ជាតិ
ក្រមា​វែង​ជាងគេ ត្បាញ​បាន​ជាង ៦០០​ម៉ែត្រ​ហើយ និង​មាន​អ្នកចូលរួម​ត្បាញ​ជិត ១​ម៉ឺន​នាក់​
14, May 2018 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ យុទ្ធនាការ «​បំបែក​ឯតទគ្គ​កម្ម​ក្រ​មា​វែង​ជាងគេ​លើ​ពិភពលោក​» ដែល​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី ១៤ កុម្ភៈ រហូតមកដល់​ពេលនេះ ត្បាញ​បាន​ជាង​៦០០​ម៉ែត្រ​ហើយ ដោយមាន​អ្នកចូលរួម​ត្បាញ​ជិត ១​ម៉ឹ​ន​នាក់់​។ បើតាម​របាយការណ៍រ​បស់​ក្រុមការងារ GoGo Cambodia  អ្នក​ដែល​ចូលរួម​ទស្សនា​កម្សាន្ត​ក្នុង​ទីតាំង​យុទ្ធនាការ​នេះ មាន​ជាង ១​សែន ៥​ម៉ឺន​នាក់​ផងដែរ​។​


​រយៈពេល​ជាង ៣​ខែ​កន្លងមកនេះ យុទ្ធនាការ​ក្រមា បាននិងកំពុង​ដំណើរកា​រ​យ៉ាង​រលូន​ជាមួយនឹង​ការចូលរួម​ពី​សាធារណជន ប្រជាជន​ខ្មែរ ក្នុងការ​ចូលរួម​ត្បាញ​ក្រមា ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​។ ក្នុង​ដំណើរការ​នៃ​ការ​ត្បាញ​ក្រមា​នេះ មានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ រួមទាំង​សិស្ស​និស្សិត មន្ត្រីរាជការ និង​ស្ថាប័ន​នានា ដើម្បី​ចូលរួម​ត្បាញ​ជា​រៀងរាល់ថ្ងៃ​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១០ ឧសភា ក្រុមការងារ​ចលនា GoGo Cambodia បញ្ជាក់ថា យុទ្ធនាការ «​បំបែក​ឯតទគ្គ​កម្ម​ក្រ​មា​វែង​ជាងគេ​លើ​ពិភពលោក​»  ដែល​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី ១៤ កុម្ភៈ​នេះ មាន​អ្នកចូលរួម​ត្បាញ​ជិត ១​ម៉ឺន​នាក់ ដោយ​ត្បាញ​បាន​ជាង ៦០០​ម៉ែត្រ​មកហើយ​។ ក្រុមការងារ​ចលនា GoGo  Cambodia បន្ថែមទៀតថា ស្រប​នឹង​ទិន្នន័យ​ខាងលើ ក៏បាន​ឆ្លុះបញ្ចាំង​ពី​ការចូលរួម និង​ការលះបង់​របស់​ក្រុម​ងារ និង​យុវជន​ស្ម័គ្រចិត្ត ដែល​សម្របសម្រួល​ក្នុង​ទីតាំង​នេះ​ផងដែរ​។ 


 
​តាមរយៈ​លទ្ធផល​នៃ​ការចូលរួម​ត្បាញ​ក្រមា ពី​សំណាក់​សាធារណជន​នានា ក្រុមការងារ​យុទ្ធនាការ​ក្រមា នៅតែ​បន្ត​ជំរុញ​ឲ្យ​មានការ​ចូលរួម​បន្ថែម តាមរយៈ​ការអញ្ជើញ​មក​ត្បាញ និង​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​។ ជាមួយគ្នានេះ ទីតាំង និង​ដំណើរការ​នៃ​ការ​ត្បាញ​ក្រមា​១០០០​ម៉ែត្រ​នេះ គឺ​បើក​ឲ្យ​ចូលរួម​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​គិតពី​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ថ្ងៃ​ឈប់សម្រាក​នោះឡើយ​។​
 
​សូមបញ្ជាក់ថា អ្នកចូលរួម​ត្បាញ​ម្នាក់ អាច​ត្បាញ​ក្រមា​បានតែ​ពីរ​សរសៃ​ប៉ុណ្ណោះ​ក្នុង​មួយ​លើក ហើយ​ក្នុង​ម្នាក់ៗ​អាច​ច្រើនដង​បាន តាម​ដែល​ពួកគាត់​មាន​ពេលវេលា​ទំនេរ​អាច​ចូលរួមបាន​នៅលើ​ក​ក្រោយ​។ យុទ្ធនាការ «​បំបែក​ឯតទគ្គ​កម្ម​ក្រ​មា​វែង​ជាងគេ​លើ​ពិភពលោក​» ធ្វើឡើង​ដើម្បី​លើកកម្ពស់​មោទកភាព​ជាតិ តាមរយៈ​ស្នាដៃ​មួយ ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ និង​ការបង្ក​បរិយាកាស​ចូល​រួមចំណែក​ពី​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ថែរក្សា និង​លើកស្ទួយ មរតក​វប្បធម៌​ខ្មែរ​៕



Tag:
 ក្រមា​១​ពាន់​ម៉ែត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com