កីឡាជាតិ
ជាតិ
ក្រោយ​ការចាកចេញ​របស់ ចាន់ វឌ្ឍនាកា Pahang ចាញ់​ក្រុម Terengganu ១-០ ​
12, May 2018 , 11:14 am        
រូបភាព
ដោយ:
​ក្រោយ​បញ្ចប់​កុងត្រា​មុន​កំណត់ ជាមួយ​កីឡាករ ចាន់ វឌ្ឍនាកា ក្រុម Pahang FA បាន​ចាញ់ Terengganu FC របស់​ខ្សែបម្រើ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ក្នុង​លទ្ធផល ១-០ នៅលើ​ទឹកដី​របស់ខ្លួន សម្រាប់​ការប្រកួត​សប្តាហ៍​ទី​១០ នៃ​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី កាលពី​យប់​ថ្ងៃទី​១១ ឧសភា ឆ្នាំ​២០១៨​។​

 
​អតីត​ក្រុម​របស់​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា Pahang FA បាន​បរាជ័យ​នៅលើ​ទឹកដី​ខ្លួនឯង​ក្រោម​ថ្វី​ជើង​ក្រុម Terengganu FC របស់​កីឡាករ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ក្នុង​លទ្ធផល ១-០​។ នា​ការប្រកួត​ជើង​ទី​១ ដែលមាន​វត្តមាន​កីឡាករ ចាន់ វឌ្ឍនាកា ក្រុម Pahang FA បាន​យកឈ្នះ Terengganu ក្នុង​លទ្ធផល ៣-១​។ 
 
​សម្រាប់​ការប្រកួត​នៅលើ​ទឹកដី Pahang FA កាលពី​យប់់​ថ្ងៃទី​១១ ឧសភា អតីត​ក្រុម​របស់​កីឡាករ ចាន់ វឌ្ឍនាកា បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយ Terengganu ក្នុង​តង់​ទី​១​។ តែ​ក្នុង​តង់​ទី​២​ខ្សែបម្រើ​ម៉ាឡេស៊ី Faiz Nasir បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់ Terengganu នៅ​នាទី​ទី​៦២​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​តង់​ទី​២​។​
 
​បរាជ័យ​លើក​ទី​២​នេះ នាំ​ឲ្យ​ក្រុម​ជើងឯក​រង Pahang FA បន្ត​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​១៨​ពិន្ទុ ប្រចាំ​សប្តាហ៍​ទី​១០​នៃ​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី​។ ការបរាជ័យ​នេះ ធ្វើ​ឲ្យ​មាន​គម្លាត​កាន់តែ​ធំ​សម្រាប់ Pahang FA ក្នុងការ​ប្រជែង​ឈរ​កំពូល​តារាង​ជាមួយ Johor DT ដែលមាន ២៤​ពិន្ទុ​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ម្សិលមិញ​នេះដែរ អតីត​ក្រុម​របស់​កីឡាករ កែវ សុខ​ផេង បាន​យកឈ្នះ​ក្រុម Kelantan ក្នុង​លទ្ធផល ២-១ ដោយ​ជ័យជម្នះ​នេះ​សម្រេច​ដោយ​ខ្សែប្រយុទ្ធ Hafiz Ramdan និង Muhammad Shahrel Fikri bin Md Fauzi​។ ចំណែក​ខ្សែប្រយុទ្ធ Imran Samso សម្រេច​គ្រាប់​បាល់​សម្រាប់ Kelantan​។ 
 
​ក្លិប​កីឡាបាល់ទាត់​ម៉ាឡេស៊ី Pahang FA បានប្រកាស​ចែកផ្លូវ​គ្នា​ពី​ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា និង​ខ្សែការពារ​ប្រេ​ស៊ី​ល Alex Moraes មុនពេល​វេលា​កំណត់​កាលពី​ថ្ងៃទី​៩ ឧសភា ក្រោម​ហេតុផល ធ្វើ​មិនបាន​តាម​អ្វីដែល​ក្លិប​បានកំណត់​៕   
 
    

Tag:
 ចាន់ វឌ្ឍនាកា​
  Malaysia Super League
  Pahang FA
© រក្សាសិទ្ធិដោយ thmeythmey.com