ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
តួអង្គ​រឿង​«​វិបល្លាស​» សម្ដែង​ល្អ តែ​មិនសូវមាន​អ្នកទស្សនា​
12, May 2018 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ «​វិបល្លាស​/ រចនា​» គឺជា​ខ្សែភាពយន្ត​មួយ ដែល​អ្នកនិពន្ធ​ចង់បង្ហាញ​អំពី​អ្នកជំងឺ​ផ្លូវចិត្ត​នៅក្នុង​សង្គម និង​ទូទាំង​ពិភពលោក​។ ប្រភេទ​ភាពយន្ត​ដែល​និយាយ​ពី​បញ្ហា​ជំងឺ​បាក់​ទឹកចិត្ត ឬ​អ្នកមាន​ជំងឺ​ផ្លូវ​អារម្មណ៍​នេះ ទទួល​បានការ​សាទរ​ពី​អ្នកនិពន្ធ​ជើងចាស់​ជាច្រើន រួមទាំង​អ្នក​ធ្លាប់បាន​ចូល​ទស្សនា​ផងដែរ​។ ប៉ុន្តែ​ភាគរយ​នៃ​អ្នកទស្សនា មិនទាន់​ផ្ដល់​កម្លាំងចិត្ត​ខ្ពស់ ដល់​អ្នកនិពន្ធ​រឿង​«​វិបល្លាស​/ រចនា​»​នៅឡើយ​ទេ​។​

 
​ភាពយន្ត​«​វិបល្លាស​»​នេះ និយាយ​ពី​ជីវិត​ស្នេហា សិល្បៈ និង​ជំងឺ​បាក់​ទឹកចិត្ត​របស់​នារី ខ្មែរ​អាមេរិកាំង​ម្នាក់​ដែលមាន​ឈ្មោះថា រចនា​។ រចនា គឺជា​ឈ្មោះ​តួឯក​ស្រី ដែល​សម្ដែង​ដោយ​កញ្ញា វី​និច្ច វីរៈ ដើរតួ​អង្គជា​អ្នកមាន​ជំងឺផ្លូវចិត្ត​ប្រភេទ​ប៉ូល​ពីរ (Bipolar/Borderline Personality disorder) ផ្សេងគ្នា​។ រចនា ជា​នារី​ម្នាក់ ដែលមាន​ភាពរួស​រាយ ឆាប់​អន់ចិត្ត ឆាប់​ខឹង និង​តប់ប្រមល់ ដែល​ស្ថិតនៅក្នុង​សភាព​បាក់​ទឹកចិត្ត​។ 
 
​អ្វីដែល​អ្នកនិពន្ធ​ចង់បង្ហាញ​ទៀត​នោះ គឺ​បញ្ឈប់​ការយល់ច្រឡំ របស់​មជ្ឈដ្ឋាន​ទូទៅ ដែល​តែងតែ​វាយតម្លៃ​ខុស​លើ​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត តែងតែ​ថា​ពួកគាត់​ជាម​នុស្ស​ឆ្កួត ហើយ​ចូលរួម​ដោះស្រាយ​បញ្ហា​អ្នក​បាក់​ទឹកចិត្ត​នេះ​។​


 
​កញ្ញា ហ៊ី និមល ដែលជា​អ្នកទស្សនា​រឿង​«​វិបល្លាស រចនា​» ពេញចិត្ត​យ៉ាងខ្លាំង​លើ​សាច់រឿង និង​តួអង្គ​រចនា​។ កញ្ញា និមល បានបង្ហាញ​ចំណាប់អារម្មណ៍​ថា តួអង្គ​រចនា សម្ដែង​សម​ប្រៀបដូចជា​រឿង​ពិតៗ ក្នុងការ​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជំងឺផ្លូវចិត្ត​។​សម្រាប់ និមល វា​ជា​ខ្សែភាពយន្ត​មួយ ដែល​អាច​ទាក់ទាញ​ចិត្ត​អ្នកទស្សនា ។ កញ្ញា ហ៊ី និមល បានបញ្ជាក់​ដូច្នេះ​ថា​៖«​តួ​រចនា​ហ្នឹង​គាត់​សម្ដែង​សម បើ​មិនដឹងថា​គាត់​សម្ដែង​ដំបូង​ទេ គឺ​មិន​ជឿ​ទេ​។ ខ្ញុំ​គិតថា​គាត់​សម្ដែង​មិន​ចាញ់​តួ​ជើងចាស់​ទេ ខ្ញុំ​ចូលចិត្ត​ការសម្ដែង​រប​ស់គា​ត់​»​។​
 
​ចំណែក​កញ្ញា កាលី​ណេ ក៏មាន​ការ​កោត​ស្ងប់​ស្ញែង​ចំពោះ​ទម្រង់​នៃ​សាច់រឿង​ទាំងមូល​ផងដែរ​។ អ្វីដែល​កញ្ញា កាលី​ណេ ចាប់អារម្មណ៍​នោះ គឺ​សាច់​រឿងនេះ បាន​បង្កើន​ការយល់ដឹង​មួយផ្នែក​ទៀត សម្រាប់​នាង​ឲ្យ​យល់​ពី​អារម្មណ៍​អ្នកមាន​ជំងឺផ្លូវចិត្ត ហើយ​ឈប់​ខ្លាច ឬ​ស្អប់​ពួកគេ ។ ប៉ុន្តែ​ត្រូវ​រក​ដំណោះស្រាយ​ជួយ​ពួកគេ​វិញ​។ 


 
​កញ្ញា កាលី​ណេ ដែល​បាន​ទៅ​ទស្សនា​រឿង​វិបល្លាស ជាមួយ​មិត្ត​ភ​ក្ត​៥​នាក់​ទៀត​នោះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បាន​មើល​រួចហើយ សាច់រឿង​ល្អ​ណាស់ គ្មាន​ឈុត​កាច់​កុង ដណ្ដើម​ប្រុស​គ្នា​អត់​ប្រយោជន៍​ដូច​រឿង​ខ្លះ​ទេ ។ តួ​សម្ដែង​ឡូយ​ណាស់ ដើរតួ​យ៉ាង​សម មិន​ចាញ់​តួ​បរទេស​ទេ គ្រាន់បើ​ជាង​រឿង​បរទេស​ខ្លះ​ផង​»​។​
 
​មិន​ត្រឹមតែ​អ្នកទស្សនា​ទេ ដែល​សរសើរ​រឿង​វិបល្លាស​នេះ សូម្បីតែ​អ្នកដឹកនាំ​រឿង​ជើងចាស់​នៅ​កម្ពុជា​មួយចំនួន ក៏​គាំទ្រ​ដល់​សាច់រឿង និង​ភាព​ប៉ិនប្រសប់​របស់​តួ​សម្ដែង​ដែរ​។ លោក ជូ ដាវី អ្នកដឹកនាំ​រឿង​«​កោះ​ពេជ្រ​& Golden Slumber» បានបង្ហាញ​ទស្សន​យ៉ាង​ដូច្នេះ​ថា​៖«​វិបល្លាស​/​រចនា បង្ហាញថា​វិស័យ​ភាពយន្ត​របស់​កម្ពុជា​បាន​រីកចម្រើន​ច្រើនណាស់​។​ខ្ញុំ​ភ្ញាក់​ខ្លាំង​ទៅលើ​គុណភាព​សម្ដែង និង​គុណភាព​រឿង​ទាំងមូល បើទោះជា​ក្រុម​អ្នក​ផលិត​នៅ​ថ្មី​ក្នុង​ការផលិត​ក៏ដោយ​»​។​
 
​ក្នុង​រឿង​វិបល្លាស ដែល​បង្ហាញ​ពី​ជំងឺ​បាក់​ទឹកចិត្ត​នេះ បាន​តម្រូវ​ឲ្យ​តួអង្គ​រចនា សម្ដែង​ឈុត​ផឹកស្រា ជក់បារី ឈុត​ឆាក​ថើប និង​ស៊ិ​ច​ស៊ី​ជាដើម​។ ប៉ុន្តែ​ទម្រង់​រឿង​បែបនេះ វា​មិនបាន​ផ្ដល់​ការ​វិបាក​ដល់ក​ញ្ញា វី​និច្ច វិ​រៈ ដែល​ដើរតួ​អង្គ រចនា ឡើយ ។​« ខ្ញុំ​គិតថា​វា​ជា​សិល្បៈ ដូច្នេះ​បើ​ទៅ​គឺ​ទៅ​ឲ្យ​កប់​តែម្ដង​។ សម្រាប់​ខ្ញុំ​តួអង្គ​រចនា​ពិសេស​មែនទែន ហើយ​ប្លែក​ភ្នែក​នៅក្នុង​សង្គម​របស់​យើង វា​អាចមាន​ការរិះគន់​ពី​អ្នក​នៅ​ខាងក្រៅ​តែ​សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​តួអង្គ​រចនា​នេះ មាន​ភាពរស់រវើក​»​។ នេះ​ជាការ​បញ្ជាក់​របស់​កញ្ញា វី​និច្ច វិ​រៈ​។​


 
​ពិតណាស់​វា​អាចជា​មោទកភាព សម្រាប់​កញ្ញា សុធា អ៊ី​ណេ​ស និង​ក្រុមការងារ ដែល​បាន​ដឹកនាំ​រឿង​វិបល្លាស​នេះ​។ ប៉ុន្តែ​វា​មិនទាន់​អាច​ឲ្យ​កញ្ញា អ៊ី​ណេ​ស និង​ក្រុមការងារ មាន​អំណរ​ខ្លាំង​នៅឡើយ​ទេ​។ មិនទាន់​អាច​ត្រេកអរ ដោយសារតែ​អ្នកទស្សនា​មួយចំនួន មិនទាន់​ផ្ដល់​តម្លៃ​ខ្លាំង​ដល់​ភាពយន្ត​ខ្មែរ​។​ត្បិត​សាច់រឿង​ល្អ និង​តួ​សម្ដែង​បាន​យ៉ាង​ល្អ ប៉ុន្តែ​រឿង​វិបល្លាស​នៅ​ទទួលបាន​អ្នក​អ្នកទស្សនា​ចំនួន​តិច ខុសពី​ក្តី​រំពឹង​នៅឡើយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ កញ្ញា សុធា អ៊ី​ណេ​ស បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្សែភាពយន្ត​វិបល្លាស​នេះ ចំណាយ​ទឹកប្រាក់​ថត​៤​ម៉ឺន​ដុល្លារ ហើយ​មកដល់ពេលនេះ​ទឹកប្រាក់​ដែល​បានមក​ការលក់​សំបុត្រ​ទស្សនា មិនទាន់​ក្បែរ​ទឹកប្រាក់​ចំណាយ​នោះទេ ខណៈដែល​សំបុត្រ​ដាក់លក់​៤​ពាន់​សំបុត្រ មិនទាន់​លក់​អស់​នៅឡើយ​»​។​
 
​បើតាម​កញ្ញា សុធា អ៊ី​ណេ​ស កត្តា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​មាន​អ្នកទស្សនា​តិច​នោះ​រួមមាន​៖ អ្នក​មិនទាន់បាន​ទស្សនា​នៅ​មិនទាន់​ទុកចិត្ត អ្នក​ផលិត​រឿង ក៏ដូចជា​តួអង្គ​, ការចាក់​បញ្ចាំង​ចេញ​ខុស​ម៉ោង នឹង​ខុសពេល ,​ម៉ោង​ដែល​រោងកុន​ដាក់​ឲ្យ​ទស្សនា គឺ​ពិបាក​ឲ្យ​អ្នក​មើលទៅ​មើល​បាន​, រឿង Hollywood blockbuster ចេញមក​បន្តបន្ទាប់​គ្នា និង​ពេលវេលា​ដែល​ដាក់​បញ្ចាំងភាពយន្ត​ខ្មែរ​មាន​រយៈពេល​ខ្លី​ជាដើម​។​


 
​ខ្សែភាពយន្ត​បរទេស ដែល​ហូរ​ចូល​កម្ពុជា​បច្ចុប្បន្ន មាន​ចំនួន​២៤០​រឿង​ក្នុង​មួយឆ្នាំ ខណៈ​ការផលិត​ក្នុងស្រុក​បានត្រឹមតែ​២៥​ប៉ុណ្ណោះ​។ កម្ពុជា​បាន​ខាតបង់​ថវិកាជាតិ មិនតិចជាង​១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​ការនាំ​ចូល​ភាពយន្ត​បរទេស មកចាក់​បញ្ចាំង​នៅក្នុង​ប្រទេស​កម្ពុជា​។​នេះ​បើតាម​លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត ដែល​កំពុង​ព្រួយបារម្ភ​ពី​ការធ្លាក់ចុះ​នៃ​វិស័យ​ភាពយន្ត​កម្ពុជា​។​
 
​បញ្ហា​ដែល​លោក ឆាយ បូរ៉ា មើលឃើញ​នោះ បណ្ដាល​មក​ពលរដ្ឋ​ខ្មែរ​ឲ្យ​តម្លៃ​ខ្សែភាពយន្ត​បរទេស​ខ្ពស់ ជាង​ភាពយន្ត​ខ្មែរ​, បញ្ហា​ពន្ធដារ​ក្នុង​វិស័យ​ភាពយន្ត​, ផលិតករ​ភាពយន្ត​ខ្មែរ នៅ​ខ្វះ​សមត្ថភាព​ក្នុងការ​ផលិត និង​កង្វះ​ការយកចិត្ត​ទុក​ពី​រដ្ឋាភិបាល​លើ​វិស័យ​ភាពយន្ត​ជាដើម​។ បើតាម​លោក ឆាយ បូរ៉ា ក្នុងចំណោម​ខ្សែភាពយន្ត​ខ្មែរ ចំនួន​១០​រឿង គឺមាន​តែ​២​រឿង​ប៉ុណ្ណោះ ដែល​អាច​ទទួលបាន​ប្រាក់ចំណេញ​ខ្លះ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។​
 
​បញ្ហា​ខាងលើនេះ ក៏​ជា​ក្តី​ព្រួយបារម្ភ​របស់​កញ្ញា អ៊ី​ណេ​ស ដែលមាន​កង្វល់​ពី​បញ្ហា​ថវិកា ក្នុងការ​ផលិត​និង​ផ្សព្វផ្សាយ​ភាពយន្ត​ដែរ​។ ប៉ុន្តែ​កញ្ញា អ៊ី​ណេ​ស មិន​បោះបង់ចោល​គោលបំណង​ដែល​ចង់​លើកស្ទួយ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​នោះទេ​។​ស្ដ្រី​ផលិតករ​វ័យក្មេង​រូបនេះ នៅតែ​ប្ដេជ្ញាចិត្ត​ថា នៅតែ​និពន្ធ​សាច់រឿង​លក្ខណៈ​អប់រំ​នេះ​បន្តទៀត ដោយ​ស្វែងរក​យុត្តិសាស្ត្រ​ថ្មី​ក្នុងការ​ផ្សព្វផ្សាយ ធ្វើ​ឲ្យ​យ៉ាងណា​ទាញ​ចិត្ត​ពលរដ្ឋ​ឲ្យ​ងាក​មក​គាំទ្រ​ភាពយន្ត​ខ្មែរ​វិញ​៕ 







Tag:
 វិបល្លាស​
  Viplas
  ​រចនា​
 ​ បាក់​ទឹកចិត្ត​
 ​ សិល្បៈ​
 ​ ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com