កីឡាជាតិ
ជាតិ
ប្រាក់ មុន្នី​ឧ​ត្ត​ម ចាត់ទុក​បរាជ័យ​ដំបូង​នៅ​ម៉ាឡេស៊ី​ជា​បទពិសោធ និង​មេរៀន​ដ៏​ល្អ​សម្រាប់​អនាគត​
12, May 2018 , 2:55 pm        
រូបភាព
ដោយ:
​ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​បញ្ចេញ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​លើកដំបូង ក្រោយ​ចែកផ្លូវ​ជាមួយ​ក្លិប​Negeri Sembilan នៃ​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី​។ ប្រាក់ មុន្នី​ឧ​ត្ត​ម ប្តេជ្ញា​យក​បទពិសោធ​បរាជ័យ​លើកដំបូង​នៅ​ម៉ាឡេស៊ី ធ្វើជា​មេរៀន​អភិវឌ្ឍន៍ សមត្ថភាព​របស់គេ​ទៅ​ថ្ងៃ​អនាគត​។

 
​ខ្សែបម្រើ​ឆ្នើម​កម្ពុជា ប្រាក់ មុន្នី​ឧ​ត្ត​ម បានចាត់ទុក​ការបរាជ័យ​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី ជា​បទពិសោធ​ក្រៅប្រទេស​ដំបូង​សម្រាប់​រូបគេ​។ តាមរយៈ​ការ​ប្រឡូក​ជាមួយ​ក្លិប​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី​ជាច្រើន​ខែ​មកនេះ ធ្វើ​ឲ្យ ប្រាក់ មុន្នី​ឧ​ត្ត​ម ទទួលបាន​បទពិសោធ​សមល្មម ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​ឲ្យ​កាន់តែ​ល្អប្រសើរ​។ 
 
​ក្រោយ​ចែកផ្លូវ​ជាមួយ Negeri Sembilan ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​បញ្ចេញ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ពេលនេះ​អ្វីៗ​ត្រូវបាន​ចប់​ហើយ អ្វីដែល​សំខាន់​នោះ គឺ​ថ្ងៃ​ត​ទៅមុខទៀត ខ្ញុំ​នឹង​យក​បទ​ពិ​សោ​ធ៏​ទាំងអស់នោះ មក​ហាត់រៀន​បន្ថែមទៀត ព្រោះនេះ​ជា​លើកដំបូង​»​។ 
 
​អតីត​ប្រធាន​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​រូបនេះ​បាន​លើកឡើងថា សម្រាប់​កីឡាករ​គ្មាន​ឡើយ​ពាក្យ​ថា​គ្រប់គ្រាន់​។ ក្នុងន័យ​រូបគេ​ចង់​បញ្ចា​ក់ថា កីឡាករ​គ្រប់រូប​ត្រូវ​ព្យាយាម​ហ្វឹកហាត់​ជាប្រចាំ ពិសេស​ស្វែងរក​អ្វីដែល​ថ្មី​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព​។ «​ពាក្យ​ថា​កីឡាករ គឺ​គ្មាន​ថ្ងៃ​គ្រប់គ្រាន់​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​។​
 
​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ត្រូវបាន​ក្លិប Negeri Sembilan របស់​ម៉ាឡេស៊ី​ប្រកាស​ចែកផ្លូវ​កាលពី​ថ្ងៃទី​១១ ឧសភា ក្រោយ​រូបគេ​បានបង្ហាញ​ខ្លួន​ជិត​ពាក់កណ្តាល​រដូវ​កាល​។ ក្រោយ​បញ្ចប់​កុងត្រា​មុន​កំណត់​ជាមួយ មុន្នី​ឧ​ត្ត​ម ក្លិប​នេះ​បានដាក់​ខ្សែប្រយុទ្ធ​ហ្វីលីពីន Angel Guirado ជំនួស​វិញ​ម្តង ក្នុងនាម​កីឡាករ​បរទេស​កូតា​អាស៊ាន​៕  

Tag:
 បាល់ទាត់​
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
  Negeri Sembilan
© រក្សាសិទ្ធិដោយ thmeythmey.com