កីឡាជាតិ
ជាតិ
កម្ពុជា​គ្រោង​បញ្ជូន​កីឡា​១២​ប្រភេទ ចូលរួម​ប្រជែង​មេដាយ​កីឡា​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​
12, May 2018 , 12:13 pm        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​ឯកភាពគ្នា គ្រោង​បញ្ជូន​កីឡា​ចំនួន​១២​ប្រភេទ ចូលរួម​ប្រកួតប្រជែង ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​(Asian Games) នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ខែសីហា​ខាងមុខ​។ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​ការចូលរួម​លើក​នេះ ជាពិសេស​លើ​ប្រភេទ​កីឡា​ប្រយុទ្ធ​។

 
 
​ក្រោយ​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​សក្តានុពល​នៃ​ប្រភេទ​កីឡា​នីមួយៗ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​ឯកភាពគ្នា​បញ្ជូន​កីឡា​ចំនួន​១២​ប្រភេទ ដើម្បី​ចូលរួម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៨ សីហា ដល់​ថ្ងៃទី​២ កញ្ញា ឆ្នាំ​២០១៨ ។​
 
«​យើង​បានជ្រើសរើស​ជំហាន​ដំបូង​ក្នុង​អង្គប្រជុំ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន ដោយ​សម្រេចយក​កីឡា​១២​ប្រភេទ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​នៅ​ឥណ្ឌូណេស៊ី​។ តែ​យ៉ាងណា ចំនួន​នេះ​មិនទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​យើង​កំពុង​រង់ចាំ​ការសម្រេច​ចុងក្រោយ​របស់​ឯកឧត្តម ថោង ខុន និង​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន​»​។ នេះ​ជាការ​បញ្ចាក់​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​


 
​អគ្គលេខាធិការ​រូបនេះ​បាន​អះអាងថា ក្នុងចំណោម​ប្រភេទ​កីឡា​ដែល​គ្រោង​បញ្ជូន​ទាំងនេះ សុទ្ធសឹង​ជា​ប្រភេទ​កីឡា​សក្តានុពល  ។ លោក​សង្ឃឹមថា កីឡា​ខ្លះ​នឹង​អាចឈាន​ទៅរក​មេដាយ ហើយ​ប្រភេទ​កីឡា​ខ្លះ នឹងមាន​ការប្រកួតប្រជែង​ខ្ពស់​។ 
 
​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅតាម​បណ្តា​ប្រទេស​សក្តានុពល​នៃ​ប្រភេទ​កីឡា​នីមួយៗ​។ លោក វ៉ា​ត់ ចំរើន បាន​និយាយថា​៖«​កីឡា​ទាំង​១២​ប្រភេទ​យើង​ចម្រាញ់​បាន​កីឡាករ​សក្តានុពល​ចំនួន​៤១​នាក់​។ យើង​នឹង​ត្រៀមលក្ខណៈ​បញ្ជូន​ពួកគេ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​ឲ្យ​បាន​មុន​ពី​១​ទៅ​២​ខែ​នៃ​ការប្រកួត និង​ត្រៀមលក្ខណៈ​ហ្វឹកហាត់​នៅក្នុង​ស្រុក​»​។​


 
​ទោះបី​មាន​ប្រភេទ​កីឡា​មួយចំនួន បានដឹង​ពី​លទ្ធផល​មុន​ក៏ដោយ តែ​កម្ពុជា​រំពឹងថា នឹង​អាច​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​នេះ​។ លោក វ៉ា​ត់ ចំរើន បង្ហាញ​ក្តីសង្ឃឹម​យ៉ាង​ដូច្នេះ​ថា​៖«​ហែល​ទឹក​និង​អត្តពលកម្ម​យើង​បាន​ពី​ដឹង​លទ្ធផល​មុន​រួចទៅហើយ ព្រោះ​វា​ប្រភេទ​កីឡា Record​។ ប៉ុន្តែ​យើង​នៅតែ​អាច​វាយតម្លៃថា នឹងមាន​កីឡា​មួយចំនួន​អាចឈាន​ទៅរក​មេដាយ ភាគច្រើន​គឺ​កីឡា​ប្រយុទ្ធ ក្នុងនោះ​ក៏មាន​សូ​ហ្វ​តិ​ន្នី​ស​ផងដែរ​»​។ 
 
​កីឡា​ទាំង​១២​ប្រភេទ​ដែល​កម្ពុជា​គ្រោង​បញ្ជូនទៅ​រួមមាន អត្តពលកម្ម ហែល​ទឹក ចំបាប់ កាយសម្ព័ន្ធ ទូកក្តោង គុន​ដាវ តេ​ក្វាន់​ដូ កា​រ៉ា​តេ​ដូ យូ​ដូ សូ​ហ្វ​តិ​ន្នី​ស Jet Ski និង Jujutsu​។ ការប្រកួត​ជើងឯក​ទ្វីបអាស៊ី​ដែល​ឥណ្ឌូណេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៨ សីហា ដល់​ថ្ងៃទី​២ កញ្ញា ឆ្នាំ​២០១៨៕ 

Tag:
 វ៉ា​ត់ ចំរើន​
  NOCC
  Asian Games
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com