អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​សន្យា​ជួយ​ឲ្យ​កូរ៉េខាងជើង​រីកចម្រើន​ដូច​កូរ៉េខាងត្បូង បើ​បោះបង់​នុយក្លេអ៊ែរ​បាន​លឿន​
12, May 2018 , 10:48 am        
រូបភាព
លោក Mike Pompeo ចាប់ដៃលោក គីម ជុងអ៊ុន អំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង (រូបភាព KCNA)
លោក Mike Pompeo ចាប់ដៃលោក គីម ជុងអ៊ុន អំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង (រូបភាព KCNA)
​នៅ​ថ្ងៃទី​១១ ខែឧសភា រដ្ឋមន្ត្រីការបរទេស​អាម​រិ​ក Mike Pompeo បាន​សន្យា​ជា​សាធារណៈ​ថា អាមេរិក​នឹង​ជួយ​ពង្រឹង​សេដ្ឋកិច្ច​កូរ៉េខាងជើង​ឲ្យ​បាន​រីកចម្រើន បើ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​បាន​លឿន​នោះ​។ ការ​ថ្លែង​សន្យា​ដូចនេះ ធ្វើឡើង​មួយខែ​មុន​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី​។ ការសន្យា​នេះ​ក៏​ជាស​ញ្ញា​វិជ្ជមាន​ដែល​បង្ហាញថា ជំនួប​ប្រវត្តិសាស្ត្រ​នេះ​អាចមាន​លទ្ធផល​ផ្លែផ្កា​មិន​ខាន​។​

 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo នៅ​ថ្ងៃទី​១១ ខែឧសភា បាន​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង Kang Kyung-wha ដើម្បី​ជជែក​ពី​ការរៀបចំ​ជំនួប​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន នៅ​ខែក្រោយ​។ នៅក្រោយ​ជំនួប​ទ្វេភាគី​នេះ លោក Pompeo ក៏​និយាយថា អាមេរិក​នឹង​ជួយ​ឲ្យ​កូរ៉េខាងជើង​រីកលូតលាស់​ដូច​កូរ៉េខាងត្បូង បើ​របប​ក្រុង​ព្យុងយ៉ាង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បាន​កាន់តែ​ឆាប់​នោះ​។​
 
​ជាការ​ពិត ក្រោយ​ការបញ្ចប់​សង្គ្រាម​ឆ្នាំ​១៩៥០-១៩៥៣ ដែល​ពុះ​ចែក​កូរ៉េ​ជា​ពីរ​នោះ កូរ៉េខាងត្បូង​បាន​វិ​វត្ត​ទៅមុខ​យ៉ាងខ្លាំង មាន​សេដ្ឋកិច្ច​រីកចម្រើន មានឈ្មោះ​ជា​ប្រទេស​អ្នកមាន​លំដាប់​ពិភពលោក​មួយ​ផងដែរ​។ ងាក​ទៅ​កូរ៉េខាងជើង រដ្ឋ​កូរ៉េ​មួយ​នេះ​បែរជា​កាន់តែ​ក្រ​ទៅ និង​ជាប់​ឈ្មោះ​ជា​ប្រទេស​ឯកោ​ទៅទៀត​។ ដោយសារ​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ កូរ៉េខាងជើង​ក៏​រង​ទណ្ឌកម្ម​ជាច្រើន ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដ៏​អន់ថយ​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Pompeo បាន​ថ្លែងថា អាមេរិក​នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​កូរ៉េខាងជើង​ដែល​ខ្ទេចខ្ទាំ​ខ្លាំង ប៉ុន្តែ​កូរ៉េខាងជើង​ត្រូវធ្វើ​រឿង​មួយ​សិន​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ដែល​ទើប​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ព្យុងយ៉ាង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ប្រសិន​កូរ៉េខាងជើង​ក្លាហាន​រំសាយ​នុយក្លេអ៊ែរ​ឲ្យ​បាន​លឿន អាមេរិក​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​កូរ៉េខាងជើង​ដើម្បី​សម្រេច​ឲ្យ​បាន​ភាព​ថ្កុំថ្កើង​រុងរឿង​ដូច​កូរ៉េខាងត្បូង​ដែរ​។​
 
​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ថ្មីៗ​នេះ លោក Pompeo លើកឡើងថា លោក​មាន​កិច្ចសន្ទនា​ដ៏​ល្អ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ជុំវិញ​បញ្ហា​ប្រឈម​នានា​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ក៏​ប្រា​ប់លោក គីម ជុង​អ៊ុន ទៀតថា អាមេរិក​មាន​សត្រូវ​ច្រើន តែ​ឥឡូវ​ក្លាយជា​មិត្ត​ភ​ក្ត​នឹង​គ្នា​អស់ហើយ ហើយ​លោក​ក៏​សង្ឃឹមថា រឿង​បែបនេះ​នឹង​កើតឡើង​ចំពោះ​កូរ៉េខាងជើង​ដូចគ្នា​ដែរ​។​
 
​លើ​ប្រធានបទ​រំសាយ​នុយក្លេអ៊ែរ​នេះ កូរ៉េខាងជើង​បានប្រកាស​ជា​ញឹកញាប់​ថា ខ្លួន​មាន​ឆន្ទៈ​បោះបង់​អាវុធ​ប្រភេទ​នេះ ហើយ​ជា​ឆន្ទៈ​តាំងពីដើម​មក​ផង​។ យ៉ាងណាមិញ ស្រប​ដែល​អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​លុបបំបាត់​នុយក្លេអ៊ែរ​ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​សិន​នោះ កូរ៉េខាងជើង​ចង់បាន​ការរំសាយ​ដែល​ធ្វើតាម​ដំណាក់កាល និង​ព្រមៗ​គ្នា​។ ពោល គឺ​ទាំង​កូរ៉េខាងជើង ទាំង​អាមេរិក​ត្រូវធ្វើ​សកម្មភាព​ក្នុងពេល​តែមួយ មិនមែន​មួយ​មុន​មួយ​ក្រោយ​ឡើយ​៕
 

Tag:
 ​អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com