ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​យុវជន​ស្ម័គ្រចិត្ត​ក្នុង​គម្រោង​ក្រមា​១​ពាន់​ម៉ែត្រ បាន​រៀនសូត្រ​អ្វីខ្លះ ពី​យុទ្ធនាការ​នេះ​?
13, May 2018 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ យុវជន​ស្ម័គ្រចិត្ត​ជិត ៣០០​នាក់ កំពុង​ចូលរួម​យុទ្ធនាការ «​បំបែក​ឯតទគ្គ​កម្ម​ក្រ​មា​វែង​ជាងគេ​លើ​ពិភពលោក​» នៅក្នុង​បរិវេណ​វាល​ព្រះមេរុ​។ ពួកគេ​ជា​អ្នកផ្ដល់​ព័ត៌មាន​, ចុះឈ្មោះ​អ្នក​ហាត់រៀន​, អ្នកសម្របសម្រួល​ជាដើម​។ នេះ​ជា​គម្រោង​ការងារ​ស្ម័គ្រចិត្ត​រយៈពេល​យូរ​មួយ ប៉ុន្តែ​ពួកគេ​រីករាយ​នឹង​គម្រោង​មួយ​នេះ​។ ពួកគេ​ចង់ឃើញ​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​។​

 
​នៅ​ច្រកចូល​នៃ​បរិវេណ​ព្រះមេរុ មាន​រោង​ផ្ដល់ព័ត៌មាន​នៅ​ខាងឆ្វេង​ដៃ​មួយកន្លែង​។ មាន​យុវជន​ស្ម័គ្រចិត្ត​មួយក្រុម កំពុងផ្ដល់​ព័ត៌មាន​ដល់​អ្នក​មក​ទស្សនា​យុទ្ធ​នា​ការ​គម្រោង​ក្រមា​១​ពាន់​ម៉ែត្រ​របស់​ក្រុមការងារ GoGo Cambodia​។ កញ្ញា លឹម សុជាតា ជា​យុវជន​ស្ម័គ្រចិត្ត​ម្នាក់ ក្នុងចំណោម​យុវជន​ស្ម័គ្រ​ជាង ៣00​នាក់ ដែល​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ក្នុង​យុទ្ធនាការ​ក្រមា​។ មាន​វ័យ ១៩​ឆ្នាំ សុជាតា​ដែលមាន​តួនាទី​ជា​អ្នកផ្ដល់​ព័ត៌មាន​នៃ​កម្មវិធី​ក្រមា​នេះ លើកឡើងថា​៖ «​ការចូលរួម​ស្ម័គ្រចិត្ត​ក្នុង​យុទ្ធនាការ​នេះ គឺ​ដើម្បី​បំផុសគំនិត​ឲ្យ​ពលរដ្ឋ​ខ្មែរ ចេះ​សាមគ្គី​គ្នា​ក្នុង​ការបង្កើត​ស្នាដៃ​អ្វីដែល​ថ្មី​។ ពិសេស​គឺ​ត្រូវ​ចាប់ផ្ដើម​ពី​ខ្លួនឯង ដើម្បី​ជា​គំរូ​ដល់​អ្នកដទៃ​»​។ 
 
​ជា​យុ​វជ​ស្ម័គ្រចិត្ត​នៃ​យុទ្ធនាការ​ក្រមា​អស់​រយៈពេល​៣​ខែ​មកហើយ  សុជាតា ត្រូវបាន​ហ្វឹកហ្វឺន​ឲ្យ​មាន​ភាព​អត់ធ្មត់​ជាង​មុន និង​ធ្វើ​ឲ្យ​នាង​អាច​ស្វែងយល់​ពី​តម្លៃ​នៃ​ក្រមា​កាន់តែច្បាស់​ផងដែរ​។ យុវតី​សម្បុរ​ស្រអែម​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ពេល​មិនទាន់​មក​ស្ម័គ្រចិត្ត​ក្នុង​យុទ្ធនាការ​នេះ ខ្ញុំ​គិតថា​ការ​ត្បាញ​ក្រមា មាន​ភាពងាយស្រួល និង​សាមញ្ញ​។ ប៉ុន្តែ​នៅពេល​ឃើញជាក់ស្ដែង ទើប​ដឹងថា​លំបាក ព្រោះ​ទម្រាំ​ចេញ​ជា​ក្រមា ត្រូវ​ឆ្លងកាត់​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​»​។​


 
​សុជាតា ក៏​ជា​មគ្គទេសក៍​មួយរូប​ផងដែរ ដែល​នាំ​ភ្ញៀវទេសចរ​អន្តរជាតិ ស្វែងយល់​ពី​ទីតាំង​នេះ​។ ជាគោលការណ៍​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ ជា​វេន​ប្រចាំការ​របស់​នាង​។ ប៉ុន្តែ​នាង​មក​ទីនេះ ជាប្រចាំ​នៅពេល​ទំនេរ​ពី​ការសិក្សា​។ «​វា​មិន​ខាត​ពេលវេលា​នោះទេ​សម្រាប់​ខ្ញុំ ដែល​មក​ទីនេះ​ញឹកញាប់​នោះទេ​។ ព្រោះ​វា​ជា​ផ្នែក​មួយ​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​យើង វា​ផ្ដើមចេញពី​ខ្លួន​យើង ដែលជា​ពលរដ្ឋ​ខ្មែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សុជា​តា​។ 
 
​ងាក​ចេញពី​ទីតាំង​ផ្ដល់ព័ត៌មាន​ដែល​នៅ​ច្រកចូល យើង​ក្រឡេកមើល​នៅ​ខាងឆ្វេង​ដៃ​វិញ នោះ​លោក​-​អ្នក នឹង​ឃើញ​រោង​មួយ ដាក់ឈ្មោះថា «​សាលា​សម្ដែង​»​។ «​សាលា​សម្ដែង​» នេះ បើកទ្វារ​ពេញ​មួយ​សប្ដាហ៍ ពី​ម៉ោង ៦:៣០​នាទី​ល្ងាច ដល់​ម៉ោង ៧:៣០​នាទី​យប់ ដោយមាន​ការសម្ដែង​សិល្បៈ​ជាច្រើន​ទម្រង់​។​
 
​កញ្ញា សន សំណាង ជា​យុវជន​ស្ម័គ្រចិត្ត​មួយរូប ដែលមាន​តួនាទី​ជា​អ្នកសម្របសម្រួល កម្មវិធី​អម​នៃ​សាលា​សម្ដែង​។ យុវតី​រាង​តូច​ច្រឡឹង​រូបនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ពេញ​ចិត្តនឹង​ការងារ​នេះ ទើប​ខ្ញុំ​មក​ស្ម័គ្រចិត្ត​នៅទីនេះ​។ ការស្ម័គ្រចិត្ត​នៅទីនេះ បាន​បង្រៀន​ខ្ញុំ នូវ​ការធ្វើការងារ​ជា​ក្រុម​, ចេះ​បត់បែន​, ការរៀបចំ​ឯកសារ និង​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​ជាដើម​»​។ 


 
​ជា​យុវជន​ស្ម័គ្រចិត្ត​ដូចគ្នា​ក៏ពិតមែន ប៉ុន្តែ​ការធ្វើការងារ គឺ​ខុសគ្នា​។ ជា​រៀងរាល់ថ្ងៃ សំណាង ត្រូវ​រៀបចំ​ក្រុមការងារ​សម្ដែង ដែល​នាង​បាន​សហការ​ជាមួយ​សមាគម​មួយ ដើម្បី​មក​សម្ដែង​ជូន​អ្នកទស្សនា​នៅក្នុង​សាលា​សម្ដែង​នេះ​។ បន្ថែម​លើ​នេះ ទោះបី​នាង​កាន់​ផ្នែក​សាលា​សម្ដែង​ក៏ដោយ ប៉ុន្តែ​នាង ក៏បាន​ស្វែងយល់​ពី​សារៈប្រយោជន៍​នៃ​ក្រមា​ផងដែរ​។ 
 
​ក្នុង​បរិវេណ​នេះ មាន​ទីតាំង​ច្រើន​ផ្សេងៗ​គ្នា ដោយ​ទីតាំង​សាលា​តម្បាញ នៅ​ឆ្ងាយ​ពី​ទីតាំង​សាលា​សម្ដែង និង​ទីតាំង​ផ្ដល់ព័ត៌មាន​។ កញ្ញា ម៉េង ប៉េង​ស៊ី​សៀង ជា​យុវជន​ស្ម័គ្រចិត្ត​ក្នុង​ទីតាំង​សាលា​តម្បាញ​។ នាង​មាន​តួនាទី​ជា​អ្នកផ្ដល់​លេខ​រៀង​ដល់​អ្នកចូលរួម​ត្បាញ​ក្រមា ១​ពាន់​ម៉ែត្រ​។ ប៉េង​ស៊ី​សៀង និយាយថា​៖ «​ខ្ញុំ​មក​ស្ម័គ្រចិត្ត​នៅទីនេះ ព្រោះ​ខ្ញុំ​ចាប់អារម្មណ៍​យុទ្ធនាការ​នេះ ដែល​និយាយ​ពី​ក្រមា​។ ពិសេស ចូលរួម​លើកស្ទួយ​ក្រមា​ខ្មែរ​ផង​»​។ 


 
​ទីតាំង​សាលា​តម្បាញ ជាទី​តាំង​ចុងក្រោយ​គេ ដែល​អ្នកចូលរួម​ត្រូវ​មក​ត្បាញ​ក្នុង​កី​១​ពាន់​ម៉ែត្រ​។ យុវតី​ដែលជា​កូន​អ្នក​ខេត្តបន្ទាយមានជ័យ​រូបនេះ បន្ថែមថា ការស្ម័គ្រចិត្ត​ធ្វើការ​ងារ​នៅទីនេះ បានធ្វើ​ឲ្យ​នាង​ដឹង​ច្រើន​ពី​ក្រមា ព្រោះ​នាង​នៅ​ជិត​អ្នក​មីងៗ ដែលមាន​ឯកទេស​ត្បាញ​ក្រមា​។ នាង​បាន​ជួយ​ការងារ​របស់​ពួកគាត់ និង​ស្គាល់​ពី​សម្ភារ​ផ្សេងៗ​ដើម្បី​ផលិត​បានជា​ក្រមា​ផងដែរ​។  
 
​ទាំង​សុជាតា​, សំណាង និង​ប៉េង​ស៊ី​សៀង ពិតជា​សប្បាយរីករាយ​ជាមួយ​ការងារ​ស្ម័គ្រចិត្ត​នេះ​ណាស់​។ ពួកគេ​យល់ថា ការងារ​ស្ម័គ្រចិត្ត អាចជួយ​កាត់បន្ថយ​ភាព​តានតឹង​ពី​ការសិក្សា​បាន ហើយ​ការស្ម័គ្រចិត្ត​នៅទីនេះ បាន​ជួប​មនុស្ស​ថ្មីៗ ដែលជា​ការរៀនសូត្រ​មួយបែប​ផងដែរ​។ ការស្ម័គ្រចិត្ត​របស់​ពួកគេ មិនមែន​ល្អឥតខ្ចោះ​នោះទេ​។ មានពេលខ្លះ ក៏មាន​ការស្ដីបន្ទោស​ពី​ក្រុមការងារ​ផងដែរ ប៉ុន្តែ​ពួកគេ​យល់ថា វា​ជាការ​ណែនាំ​ឲ្យ​ពួកគេ​ធ្វើការ​ងារ​ដោយ​ភាពច្បាស់លាស់​ប៉ុណ្ណោះ​។​
 
​គួរ​បញ្ជាក់ថា យុទ្ធនាការ «​បំបែក​ឯតទគ្គ​កម្ម​ក្រ​មា​វែង​ជាងគេ​លើ​ពិភពលោក​» ធ្វើឡើង​ដើម្បី​លើកកម្ពស់​មោទកភាព​ជាតិ តាមរយៈ​ស្នាដៃ​មួយ ដែល​នឹងមាន​ការទទួលស្គាល់​ជា​អន្តរជាតិ និង​ការបង្ក​បរិយាកាស​ចូល​រួមចំណែក​ពី​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ថែរក្សា និង​លើកស្ទួយ មរតក​វប្បធម៌​ខ្មែរ​៕













Tag:
 ស្ម័គ្រចិត្ត​
  យុវជន​
  ក្រមា​
© រក្សាសិទ្ធិដោយ thmeythmey.com