អន្តរជាតិ
នយោបាយអន្តរជាតិ
មេបក្សប្រឆាំង អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវបានដោះលែង ក្រោយជាប់ពន្ធនាគារអស់បីឆ្នាំ
× លោក អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវបានគេដោះលែងហើយ ក្រោយចំណាយពេលវេលាបីឆ្នាំក្នុងពន្ធនាគារ ដោយសារលោករងការចោទប្រកាន់ក្នុងបទល្មើសរួមភេទជាមួយមនុស្សប្រុសដូចគ្នា។ ក្រោយចេញពីពន្ធនាគារលោកត្រូវស្វែងរកតំណែងសមាជិកសភា ហើយលោកក៏អាចទទួលបានតំណែងក្នុងគណៈរដ្ឋមន្ត្រីថ្មីផង។
ដូចការរំពឹងទុក មេបក្សប្រឆាំងដ៏ល្បីឈ្មោះម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវបានគេដោះលែងហើយនៅថ្ងៃពុធទី ១៦ ខែឧសភា ក្រោយបានទទួលការលើកលែងទោសពីព្រះមហាក្សត្រនៅថ្ងៃពុធទី ១៦ ខែឧសភានេះ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Malaysiakini លោក អាន់វ៉ា បានចាកចេញពីមន្ទីពេទ្យដែលជាកន្លែងលោកព្យាបាលជំងឺ ទៅកាន់រាជវាំងនៅម៉ោង ១១ នាទីព្រឹកថ្ងៃ ពុធ ដើម្បីទទួលការលើកលែងទោសពីព្រះមហាក្សត្រ។ លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីក៏ស្ថិតនៅរាជវាំងផងដែរនៅពេលដែលព្រះមហាក្សត្រផ្តល់ការលើកលែងទោសនោះ។
ស្ថិតក្នុងវ័យ ៧០ឆ្នាំ លោក អាន់វ៉ា ធ្លាប់ជាអតីតឧបនាយករដ្ឋមន្ត្រីក្រោមអាណត្តិលោក មហាធៀ។ លោកត្រូវបានលោក មហាធៀ ដកតំណែងឆ្នាំ ១៩៩៨ ហើយក្រោយមកត្រូវបានគេចាប់ដាក់ពន្ធនាគារដោយសារបទល្មើសរួមភេទជាមួយមនុស្សប្រុសដូចគ្នាថែមទៀត។
លោកត្រូវបានគេចាប់ដាក់ពន្ធនាគារម្តងទៀតកាលពីឆ្នាំ ២០១៥ ដោយលោករងការចោទប្រកាន់ជាថ្មីពាក់ព័ន្ធការរួមភេទជាមួយមនុស្សប្រុសដូចគ្នាទៀត ពេលលោក ណាជីប ធ្វើជានាយករដ្ឋមន្ត្រី។ លោក អាន់វ៉ា ហៅការចាប់ខ្លួនលោកថាជារឿងនយោបាយសុទ្ធសាធ។
ក្រោមកិច្ចព្រមព្រៀងរបស់សម្ព័ន្ធបក្សប្រឆាំង Pakatan Harapan លោក មហាធៀ នឹងផ្ទេរតំណែងជូនលោក អាន់វ៉ា ក្នុងរយៈពេលមិនយូរជាងពីរឆ្នាំឡើយ។ ម្សិលមិញ លោក មហាធៀ បានបញ្ជាក់ដែរថា លោកនឹងកាន់អំណាចចន្លោះពីមួយឆ្នាំទៅពីរឆ្នាំ ហើយលោកនឹងដោះស្រាយបញ្ហាសំខាន់ៗជាពិសេសពុករលួយកេងប្រវ័ញ្ចលុយរដ្ឋ។ ក្រោយចុះចេញពីតំណែង លោក មហាធៀ នឹងនៅមានតួនាទីសំខាន់ប្រឹក្សាយោបល់ដល់រដ្ឋាភិបាលដែលដឹកនាំម៉ាឡេស៊ីដដែល។
ពាក់ព័ន្ធនឹង លោក អាន់វ៉ា វិញ លោក មហាធៀ បានបង្ហើបថា លោកត្រូវស្វែងរកអាសនៈសភាជាមុនសិន ហើយបន្ទាប់មកលោកប្រហែលជាអាចនឹងទទួលបានតំណែងណាមួយក្នុងគណៈរដ្ឋមន្ត្រីថ្មីផងដែរ៕
Tag:
អាន់វ៉ា អ៊ីប្រាហ៊ីម
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com