អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អង្គការសិទ្ធិមនុស្ស​បួន ទទូច​UN​ឲ្យ​បញ្ជូន​សំណុំរឿង​មី​យ៉ាន់​ម៉ា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
12, May 2018 , 9:19 pm        
រូបភាព
ដោយ:
​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​បួន បានរួម​គ្នា​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ចាត់​បញ្ជូន​សំណុំរឿង​មី​យ៉ាន់​ម៉ា​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ( ICC ) ដើម្បី​ទទួលខុសត្រូវ​លើ​វិបត្តិ​មនុស្សជាតិ​នៃ​ជនភៀសខ្លួន​។ ក្រុម​សង្គម​ស៊ីវិល បាន​អះអាងថា ពួកគេ​មាន​អ​ណះ​អំ​ណា​ង​គ្រប់គ្រាន់​សម្រាប់​ចោទប្រកាន់​មី​យ៉ាន់​ម៉ា​។


​អង្គការសិទ្ធិមនុស្ស​ធំៗ រួមមាន អង្គការ​លើកលែងទោស​អន្តរជាតិ​, អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ,​មជ្ឈមណ្ឌល​សកល​សម្រាប់​ការទទួលខុសត្រូវ​លើ​ការការពារ និង អង្គការ Fortify Rights បាន​អះអាងថា វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​មេដឹកនាំ​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ទៀតផង ។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Times នៅ​ថ្ងៃ​១០ ឧសភា លោក Matthew Smith​តំណាង​អង្គការ Fortify Rights បាន​លើកឡើងថា​តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាត គួរតែ​ស៊ើបអង្កេត​លើ​ភស្តុតាង​ជាច្រើន​ពាក់ព័ន្ធ​អំពើ​ប្រល័យពូជសាសន៍ ដែល​ប្រព្រឹត្តឡើង​ប្រឆាំងនឹង​ក្រុម​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​នៅក្នុង​រដ្ឋ​រ៉ា​ខាន​របស់​មី​យ៉ាន់​ម៉ា ។ លោក អះអាងថា អង្គកា​របស់លោក មាន​ភស្តុតាង ដែល​បញ្ជាក់ថា​មាន​មន្ត្រីជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ជាច្រើន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ ។ 
 
​ជាមួយគ្នានេះ តំណាង​អង្គការ​លើកលែងទោស​អន្តរជាតិ ក៏បាន​ស្នើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ ដោយ អះអាងថា សហគមន៍​អន្តរជាតិ គ្មាន​ជម្រើស​អ្វី​ទៀតឡើយ​ក្រៅពី​បញ្ជូន​សំណុំរឿង​មី​យ៉ាន់​ម៉ា​ទៅកាន់ តុលាការ​នោះ​។ បន្ថែម​ពីនេះ តំណាង​មជ្ឈមណ្ឌល​សកល​សម្រាប់​ការទទួលខុសត្រូវ​លើ​ការពារ ក៏​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ ចាប់ផ្តើម​ព្រាង​សេចក្តីសម្រេច​មួយ​ដើម្បី​បញ្ជូន​មី​យ៉ាន់​ម៉ា​ទៅកាន់​តុលាការ​ផងដែរ ។ 
 
​ស្រដៀង​គ្នា​នេះដែរ តាមរយៈ​សន្និសីទ​សារព័ត៌មាន ដែល​ធ្វើឡើង​ក្រោយ​មួយ​សប្តាហ៍​នៃ​ការបញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ក្រុមប្រឹក្សាសន្តិសុខ​មកកាន់​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​លើកឡើងថា ដំណោះស្រាយ​តាម​ការទូត​មិនអាច​ដោះស្រាយ​លើ​វិបត្តិ​នេះ​បានឡើយ ខណៈ មន្ត្រី​មី​យ៉ាន់​ម៉ា ក៏​គ្មាន​ឆន្ទៈ​ដោះស្រាយ​ទៀត ។ 
 
​អ្វីដែល​គួរកត់សម្គាល់​នោះ មី​យ៉ាន់​ម៉ា​មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ​ពោលគឺ តុលាការ​មិនមាន​យុត្តាធិការ​លើ​មី​យ៉ាន់​ម៉ា​ឡើយ​។ ថ្មីៗ​នេះ រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក៏​ថ្លែង​ពី​ចេតនា​ក្នុង​ការចាត់​វិធាន​តាមច្បាប់​អន្តរជាតិ​ប្រឆាំង​មី​យ៉ាន់​ម៉ា​ផងដែរ ក៏ប៉ុន្តែ លោកស្រី​បញ្ជាក់​ពី​ផល​លំបាក​នៃ​កង្វះ​យុត្តាធិការ​នោះឯង​៕ 

Tag:
 UN
  ICC
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com