ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជប៉ុន នៅតែ​ទទូច​ឲ្យ​កម្ពុជា រៀបចំ​ការបោះឆ្នោត ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​
14, May 2018 , 3:41 pm        
រូបភាព
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​ខុសពី​បណ្តា​ប្រទេស​មួយចំនួន ជប៉ុន នៅតែ​បង្ហាញ​ការគាំទ្រ​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ ប៉ុន្តែ​ប្រទេស ដែល​ឧស្សាហ៍​ផ្តល់ជំនួយ​ឲ្យ​កម្ពុ​ជាមួយនេះ ឆ្លៀត​រំលេច​ពី​បំណង​របស់ខ្លួន ដោយ​ចង់​ឲ្យ​ការបោះឆ្នោត​នោះ ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។



​លោក Masato Otaka តំណាង​ក្រសួងការបរទេស​ជប៉ុន ជា​អ្នក​បង្ហាញ​ពី​បំណង​នេះ នៅពេល​លោក មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​ជួបពិភាក្សា​ជាមួយ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ សម្តី​របស់លោក Masato Otaka ដែល​លើកឡើង​ក្នុងជំនួប​ជាមួយ​លោក កែវ រ៉េមី ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​របស់​ជប៉ុន​ឈ្មោះ NHK​។

​សារព័ត៌មាន​នេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ជប៉ុន អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រៀបចំ​ការបោះឆ្នោត​នៅពេល​ខាងមុខ ដោយ​ឆ្លុះ​បញ្ចុះ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ ជប៉ុន បាន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​អស់​រយៈពេល​ជា​យូរ​មកហើយ​»​។​

​ការអំពាវនាវ​សាជាថ្មី​របស់​ជប៉ុន​នៅពេលនេះ ស្ថិតក្នុង​កាលៈទេស​ដែល​សហគមន៍​អន្តរជាតិ​មួយចំនួន កំពុង​មើល​មក​ការបោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ផ្លូវ​អវិជ្ជមាន​។ សហគមន៍​អន្តរជាតិ​ទាំងនោះ យល់ថា ការបោះឆ្នោត​នៅ​កម្ពុជា មិនអាច​ដំណើរការ​ទៅតាម​គន្លង​ប្រជាធិបតេយ្យ និង​មិនមាន​ភាពស្របច្បាប់​ឡើយ បើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​។

​នៅ​ថ្ងៃទី​១៤ ខែឧសភា​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​ហើយ សម្រាប់​ការចុះឈ្មោះ​គណបក្ស​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់​រស់​ឡើងវិញ​។ មកដល់ពេលនេះ មាន​គណបក្ស​ជាង​១០​ហើយ ដែល​បាន​ចុះឈ្មោះ​នៅ​គ​.​ជ​.​ប​.​។

​អ្នកនាំពាក្យ​គ​.​ជ​.​ប​. បញ្ជាក់ថា គណបក្ស​ណា មិនបាន​ចុះឈ្មោះ គឺ​ស្មើនឹង​គណបក្ស​នោះ មិនបាន​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕


Tag:
 បោះឆ្នោត​
  កម្ពុជា​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com