រថយន្ត
អន្តរជាតិ
Uber ប្រកាស​គម្រោង​សេវាកម្ម «​រថយន្ត​តាក់ស៊ី​លើ​អាកាស​» នៅ​ឆ្នាំ​២០២៣
14, May 2018 , 8:39 pm        
រូបភាព
Uber បង្ហាញពីគំរូ eCRM-003 UberAIR នាវេទិកា Elevate Summit កាលពីថ្ងៃទី​៨ ខែឧសភា។ រូបថត AFP
Uber បង្ហាញពីគំរូ eCRM-003 UberAIR នាវេទិកា Elevate Summit កាលពីថ្ងៃទី​៨ ខែឧសភា។ រូបថត AFP
ដោយ: ធីតា
Uber បានប្រកាស​ពី​គម្រោង​រថយន្ត​តាក់ស៊ី «​ហោះ​» (Flying Taxi) នៅ​ចាប់ពី​ឆ្នាំ​២០២៣ ខាងមុខ​។ នា​ជំនួប​ប្រចាំឆ្នាំ​លើក​ទី​ពីរ Elevate Summit នៅ Los Angeles សហរដ្ឋអាមេរិក កាលពីពេល​ថ្មីៗ​កន្លងមក ក្រុមហ៊ុន​ផ្តល់​សេវា​ហៅ​រថយន្ត​តាក់ស៊ី​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​នេះ បាន​អះអាងថា គម្រោង​ខ្លួន​ទទួលបាន​កិច្ចសហប្រតិបត្តិការ​ពី​ភ្នាក់ងារ​អវកាស​ណា​សា (NASA)​។



​សេវាកម្ម​តាក់ស៊ី​លើ​អាកាស UberAIR ត្រូវបាន​ផ្តួចផ្តើមឡើង​តាំងពី​ខែមេសា ឆ្នាំ​២០១៧ មកម្ល៉េះ ហើយ​ក្រុមហ៊ុន Uber បោះជំហាន​ទៅមុខ​ជានិច្ច​ចំពោះ​គម្រោង​បច្ចេកវិទ្យា​ថ្មី​របស់ខ្លួន​មួយ​នេះ​។ នា​កិច្ចប្រជុំ Elevate Summit កាលពីពេល​ថ្មី​កន្លងមក Uber គម្រោង​ធ្វើ​សាកល្បង​នៅ Dallas និង Los Angeles នា​ឆ្នាំ​២០២០ ហើយនឹង​ដំណើរ​ផ្លូវការ​នៅ​ឆ្នាំ​២០២៣ ។​

​ក្នុងនាម​ជា​ដៃគូ​សហការ អង្គការ​ណា​សា នឹង​ជួយ​អភិវឌ្ឍន៍​ប្រព័ន្ធ​ចរាចរណ៍​នៅលើ​ផ្លូវអាកាស និង​លក្ខខណ្ឌ​ផ្សេងៗ ខណៈ​គំរូ​រថយន្ត​មិនទាន់​ត្រូវបាន​កំណត់​ច្បាស់លាស់​នោះឡើយ ដែល​អាចមាន​រាង​ដូច​យន្តហោះ​បញ្ជា (Drone) ឬក៏​ឧទ្ធម្ភាគចក្រ​។​



​តាម​គម្រោង UberAIR អាច​ហោះហើរ​លើ​កម្ពស់​រវាង​៣០០​ម៉ែត្រ និង​៦០០​ម៉ែត្រ ក្នុង​ល្បឿន​ប្រមាណ​៣២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដោយ​អាច​ផ្ទុក​មនុស្ស​៤​នាក់​។ លោក Dara Khosrowshahi អគ្គនាយក Uber បាន​បញ្ជាក់ថា​៖ «​យើង​បង្កើត​សេវាកម្ម​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា ដែលមាន​លទ្ធភាព​ជិះ​តាក់ស៊ី​ហោះ ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ ជាមួយនឹង​តម្លៃ​សមរម្យ​»​។​

.Uber មិនមែនជា​ក្រុមហ៊ុន​ដំបូង​ដែល​ប្រកាស​ពី​គម្រោង​សេវាកម្ម​រថយន្ត​ហោះ​នោះឡើយ ក្រុមហ៊ុន​ស្លូ​វ៉ា​គី AeroMobil បានលើកឡើង​ផងដែរ​ពី​ការអភិវឌ្ឍន៍​រថយន្ត​ហោះ ដែលមាន​ទម្រង់​ដូចជា​យន្តហោះ​។ ជាមួយគ្នានេះ ក្រុមហ៊ុន Cora  ដែល​ទទួលបាន​ហិរញ្ញវត្ថុ​ពី​សហ​ស្ថាបនិក Google លោក Larry Page ក៏​ត្រៀមខ្លួន​ប្រជែង​លើ​សេវាកម្ម​បច្ចេកវិទ្យា​ទំនើប​នេះ​ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com