សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាវ​មាន​ផែនទី​ចិនដីគោក តែ​អត់​តៃវ៉ាន់ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​អាវ​អាមេរិក​សុំទោស​ចិន​យ៉ាង​ប្រញាប់​
15, May 2018 , 10:59 pm        
រូបភាព
អាវយឺតរបស់ក្រុមហ៊ុន GAP ដែលគ្មានផែនទីកោះតៃវ៉ាន់ (រូបភាព The Guardian)
អាវយឺតរបស់ក្រុមហ៊ុន GAP ដែលគ្មានផែនទីកោះតៃវ៉ាន់ (រូបភាព The Guardian)
​នៅ​ថ្ងៃទី​១៤ ខែឧសភា ក្រុមហ៊ុន​ផលិត​អាវ​អាមេរិក GAP បាន​សុំទោស​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យ៉ាង​ប្រញាប់ បន្ទាប់ពី​អាវ​របស់ខ្លួន​មិនបាន​បញ្ចូល​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ផែនទី​ចិន​។ ក្រុមហ៊ុន GAP បាន​ប្រមូល​អាវ​ទាំងនោះ​យកទៅ​កម្ទេចចោល និង​សន្យា​មិន​ឲ្យ​មាន​បញ្ហា​បែបនេះ​កើតឡើង​ទៀតឡើយ​។ កំហុស​របស់​ក្រុមហ៊ុន​អាមេរិក កើតឡើង​ចំពេល​ដែល​ចិន​កំពុង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បរទេស​នានា​គោរព​អធិបតេយ្យ​របស់ខ្លួន ជាពិសេស​បញ្ហា​កោះ​តៃវ៉ាន់​ផ្ទាល់​។​



​ក្នុង​រូបភាព​ដែល​បង្ហោះ Twitter របស់​កាសែត​ចិន People’s Daily អាវ​របស់​ក្រុមហ៊ុន​អាមេរិក GAP មានតែ​រូប​ផែនទី​ចិនដីគោក​ប៉ុណ្ណោះ និង​មិនមាន​រូប​កោះ​តៃវ៉ាន់​នៅ​ភាគ​អាគ្នេយ៍​ឡើយ​។ អាវ​ដែល​គ្មាន​ផែនទី​កោះ​តៃវ៉ាន់​នេះ ត្រូវបាន​ដាក់លក់​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​មួយ​នេះ​នៅ​ទីផ្សារ​កាណាដា មិនមែន​នៅ​ចិន​ឡើយ ប៉ុន្តែ​បង្ក​ការមិន​ពេញចិត្ត​ខ្លាំង​ក្នុងចំណោម​ជនជាតិ​ចិន​។ គណនី Weibo របស់​ក្រុមហ៊ុន GAP ក្លាយជា​គោលដៅ​នៃ​ការតវ៉ា​របស់​អ្នកប្រើប្រាស់​ជនជាតិ​ចិន​ជាច្រើន​។​

​បើតាម​សារព័ត៌មាន​រដ្ឋ​ចិន Global Times អាវ​ដដែល​នេះ​ក៏​មិនបាន​បញ្ចូល​តំបន់​ទី​បេ​ខាងត្បូង និង​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ ជាមួយនឹង​ការមិនសប្បាយចិត្ត​រប​ស់​ប្រជាជន​ចិន ក្រុមហ៊ុន​អាវ GAP ក៏បាន​ចេញមុខ​សុំទោស​នៅក្នុង​បណ្ដាញ​សង្គម Weibo ចំពោះ​កំហុស​អ​ចេតនា​នេះ និង​អះអាងថា ខ្លួន​គោរព​បូរណភាព​ទឹកដី និង​អធិបតេយ្យ​របស់​ចិន​។ ក្រុមហ៊ុន​ក៏​ត្រួតពិនិត្យ​ផ្ទៃក្នុង​ដើម្បី​កែ​កំហុស​នេះ​ឲ្យ​កាន់តែ​ឆាប់ ព្រមទាំង​ប្រមូល​អាវ​ពី​ទីផ្សារ​ដើម្បី​កម្ទេច​ទៀតផង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lu Kang បានកត់សម្គាល់​ពី​ការសុំ​ទោស​របស់​ក្រុមហ៊ុន GAP តែ​មិនបាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន​បាន​តវ៉ា​នឹង​កំហុស​របស់​ក្រុមហ៊ុន​នេះ​ឬ​អត់​ឡើយ​។ យ៉ាងណាមិញ អ្នកនាំពាក្យ​រូបនេះ​បាន​លើកឡើងថា រដ្ឋាភិបាល​នឹង​យកចិត្ត​ទុក​លើ​បញ្ហា​នេះ​ឲ្យ​បាន​ជិតដិត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​បញ្ហា​កោះ​តៃវ៉ាន់​នេះ គឺជា​រឿង​រសើប​សម្រាប់​ចិន ដែល​ចាត់ទុក​កោះ​មួយ​នេះ​ជា​អាណាខេត្ត​មិនអាច​កាត់ផ្ដាច់​បាន​រប​ស់​ខ្លួន​។ មិន​ថា​ប្រទេស ឬ​ក្រុមហ៊ុន​ឯកជន​អ្វី​ឡើយ ចិន​តែង​ទាមទារ​ឲ្យ​មាន​ការគោរព​កម្មសិទ្ធិ​លើ​តៃវ៉ាន់​ដាច់ខាត​។ ក្រុមហ៊ុន​សណ្ឋាគារ​អាមេរិក Marriott ក្រុមហ៊ុន​ផលិត​អាវ​អេ​ស្ប៉ា​ញ Zara និង​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​បាន​ស្គាល់​រសជាតិ​កំហឹង​របស់​ចិន​រួចហើយ​ជុំវិញ​ការមិន​បញ្ចូល​តៃវ៉ាន់​ជា​ផ្នែក​របស់​ចិន​ក្នុង​គេហទំព័រ​របស់​ពួកគេ​។​

​អំឡុង​ខែមេសា ក្រុង​ប៉េកាំង​បាន​ផ្ញើលិខិត​សម្គាល់​មួយ​ទៅ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​៣៥ ដោយមាន​ទាំង​អាកាសចរណ៍​អាមេរិក​ខ្លះ​ផង ដោយ​ទទូច​ឲ្យ​ពួកគេ​ទទួលស្គាល់​នយោបាយ​ចិន​តែមួយ​។ អាមេរិក​មិន​សប្បាយ​ចិត្តនឹង​ការទាមទារ​របស់​ចិន និង​ចាត់ទុកជា​ទាមទារ​មិនល្អ​។ កាលពី​ខែមករា ក្រុមហ៊ុន​អាកាសចរណ៍​អូស្ត្រាលី Qantas បាន​ប្ដូរ​ឋានៈ​របស់​ហុងកុង និង​តៃវ៉ាន់ ពី​ទឹកដី​ដាច់ដោយឡែក ទៅជា​ផ្នែក​មួយ​របស់​ចិន​វិញ​ដែរ​៕


Tag:
 ចិន​
  តៃវ៉ាន់​
  GAP
© រក្សាសិទ្ធិដោយ thmeythmey.com