ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ត្រូវធ្វើ​ការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ផ្គូរ​ផ្គង​ជំនាញ និង​ទីផ្សារការងារ​សម្រាប់​សិស្ស​និស្សិត​
27, Aug 2018 , 10:49 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកជំនាញ​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក (World Bank) អះអាងថា ខ្លួន​គ្មាន​ចម្លើយ​ដែល​សមស្រប​នឹង​សំណួ​រថា តើ​រដ្ឋាភិបាល​គួរ​តម្រង់ទិស​ឲ្យ​សិស្ស​និស្សិត​ចាប់យក​ជំនាញ​អ្វី ដើម្បី​ជួបនឹង​តម្រូវការ​ទីផ្សារការងារ  នោះឡើយ​។



​ខាងក្រោម​នេះ​ជា​ប្រសាសន៍​របស់លោក លី សូ​ដេ​ត អ្នកជំនាញ​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក ដោយ​លោក​បាន​បកស្រាយ​បន្ថែម​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅក្រោយ​ការធ្វើ​បទ​បង្ហាញ​របស់ខ្លួន ជុំវិញ​បញ្ហា​ចាប់យក​ជំនាញ និង​ទីផ្សារការងារ​នៅ​កម្ពុជា​៖







​ថ្លែង​នៅក្នុង​បទ​បង្ហាញ​ពី​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១០​ខែឧសភា អ្នកជំនាញ​របស់ World Bank បានផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​ត្រូវធ្វើ​អន្តរាគមន៍ ​ក្នុងការ​ផ្គូរ​ផ្គង​រវាង​ជំនាញ និង​ការងារ ដើម្បី​បង្កើត​ឱកាស​ដល់​យុវជន សិស្ស​និស្សិត និង​ភាគី​ម្ចាស់​ក្រុមហ៊ុន​។​

«​រដ្ឋាភិបាល​ត្រូវធ្វើ​ការ​ជិតស្និទ្ធជាមួយ​វិស័យ​ឯកជន ហើយ​ពិគ្រោះ​យោបល់​ថា តើ​ក្រុមហ៊ុន​ទាំងអស់នោះ​ត្រូវការ​ជំនាញ​អ្វី​?»​។ អ្នកជំនាញ​ថ្លែង​បែបនេះ​។​

​បើតាម​អ្នកជំនាញ កម្ពុជា​ជួប​បញ្ហា​ដែល​ក្រុមហ៊ុន​ពិបាក​រក​បុគ្គលិក ហើយ​បុគ្គលិក​ក៏​ពិបាក​រក​ក្រុមហ៊ុន ដោយសារ​ខ្វះ​ប្រព័ន្ធ​ផ្លូវការ​សម្រាប់​ផ្គូរ​ផ្គង​ថៅកែ និង​និយោជិត​។ សព្វថ្ងៃ ​ទាំង​សិស្ស​និស្សិត និង​អ្នកស្វែងរក​ការងារ ត្រូវ​រក​ព័ត៌មាន តាមរយៈ​បងប្អូន មិត្ត​ភ​ក្ត​ជាដើម ដើម្បី​ដឹងថា​ខ្លួន​គួរ​រៀន​ជំនាញ​អ្វី ឬ មាន​ទីផ្សារការងារ​អ្វីខ្លះ​?



​អ្នកសេដ្ឋកិច្ច​របស់​ធ​នាគារ​ពិភពលោក​ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​សម្របសម្រួល ធ្វើយ៉ាងណា​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល ឬ​ប្រព័ន្ធ​ផ្លូវការ​ សម្រាប់​ផ្ដល់​ភាពងាយស្រួល​ដល់​យុវជន និង​ថៅកែ ជួប​តម្រូវការ​របស់​ខ្លួន​។​

​ការជួយ​ឲ្យ​មាន​សហគ្រាស​ខ្នាត​មធ្យម​កាន់តែច្រើន​នៅ​កម្ពុជា ក៏​នឹង​ជួយ​បង្កើត​ការងារ​យ៉ាងច្រើន​ផងដែរ​។ អ្នកជំនាញ​របស់ World Bank អះអាងថា កម្ពុជា​សម្បូរ​អាជីវក​ម្ម​ខាត​តូចៗ និង​មាន​ក្រុមហ៊ុន​ធំៗ​មួយចំនួន តែ​ខ្វះ​អាជីវកម្ម​ខ្នាត​មធ្យម (missing middle) ៕


Tag:
 ជំនាញ​
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com