អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាវា​ដឹក​យន្តហោះ​ទី​ពី​របស់​ចិន​ចាប់ផ្ដើម​សាកល្បង​នៅ​លម្ហ​សមុទ្រ​
13, May 2018 , 10:39 pm        
រូបភាព
នាវាដឹក​​​យន្តហោះ​​​ទីពីររ​​​បស់ចិន (រូបភាព Xinhua)
នាវាដឹក​​​យន្តហោះ​​​ទីពីររ​​​បស់ចិន (រូបភាព Xinhua)
​នៅ​ថ្ងៃទី​១៣ ខែឧសភា នាវា​ដឹក​យន្តហោះ​ផលិត​ក្នុងស្រុក​ដំបូង​គេ​របស់​ចិន បានចាប់ផ្ដើម​ការធ្វើ​តេស្ត​នៅ​លម្ហ​សមុទ្រ មុននឹង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវការ​។ នាវា​ដឹក​យន្តហោះ Type 001A ដែលជា​នាវា​ដឹក​យន្តហោះ​ទី​ពីរ​របស់​ចិន នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​កងទ័ព​របស់​ចិន​ក្នុង​ការធ្វើ​ទំនើបកម្ម​យោធា​ជើង​ទឹក​។ ចិន​បាន​ក្លាយជា​សមាជិក​ក្រុម​ប្រទេស​មួយចំនួន​តូច​ដែលមាន​នាវា​ដឹក​យន្តហោះ​ធុន​ធ្ងន់​បែបនេះ​បម្រើការ​ក្នុង​ជួរ​យោធា​របស់ខ្លួន​។​

 
​នាវា​ដឹក​យន្តហោះ Type 001A បាន​ចាក​ចេញពី​កំពង់ផែ Dalian ក្នុង​ខេត្ត Liaoning នៅ​ថ្ងៃទី​១៣ ខែឧសភា ក្នុង​ដំណើរ​ទៅកាន់​សមុទ្រ​ដើម្បី​ធ្វើតេស្ត​សមត្ថភាព​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV ផ្សាយ​ថា នាវា​ដឹក​យន្តហោះ​ផលិត​ក្នុងស្រុក​ដំបូង​គេ​នេះ ត្រូវបាន​អមដំណើរ​ដោយ​នាវា​យោធា​តូចៗ​មួយចំនួនទៀត និង​បាន​ចាក​ចេញពី​កំពង់​រួច​តម្រង់​ទៅកាន់​សមុទ្រ​តែម្ដង​។​
 
​ក្នុងការ​ធ្វើតេស្ត​សាកល្បង​នេះ នាវា​ដឹក​យន្តហោះ​ដែល​បានដាក់​ដំណើរការ​កាលពី​ឆ្នាំមុន នឹង​សាកល្បង​ម៉ាស៊ីន ប្រព័ន្ធ​រុញច្រាន​ទៅមុខ ក៏ដូចជា​ប្រព័ន្ធ​នាវាចរណ៍​របស់​នាវា​នេះ​។ នាវា​ដឹក​យន្តហោះ​នេះ ត្រូវបាន​រំពឹងថា នឹងដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នៅ​ឆ្នាំ​២០២០ ដែល​ក្លាយជា​នាវា​ដឹក​យន្តហោះ​ទី​ពីរ​របស់​ចិន និង​ចំពេល​ដែល​ចិន​កំពុង​ពង្រីក​អានុភាព​យោធា​ជើង​ទឹក​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​តំបន់​ប៉ាស៊ីហ្វិក​។​
 
​សព្វថ្ងៃនេះ ចិន​ក៏មាន​នាវា​ដឹក​យន្តហោះ​មួយ​ដែរ​មាន​ឈ្មោះថា Liaoning ដែល​ទិញ​ពី​អ៊ុយ​ក្រែ​ន រួច​ទើប​កែប្រែ​តាម​ក្រោម និង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១២ ។ ប៉ុន្តែ​ទាំង​នាវា​ដឹក​យន្តហោះ Liaoning ទាំង Type 001A មិនមែន​ដំណើរការ​ដោយ​ថាមពលនុយក្លេអ៊ែរ​ឡើយ ប៉ុន្តែ​អាច​ផ្ទុក​យន្តហោះ​ដល់​ទៅ​៤០​គ្រឿង​ឯណោះ​។ នាវា​ទាំងពីរ​មាន​សណ្ឋាន​ដូចគ្នា ដោយ​ខាងមុខ​ងើប​បន្តិច ប្រើប្រាស់​ប្រព័ន្ធ​រុញ​ស៊េរី​ចាស់​ដើម្បី​ឲ្យ​យន្តហោះ​អាច​ហោះ​បាន​។ 
 
​វត្តមាន​នាវា​ដឹក​យន្តហោះ​ដែល​ក្រសួងការពារជាតិ​ចិន​ប្រកាសថា មាន​ទម្ងន់​ដល់​ទៅ​៥៥០០០​ពាន់​តោន ធ្វើ​ឲ្យ​ចិន​ស្ថិត​ក្នុងចំណោម​ប្រទេស​មាន​នាវា​ច្បាំង​ធុន​ធ្ងន់​ដូចជា​អាមេរិក បារាំង រុស្ស៊ី អង់គ្លេស ឥណ្ឌា និង​រុស្ស៊ី​។ អាមេរិក​ជា​ប្រទេស​ដែលមាន​នាវា​ដឹក​យន្តហោះ​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក ហើយ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ទៅទៀត ខណៈ​អង់គ្លេស រុស្ស៊ី បារាំង និង​ឥណ្ឌា​មាន​ម្នាក់​មួយគ្រឿង​ប៉ុណ្ណោះ​។​
 
​ការពង្រីក​ឥទ្ធិពល​របស់​ចិន ធ្វើ​ឲ្យ​ប្រទេស​មួយចំនួន​ដែលមាន​ជម្លោះ​ជាមួយ​ចិន​បារម្ភ​ខ្លាំង​។ នាពេល​ចុង​ក្រោយនេះ កងទ័ពជើងទឹក​ចិន​បានធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​តំបន់​ក្បែ​កោះ​តៃវ៉ាន់​ដោយមាន​នាវា​ដឹក​យន្តហោះ និង​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៀត​។ តៃវ៉ាន់​ហាក់​បារម្ភ​ថា ចិន​អាច​ប្រើ​កម្លាំងយោធា​ដើម្បី​ដណ្ដើម​ត្រួតត្រា​ដែន​កោះ​នេះ ដែល​ចាត់ទុកជា​អាណាខេត្ត​មិនអាច​ផ្ដាច់​បាន ឯ​ប្រទេស​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក៏​មិនសូវ​ដេកលក់​ប៉ុន្មាន​ដែរ​៕

Tag:
 ចិន​
  នាវា​ដឹក​យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com