ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ មុនី​កា ប្រាប់​ពលរដ្ឋ​ថា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​សក្ដានុពល​ប្រកួត​ជាមួយ​CPP
15, May 2018 , 4:17 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក គង់ មុនិកា
រូបពីហ្វេសប៊ុកលោក គង់ មុនិកា
​ភ្នំពេញ​៖ គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺជា​ជម្រើស​ថ្មី និង​មាន​សក្ដានុពល ក្នុងការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​ជា​ការឡើង​របស់លោក គង់ មុនី​កា ដែល​កំពុង​ត្រៀមខ្លួន​ប្រកួត​បោះឆ្នោត នៅ​ថ្ងៃទី​២៩ កក្កដា ខាងមុខ​។​



​ខណៈដែល​ពលរដ្ឋ​កំពុង​រងគ្រោះ ដោយសារ​ទស្សន​របស់​អ្នកនយោបាយ​ផ្សេងគ្នា ដែល​ម្ខាង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង​ម្ខាង​ទៀត ហាម​មិន​ឲ្យ​ទៅ​បោះឆ្នោត​នោះ វា​បាន​ក្លាយទៅជា​រូបភាព​អាក្រក់​មួយ សម្រាប់​ដំណើរការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៦​នេះ ។

​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនី​កា យល់ឃើញថា បញ្ហា​ចម្រូងចម្រាស​នេះ វា​ពិតជា​បង្ក​ការលំបាក​ផ្លូវចិត្ត​ដល់​ពលរដ្ឋ និង​គណបក្សនយោបាយ​តូចៗ ដោយសារតែ​ការអំពាវនាវ​របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុងន័យនេះ​លោក គង់ មុនី​កា បានស្នើ​ឲ្យ​លោក សម រង្ស៊ី ផ្លាស់ប្ដូរ​សារ​នយោបាយ ដែល​ហាម​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ​វិញ ដើម្បី​ទុក​ឱកាស​ដល់​អ្នកនយោបាយ​ជំនាន់​ក្រោយ អាចមាន​លទ្ធភាព​ចូលរួម​ប្រកួត​នាពេលខាងមុខ​។​

​លោក គង់ មុនី​កា ដែល​ទើប​យកពាក្យ​ទៅ​ដា​ក់នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នោះ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ពិចារណា​ឡើងវិញ ក្នុងការ​បំពេញ​សិទ្ធ​បោះឆ្នោត​ជូន​គណបក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត​។ លោក គង់ មុនី​កា បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ពិចារណា​លើ គណបក្ស​ឆន្ទៈ​ខ្មែរ ដែលជា​ជម្រើស​ថ្មី ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន  ក៏មាន​សក្ដានុពល ក្នុងការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ឆ្លើយ​សំនួរ​អ្នកកាសែត នៅ​ទីស្នាក់ការ គ​.​ជ​.​ប កាលពី​ថ្ងៃទី​១៤ ឧសភា លោក គង់ មុនី​កា កូនប្រុស​លោក គង់ គាំ ដែល​ស្និទ្ធ​ជាមួយ​លោក សម រង្ស៊ី បាន​និយាយ​ដូច្នេះ​ថា​៖«​ការពិតទៅ​អតីត​គណបក្ស​ដែល​លេចធ្លោរ​កន្លងមក គឺមាន​តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​អាចមាន​សមត្ថភាព​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​។ ក៏ប៉ុន្តែ​ដោយសារ​ការបោះឆ្នោត​ខាងមុខនេះ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ យើងខ្ញុំ​ពិតជា​មានការ​សោកស្ដាយ​ជាខ្លាំង​។ ក៏ប៉ុន្តែ​យើង​ចង់​ឲ្យ​មានការ​ចាប់ផ្ដើម​មួយ​ជាថ្មី ហើយ​យើង​សង្ឃឹមថា គណបក្ស​ជាច្រើន​ដែល​ចូលរួម​ការបោះឆ្នោត​នេះ នឹង​ប្រកួតប្រជែង​គ្នា​ដោយសារ​ស្មើភាព ហើយ​ក្នុងនោះ​យើង​សង្កេតឃើញ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​សក្ដានុពល​ផងដែរ​…​។ ហើយ​ការបង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​នេះ​ឡើង ដើម្បី​ផ្ដល់​ជា​ជម្រើស​ដល់​ប្រជាពលរដ្ឋ និង​អ្នកបោះឆ្នោត​ឲ្យ​មាន​ជម្រើស បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​រំលា​យមក​…​ហើយ​គណបក្ស​ឆន្ទៈ​ខ្មែរ​នឹងធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន និង​តាម​ខេត្ត​ផ្សេងៗ​ទៀត ដើម្បី​ធ្វើការ​ពន្យល់​ដល់​សកម្ម​ជន​ពី​បំណង​យើង​»​។​

អត្ថបទទាក់ទង


​មកដល់ពេលនេះ គណបក្សនយោបាយ​ចំនួន​៤ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលស្គាល់​ជា​ផ្លូវការ​ហើយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ចំណែក​គណបក្ស​ជាង​១០​ទៀត កំពុងស្ថិត​នៅក្នុង​ដៃ​របស់ គ​.​ជ​.​ប ដើម្បី​ត្រួតពិនិត្យ​លើ​ពាក្យស្នើសុំ​នេះ​។

​ប៉ុន្តែ​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខនេះ ត្រូវបាន​គេ​វាយតម្លៃថា ពលរដ្ឋ​ដែល​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទំនងជា​ពហិការ​បោះឆ្នោត​ច្រើន ដែល​វា​អាចជា​រូបភាព​អាក្រក់​មួយ សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ​។​

​តែ​ទោះជា​ចំនួន​ពលរដ្ឋ ទៅ​បោះឆ្នោត​ក្រោម​៥០​ភាគរយ​ក្តី ក៏​ចាត់ទុកជា​សំឡេង​បានការ ក្នុងការ​ជ្រើស​តំណាងរាស្ត្រ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ។ នេះ​ជាការ​បញ្ជាក់​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឆ្លើយតប​ទៅនឹង​មជ្ឈដ្ឋានទូទៅ ដែល​ប្រកាស​មិន​ទទួលលទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​៕



Tag:
 គង់ មុនី​កា​
  គណបក្ស​ឆន្ទៈ​ខ្មែរ
 ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​
  CPP
  គណបក្សនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com