រដ្ឋាភិបាលចិនបានទទូចឲ្យរដ្ឋាភិបាលម៉ាឡេស៊ីថ្មីបន្តរក្សា និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ដោយឈរលើគោលការណ៍ស្មើភាព និងគោរពប្រយោជន៍គ្នាទៅវិញទៅមក។ ការអំពាវនាវនេះធ្វើឡើងក្រោយពេលដែលមេដឹកនាំបក្សប្រឆាំងលោក មហាធៀ មហាម៉ាត់ ស្បថចូលកាន់តំណែងជាផ្លូវការជានាយករដ្ឋមន្ត្រីទី ៧។
ក្រោយសម្ព័ន្ធបក្សប្រឆាំងរបស់លោក មហាធៀ មហាម៉ាត់ ឈ្នះឆ្នោត ទំនាក់ទំនងទ្វេភាគីរវាងចិន និងម៉ាឡេស៊ីក្លាយជាប្រធានបទសំខាន់។ នេះក៏ដោយសារបក្សនេះធ្លាប់សន្យាត្រួតពិនិត្យកិច្ចព្រមព្រៀងទ្វេភាគី ឬអាចចរចាលក្ខខណ្ឌមួយចំនួនក្នុងកិច្ចព្រមព្រៀងនោះផងបើចាំបាច់។
ពេលសាកសួរថា តើការចូលកាន់អំណាចរបស់លោក មហាធៀ ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាចមានផលប៉ះពាល់ឬអត់ចំពោះទំនាក់ទំនងជាមួយចិន អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានឆ្លើយថា វាមិនមានអ្វីត្រូវបានរម្ភឡើយ។
ផ្ទុយទៅវិញ អ្នកនាំពាក្យរូបនេះរំពឹងថា ចិន នឹងសហការជាមួយរដ្ឋាភិបាលម៉ាឡេស៊ីថ្មីដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីប្រយោជន៍ទាំងសងខាងដោយឈរលើគោលការណ៍គោរពគ្នា និងស្មើភាពគ្នាផង។ លោកក៏ទទូចឲ្យម៉ាឡេស៊ីប្រឹងប្រែងបន្ថែមទៀតដើម្បីការពារនិងរក្សាទំនាក់ទំនងដែលមានស្រាប់ដែរ។
«ចិន និងម៉ាឡេស៊ីជាអ្នកជិតខាងល្អ។ ចិនផ្តល់តម្លៃលើទំនាក់ទំនងល្អជាមួយម៉ាឡេស៊ីនេះ។ បច្ចុប្បន្ននេះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងម៉ាឡេស៊ីស្ថិតនៅលើផ្លូវអភិវឌ្ឍ ហើយសម្រេចបានប្រយោជន៍ច្រើនដែរសម្រាប់ប្រជាជនប្រទេសទាំងពីរ។ ទំនាក់ទំនងនេះមានតម្លៃដែលត្រូវការពារនិងរក្សាដោយភាគីទាំងពីរ»។
អ្នកនាំពាក្យនេះបន្ថែមថា៖«យើងជឿជាក់ថា ម៉ាឡេស៊ីនឹងបន្តរក្សាស្ថិរភាព និងការអភិវឌ្ឍ។ យើងត្រៀមខ្លួនរួចហើយដើម្បីសហការជាមួយម៉ាឡេស៊ីដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ស្មើភាពគ្នា និង រក្សាប្រយោជន៍គ្នាទៅវិញទៅមកដូចគ្នា»។
តាមពិតទៅកន្លងមក លោក មហាធៀ បានចោទថា រដ្ឋាភិបាលមុនដឹកនាំដោយសម្ព័ន្ធបក្ស Barisan Nasional កំពុងលក់ប្រទេសម៉ាឡេស៊ីឲ្យទៅចិន។ មេដឹកនាំបក្សនេះស្វាគមន៍តែក្រុមហ៊ុនចិនណាដែល ដាក់ទុនបើកក្រុមហ៊ុននៅម៉ាឡេស៊ី, ជួលប្រជាជនក្នុងស្រុក, នាំចូលបច្ចេកវិទ្យា និងផ្ទេរចំណេះជំនាញវិជ្ជាជីវៈដល់ពលរដ្ឋម៉ាឡេស៊ី មិនមែននាំប្រជាជនចិនចូលមកជំនួសដូចឥឡូវទេ។
ដោយឡែកក្នុងសន្និសីទព័ត៌មានថ្ងៃ ១១ ខែឧសភា បន្ទាប់ពីស្បថចូលកាន់តំណែង លោក មហាធៀ បាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ីថ្មីនឹងរក្សាជំហរអព្យាក្រឹត្យ និងឯករាជ្យ ហើយម៉ាឡេស៊ីចាប់ដៃទាំងលោកខាងលិច និងខាងកើតដើម្បីប្រយោជន៍ទាំងអស់គ្នា។
«យើងចង់មានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់លើពិភពលោកដោយមិនខ្វល់ពីគោលនយោបាយ ឬប្រព័ន្ធដឹកនាំរដ្ឋាភិបាលឡើយ។ ម៉ាឡេស៊ីជាប្រទេសធ្វើពាណិជ្ជកម្ម។ យើងចង់ចូលទីផ្សារទាំងអស់លើលោក ទាំងលោកខាងលិច និងខាងកើត កុម្មុយនីស្តក្តី សេរីក្តី។ វាមិនមានអ្វីដែលគួរបារម្ភឡើយ»។ នេះជាសម្តីរបស់លោក មហាធៀ ទៅកាន់អ្នកកាសែត៕