ្ដើម​ដំណើរការ​សាងសង់​មុនគេ ខណៈ​គម្រោង​អគ្គីសនី​ធំ​ពីរ​ទៀត​ស្ថិតក្នុង​ការវិនិយោគរ​បស់​ចិន​។ អ្នកវិភាគ​ជឿថា វត្តមាន​របស់លោក ម៉ូ​ឌី ក្នុង​ពិធីបើកការដ្ឋាន​នេះ ជា​សញ្ញា​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​ឥណ្ឌា​ក្នុងការ​បំពេញ​ពាក្យសន្យា​របស់ខ្លួន​។ នេះ​ក៏​ព្រោះតែ​កន្លងមក គម្រោង​របស់​ឥណ្ឌា​នៅ​នេ​ប៉ាល់​ហាក់​ដំណើរការ​យឺតៗ ខុសពី​គម្រោង​របស់​ចិន​ដែលមាន​ល្បឿន​លឿន​។​
 
​ទំនាក់ទំនង​ឥណ្ឌា និង​នេ​ប៉ាល់ ធ្លាក់ចុះ​ខ្លាំង​នៅ​ឆ្នាំ​២០១៥ បន្ទាប់ពី​ក្រុងក​ដ្ឋ​ម​ណ្ឌូ​បានអនុម័ត​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី ដែល​នាំទៅដល់​បាតុកម្ម​នៅ​ភាគ​ត្បូង​រហូត​មាន​ការបិទ​ព្រំដែន​។ នេ​ប៉ាល់​បាន​បន្ទោស​ឥណ្ឌា​ថា​បាន​បិទ​ព្រំដែន​ដែល​ធ្វើ​ឲ្យ​នេ​ប៉ាល់​ជួប​បញ្ហា​ខ្វះខាត​ប្រេង និង​ទំនិញ​ចាំបាច់ ស្របពេល​ដែល​នេ​ប៉ាល់​កំពុង​ស្រោចស្រង់​ប្រទេស​ពី​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​ដដែល​៕

Tag:
 ឥណ្ឌា​
  នេ​ប៉ាល់​
  ចិន​
  នា​រិ​ន្ទ្រា ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com