អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តួ​ក​គី និង​រុស្ស៊ី​៖ «​លោក ត្រាំ ដក​អាមេរិក​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ុ​រ៉ង់ ជា​កំហុសឆ្គង​»
12, May 2018 , 10:39 pm        
រូបភាព
​មេដឹកនាំ​តួ​ក​គី និង​រុស្ស៊ី​ហៅ​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​ដើម្បី​ចាក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ (JCPOA) នោះ​ថា​កំហុសឆ្គង​មួយ​។ មេដឹកនាំ​ប្រទេស​ទាំងពីរ​ប្តេជ្ញាចិត្ត​ក្នុងការ​បន្ត​ការពារ​និង​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ទៅមុខទៀត​ដើម្បី​ទប់ស្កាត់​អ៊ីរ៉ង់​ផលិត​នុយក្លេអ៊ែរ និង​រក្សា​សន្តិភាព​តំបន់​ផង​។


​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan និង​សម​ភាគី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​របស់​ក្រុង​វ៉ា​ស៊ី​តោន​កាលពីដើម​សប្តាហ៍​កន្លងទៅ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សាយ​ថា មេដឹកនាំ​ទាំងពីរ​បាន​ជជែក​គ្នា​ពី​បញ្ហា​អ៊ីរ៉ង់​នៅ​នៅក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​នៅ​ថ្ងៃ​សុក្រ​ទី ១១ ខែឧសភា​។ លោក​ទាំងពីរ​ជឿជាក់ថា ការសម្រេចចិត្ត​របស់​លោក ដូ​ណា​ល់ ត្រាំ គឺ​«​ខុស​» ទាំងស្រុង​ព្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ជោគជ័យ​នៃ​នយោបាយ​ការទូត​ដែល​គ្រប់គ្នា​គួរ​ថែរក្សា​។​
 
​ក្រៅពី​រិះគន់​អាមេរិក ប្រមុខរដ្ឋ​តួ​ក​គី និង​រុស្ស៊ី​បាន​កត់សម្គាល់ថា ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​ជា​វិធី​តែមួយគត់​ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​ពិភពលោក និង​តំបន់​។ លោក​ក៏បាន​ប្រកាស​ប្តេជ្ញាចិត្ត​បន្ត​សហការគ្នាជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ទៅមុខទៀត​ដែរ​។ 
 
​តួ​ក​គី​កន្លងមក​បាន​សហការ​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​ក៏ដូចជា​អ៊ីរ៉ង់​ដែរ​ក្នុងការ​ដោះស្រាយ​បញ្ហា​ស៊ី​រី ហើយ​សម្ព័ន្ធ​ត្រីភាគី​នេះ​បានរួម​ចំណែក​សំខាន់​ដែរ​ក្នុង​ការជំរុញ​ការពិភាក្សា​សន្តិភាព​ស៊ី​រី ជាពិសេស​ការបង្កើត​តំបន់​សុវត្ថិភាព​សម្រាប់​ជន​ស៊ីវិល​នោះ​។​
 
​ខណៈ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី តួ​ក​គី​លែងមាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​អាមេរិក​ដូច​មុន​ហើយ​។ ទំនាក់ទំនង​នេះ​ល្អក់កករ​ខ្លាំង​ចាប់ពី​រដ្ឋប្រហារ​បរាជ័យ​មួយឆ្នាំ ២០១៦ ហើយ​អាមេរិក​បន្ត​គាំទ្រ​ក្រុម​ឧទ្ទាម​ឃឺ​ដ​នៅ​ស៊ី​រី​ថែម​ទៀតផង​។ 
 
​ត្រឡបមកវិញ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវបាន​សម្រេច​ជា​ផ្លូវការ​ក្នុង​ខែកក្កដា​ឆ្នាំ ២០១៥ ដោយ​មហាអំណាច​ប្រាំ​បូក​អាល្លឺម៉ង់​ជាមួយ​អ៊ីរ៉ង់​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ​អ៊ីរ៉ង់​ព្រម​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​។ ប៉ុន្តែ​លោក ត្រាំ ទិតៀន​កិច្ចព្រមព្រៀង​នេះ​តាំងពី​ពេល​ឃោសនា​មកម្ល៉េះ​។ ដូច្នេះហើយ​បានជា​លោក​សម្រេច​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់​ឡើងវិញ និង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​ថែមទៀត ហើយ​លោក​ក៏​រំពឹង​ស្វែងរក​លទ្ធភាព​ដាក់​គំនាប​លើ​អ៊ីរ៉ង់​តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង​ថ្មី​មួយ​ផង​។ ប៉ុន្តែ​វា​ហាក់ដូចជា​ពិបាក​សម្រេច​ព្រោះ​សម្ព័ន្ធមិត្ត​អាមេរិក​ទាំងអស់​នៅ​អឺរ៉ុប រួមទាំង​អ៊ីរ៉ង់​ផង​នោះ​មិន​យល់ស្រប​ចំពោះ​ការចរចា​ឡើងវិញ​ឡើយ​៕

Tag:
 ដូ​ណា​ល់ ត្រាំ​
  រុស្ស៊ី​
  តួ​ក​គី​
  កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​
  JCOPA
© រក្សាសិទ្ធិដោយ thmeythmey.com