ជាតិ
គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្តីព្រាងច្បាប់​ដក​រដ្ឋ​លេខាធិការ និង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ចេញពី​សមាជិក​រដ្ឋាភិបាល​
16, May 2018 , 12:07 pm        
រូបភាព
រូបពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
រូបពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៦ ត្រូវបាន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​អនុម័ត​កាលពី​ថ្ងៃ​សុក្រ​ទី​១១​ខែឧសភា​។ សេចក្តីព្រាងច្បាប់​នេះ ចែង​កំណត់​សមាសភាព​សមាជិក​រដ្ឋា​ភិ​បាល​នៃ​នីតិកាល​រដ្ឋសភា​ទី​៦​ទៅ មាន​ទំហំ​តូច​ជាង​មុន ដោយសារតែ​ចំនួន​រដ្ឋលេខាធិការ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នៅតាម​ក្រសួង​នីមួយៗ នឹង​លែង​ជា​សមាជិក​រដ្ឋាភិបាល​ទៀតហើយ​។​ ប៉ុន្តែ​ ការតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់មុខតំណែង​រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិកា​នៅទីស្តីការគណៈរដ្ឋមន្ត្រី និងនៅតាម​ក្រសួង ស្ថាប័ន​នានា ត្រូវធ្វើឡើង​តាម​រយៈព្រះរាជក្រឹត្យ បន្ទាប់មានពី​មានសំណើ​របស់​​នាយករដ្ឋមន្ត្រី​ថ្វាយ​ព្រះមហាក្សត្រ​។



​សេចក្តីព្រាងច្បាប់​ដែលមាន​៥៩​មាត្រា ត្រូវបាន​ប្រកាសថា​«​ជាការ​ប្រញាប់​»​នៅក្នុង​ខ្លឹមសារ​នៃ​ច្បាប់​នេះ​តែម្តង​។ មាត្រា​៥៦ ក៏​ចែង​ច្បាស់​ដែរ​ថា ច្បាប់​នេះ​ត្រូវ​យកទៅអនុវត្ត​ចាប់ពី​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​តទៅ​។ មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សេចក្តីព្រាងច្បាប់​នេះ អាច​នឹងត្រូវ​ដាក់ជូន​រដ្ឋសភា​អនុម័ត​ឲ្យ​បាន​មុន​ការបោះឆ្នោត​នីតិកាល​ទី​៦​។​

​យោងតាម​សេចក្តីព្រាងច្បាប់​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​ក្រោយ​ការអនុម័ត​របស់​គណៈ​រដ្ឋមន្ត្រី ចាប់ពី​អាណត្តិ​ទី​៦ «​សមាសភាព​នៃ​រាជរដ្ឋាភិបាល​មាន​៖ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​»​។ មាត្រា​៥៣​នៃ​សេចក្តីព្រាងច្បាប់​នេះ ក៏​ចែង​ដែរ​ថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ មិនមែនជា​សមាជិក​រា​ជ​រដ្ឋាភិបាល​ទេ ហើយក៏​មិនមែនជា​ភ្នាក់ងារ​រដ្ឋបាល​អចិន្ត្រៃយ៍​ដែរ​។​

​ការតាក់តែង និង​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ត្រូវបាន​ធ្វើឡើង​ក្រោយ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១១៨ កាលពី​ខែកុម្ភៈ​កន្លងទៅ ដោយ​ដកតំណែង​រដ្ឋលេខាធិកា​រ​ពី​សមាជិក​រដ្ឋាភិបាល​។​

«​ច្បាប់​នេះ​មាន​គោលបំណង​ធានា​ប្រសិទ្ធភាព​ការងារ​របស់​គណៈរដ្ឋមន្ត្រី​ជា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។ នេះ​ជា​ខ្លឹមសារ​នៃ​មាត្រា​១ ដែល​បន្ត​ដោយ​មាត្រា​២​ដែល​សរសេរថា​៖«​ច្បាប់​នេះ​មាន​គោល​កំណត់​អំពី​សមាសភាព សមត្ថកិច្ច និង​ការប្រព្រឹត្តទៅ​របស់​គណៈ​រដ្ឋមន្ត្រី​ដែលជា​រដ្ឋាភិបាល​»​។​

​និយាយ​អំពី​ដំណើរការ​របស់​ក្រសួង​វិញ​។ ថ្វីដ្បិតតែ​មាត្រា​៤៣​នៃ​សេចក្តីព្រាងច្បាប់​នេះ​ចែងថា ក្រសួង​នីមួយៗ​មាន​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​មួយចំនួន​តាម​ការចាំបាច់ មាត្រា​៤៤​នៃ​សេចក្តីព្រាងច្បាប់​នេះ​ចែងថា «​ក្រសួង​នីមួយៗ មាន​រដ្ឋលេខាធិការ​ប្រចាំការ​មួយរូប ដែល​ចាត់តាំង​ដោយ​នាយករដ្ឋមន្ត្រី តាម​សំណើរ​របស់​រដ្ឋមន្ត្រី​នៃ​ក្រសួងសាមី ដើម្បី​ជួយ​ការងារ​ទូទៅ​ប្រចាំថ្ងៃ​របស់​ក្រសួង​»​។​

​ក្នុងករណី​ដែល​រដ្ឋមន្ត្រី​អវត្តមាន ឬ​មាន​ភារកិច្ច​មិនអាច​ដឹកនាំ គ្រប់គ្រង​ក្រសួង​បានជា​បណ្តោះអាសន្ន​នោះ មាត្រា​៤២​ចែង​ឲ្យ​រដ្ឋលេខាធិកា​ប្រចាំការ​នោះ ត្រូវ​ទទួល​ដឹកនាំ​ការងារ​ប្រចាំថ្ងៃ​របស់​ក្រសួង​ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​ស្តីទី រហូតដល់​មាន​វត្តមាន​រដ្ឋមន្ត្រី​នៃ​ក្រសួងសាមី​។ មាត្រា​ដដែល​ចែង​បន្តថា ក្នុងករណី​ដែល​រដ្ឋលេខាធិកា​ប្រចាំ មិនអាច​បំពេញ​តួនាទី​ជា​រដ្ឋមន្ត្រី​ស្តីទី​បាន រដ្ឋមន្ត្រី​អាច​ចាត់តាំង​រដ្ឋលេខាធិការ​ផ្សេងទៀត​ជា​រដ្ឋមន្ត្រី​ស្តីទី​។ ទោះយ៉ាងណា​ក៏ដោយ បើ​យោងតាម​ខ្លឹមសារ​នៃ​មាត្រា​៤២​ដដែល រដ្ឋមន្ត្រី​ស្តីទី មិនមែនជា​សមាជិករ​ដ្ឋា​ភិ​បាល ហើយ​ត្រូវអនុវត្ត​សិទ្ធិអំណាច​តាម​ការប្រគល់សិទ្ធិ​ពី​រដ្ឋមន្ត្រី​។​

​ហើយ «​ក្នុងករណី​ដែលមាន​កិច្ចការ​ចាំបាច់​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​តម្រូវ ឲ្យ​រដ្ឋមន្ត្រី​ជា​អ្នក​បំពេញ​តួនាទី​នោះ នាយករដ្ឋមន្ត្រី​ចាត់តាំង​សមាជិក​រាជរដ្ឋាភិបាល​ណា​ម្នាក់ ដើម្បី​បំពេញ​កិច្ចការ​នោះ​ជំនួស​ឲ្យ​រដ្ឋមន្ត្រី​ដែល​អវត្តមាន​»​។​

​គួររំលឹកថា រហូតដល់​ពេលនេះ ការរៀបចំ​គណៈរដ្ឋមន្ត្រី​ត្រូវបាន​ធ្វើឡើង​ដោយ​អនុវត្ត​ច្បាប់​ដែលមាន​អាយុ​២៤​ឆ្នាំ​មកហើយ​។ ពោលគឺ​ច្បាប់​ដែល​ត្រូវបាន​ប្រកាស​ដោយ​ព្រះរាជក្រម​ចុះ​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​១៩៩៤ ក្នុង​អាណត្តិ​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​១​នៃ​រដ្ឋសភា​។

កាលពីពេលកន្លងមក ក្រោយ​ពី​មានការ​​ព្រលយ​ពី​សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​អំពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ និងតាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​រៀបចំ​គណៈ​រដ្ឋមន្ត្រីសម្រាប់​អាណត្តិ​ទី៦ទៅ មានការ​អធិប្បាយ​ថា សេចក្តីព្រាងច្បាប់ថ្មីនេះ នឹង​ផ្តល់អំណាច​កាន់តែច្រើន​ដល់នាយករដ្ឋមន្ត្រី។ សម្តេច ហ៊ុន សែន ក៏បានធ្លាប់អត្ថាធិប្បាយ​ឆ្លើយតប​វិញថា សេចក្តីព្រាងច្បាប់​ថ្មីនេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្រួម​សមាសភាព​រដ្ឋាភិបាល​ និង​ប្រសិទ្ធភាព​ការងារ​តែប៉ុណ្ណោះ៕




Tag:
 រដ្ឋាភិបាល​
  គណៈរដ្ឋមន្ត្រី​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com