រថយន្ត
អន្តរជាតិ
Aurus Senat រថយន្ត​រដ្ឋ​សម្រាប់​លោកពូ​ទីន «Made in Russia»
14, May 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
Aurus Senat ជា​រថយន្ត​រដ្ឋ​សម្រាប់​លោក​ប្រធានាធិបតី​រុស្ស៊ី ដែល​បានបង្ហាញ​វត្តមាន​លើកដំបូង​នា​ពិធី​ឡើងកាន់តំណែង​សារជាថ្មី​របស់លោក វ្លា​ឌី​មៀ ពូ​ទីន (Vladimir Poutine) កាលពី​ថ្ងៃទី​៧ ខែឧសភា កន្លងមក​។ រថយន្ត​នេះ ត្រូវបាន​ចាត់ទុកជារ​ថ​យន្ត​ផ្លូវរដ្ឋ​សម្រាប់​ប្រធានាធិបតី​ដែល​ផលិត​ដោយ​រុស្ស៊ី​ផ្ទាល់ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក​។



​ក្រោម​គម្រោង Cortege រថយន្ត​ដ៏​ទំនើប Aurus Senat ត្រូវបាន​ផលិត​ដោយ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​យានយន្ត​រុស្ស៊ី (NAMI) ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន Porshe លើ​ការដំឡើង​ម៉ាស៊ីន​កម្លាំង V12 ។ ទោះបីជា​រថយន្ត​រដ្ឋ​សម្រាប់​ប្រធានាធិបតី​នេះ មាន​រូបរាង​ដូចជា Rolls-Royce ក៏ដោយ ប៉ុន្តែ​វា​ជា​ផលិតផល «Made in Russia»​។​



Aurus Senat ដែល​បាន​បង្ហាញខ្លួន​លើកដំបូង​នា​ពិធី​ឡើងកាន់តំណែង​ប្រធានាធិបតី​សារជាថ្មី​របស់លោក ពូ​ទីន កាលពី​ខែឧសភា កន្លងមក​នោះ មាន​ពណ៌​ខ្មៅ និង​មាន​ប្រវែង​៦​ម៉ែត្រ​។ សម្រាប់​ការផលិត​រថយន្ត​ដ៏​ពិសេស​នេះ គម្រោង Cortege ទទួលបាន​ថវិកា​ប្រមាណ ១២.៤​ពាន់​លាន​រូ​ប្ល (​ជាង​១៩៨​លាន​ដុល្លារ​អាមេរិក​)​។​



​យោងតាម​សារព័ត៌មាន Sputnik នេះ​រថយន្ត​លើកដំបូង​ដែល​ធ្វើឡើង​សម្រាប់​ប្រមុខរដ្ឋ​រុស្ស៊ី បន្ទាប់ពី​លោក Mihail Gorbatchev ទទួលបាន​រថយន្ត Zil-41052 នៅ​ឆ្នាំ​១៩៨៥ ហើយ​លោក Boris Eltsine បាន​បន្ត​ប្រើប្រាស់​រហូតដល់​ឆ្នាំ​១៩៩៥ ៕


© រក្សាសិទ្ធិដោយ thmeythmey.com