ជាតិ
នយោបាយជាតិ
ក្រុមសមាជិករដ្ឋសភាអាមេរិក ធ្វើច្បាប់ម្តងទៀត ដើម្បីបន្ថែមទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា លោក Ed Royce សមាជិករដ្ឋសភាអាមេរិក ជួបលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ រូបពីទំព័រហ្វេសបុករបស់លោក សម រង្ស៊ី
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា អាចនឹងរងទណ្ឌកម្មបន្ថែមទៀតពីសំណាក់សហរដ្ឋអាមេរិក ប្រសិនបើសេចក្តីស្នើច្បាប់ ដែលកើតចេញពីក្រុមសមាជិករដ្ឋសភានៃប្រទេសមហាអំណាចមួយនេះ ត្រូវបានអនុម័ត។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ឆ្លើយតបថា ត្រឹមសមាជិករដ្ឋសភាអាមេរិកតែពីរ-បីនាក់ មិនអាចមានទម្ងន់មកដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជានោះទេ។
សមាជិករដ្ឋសភាអាមេរិកមួយក្រុម ដែលសុទ្ធតែជាអ្នកមានឥទ្ធិពល បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀត ដើម្បីធ្វើសេចក្តីស្នើច្បាប់មួយស្តីពី «ការដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលបានបំផ្លាញប្រជាធិបតេយ្យ»។ អ្នកទាំងនោះ រួមមាន លោក Alan Lowenthal លោក Ted Yoho លោក Ed Royce លោក Eliot Engel លោក Brad Sherman និងលោក Steve Chabot។ ក្នុងចំណោមសមាជិករដ្ឋសភាខាងលើ មានអ្នកខ្លះ ធ្លាប់ចេញមកលូកមាត់លូកកពីបញ្ហាកម្ពុជារួចមកហើយ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល។
សមាជិករដ្ឋសភាអាមេរិកទាំងនោះ បានតាក់តែងយ៉ាងដូច្នេះថា៖«សេចក្តីស្នើច្បាប់ថ្មីនេះ នឹងបង្កកទ្រព្យសម្បត្តិទាំងអស់របស់មន្ត្រីកម្ពុជា ដែលផ្ញើនៅសហរដ្ឋអាមេរិក និងដាក់កម្រិតលើប្រតិបត្តិការផ្នែកហិរញ្ញវត្ថុទាំងអស់រវាងកម្ពុជានិងសហរដ្ឋអាមេរិក ហើយហាមឃាត់មន្ត្រី យោធា រួមទាំងកងកម្លាំងសន្តិសុខរបស់កម្ពុជា ដែលពាក់ព័ន្ធនឹងការបំផ្លាញប្រជាធិបតេយ្យ មិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក»។
មូលហេតុចម្បង ដែលជំរុញឲ្យសមាជិករដ្ឋសភា នាំគ្នាធ្វើច្បាប់នេះឡើង គឺដោយសារតែពួកគេ មិនពេញចិត្តចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការបោះឆ្នោត។ ពួកគេ បានចោទរដ្ឋាភិបាលកម្ពុជា ដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ថាបានលុបបំបាត់នូវការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ សម្រាប់អាណត្តិថ្មីនេះ ដ្បិតគណបក្សប្រឆាំងធំជាងគេ ត្រូវបានផាត់ចេញ។
សមាជិករដ្ឋសភាអាមេរិកខាងលើ មិនសប្បាយចិត្តសោះឡើយចំពោះការគំរាមកំហែង ការចាប់អ្នកនយោបាយខាងប្រឆាំងដាក់ពន្ធនាគារ និងហាមឃាត់ទាំងស្រុងមិនឲ្យគណបក្សប្រឆាំងធំជាងគេ មានវត្តមានលើឆាកនយោបាយនៅកម្ពុជា។ ពួកគេ ក៏បានរិះគន់របបដឹកនាំកម្ពុជាបច្ចុប្បន្នផងដែរថា រឹតត្បិតសិទ្ធិរបស់សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល។
សមាជិករដ្ឋសភាអាមេរិកទាំងនោះ អះអាងថា សេចក្តីស្នើច្បាប់របស់ពួកគេ គឺមានបំណងលើកកម្ពស់ការបោះឆ្នោតដោយយុត្តិធម៌ សេរីភាពផ្នែកនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។ ពួកគេ បញ្ជាក់ចុងក្រោយថា សេចក្តីស្នើច្បាប់ខាងលើ នឹងចូលជាធរមាន និងមានសុពលភាពក្នុងការដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១៨០ថ្ងៃក្រោយ បន្ទាប់ពីមានការចុះហត្ថលេខាយល់ព្រមដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បកស្រាយថា សេចក្តីស្នើច្បាប់របស់សមាជិករដ្ឋសភាអាមេរិក មិនមានប្រសិទ្ធភាព និងមិនមានទម្ងន់ក្នុងការដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជានោះទេ។ លោក ប្រាប់សារព័តមានថ្មីៗថា ការវាយតម្លៃរបស់សមាជិករដ្ឋសភាអាមេរិក មានចរឹតនយោបាយ។
បន្ទាប់មក អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏និយាយថា ការព្រមានបង្កកទ្រព្យសម្បត្តិ និងការហាមមន្ត្រីរដ្ឋាភិបាលកម្ពុជា មិនឲ្យចូលទឹកដីអាមេរិក មិនមែនជារឿងគួរឲ្យខ្វាយខ្វល់នោះទេ។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«សម្តេចនាយករដ្ឋមន្ត្រី លើកឡើងហើយថា មន្ត្រីណាភ្លើយកលុយទៅទុកឲ្យគេរឹបអូស ក៏យកទៅ។ យើងអត់មានឈឺក្បាលវិលមុខអីទេ។ តាមពិត មន្ត្រីរបស់យើង មានប្រាក់បៀវត្សល្មមតែគ្រប់គ្រាន់នឹងជីវភាពប៉ុណ្ណោះ គ្មានលុយឯណាសល់រាប់រយលានដុល្លារ ដើម្បីឲ្យគេរឹបអូសទេ។ ហើយ [រឿងទៅអាមេរិក] ទោះជួលឲ្យទៅ ក៏មិនទៅផង»។
លោក សុខ ឥសាន បន្តថា ទោះជារំលាយគណបក្សប្រឆាំងចោលក្តី ក៏ប្រជាធិបតេយ្យនៅកម្ពុជា នៅតែមានដដែល។ លោក យល់ថា ក្រុមសមាជិករដ្ឋសភារដ្ឋអារមិក មើលមកកម្ពុជាក្នុងផ្លូវមិនល្អបែបនេះ ដោយសារតែពួកគេ មិនបានមកមើលកម្ពុជាដោយផ្ទាល់។
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចខាងលើ អះអាងបែបនេះថា៖«អត់ចាំបាច់ស្តារឡើងវិញទេ ព្រោះប្រជាធិបតេយ្យនៅកម្ពុជា អត់ទ្រុឌទ្រោមដូចសមាជិករដ្ឋសភាអាមេរិកនិយាយឯណា។ ប្រសិនបើពួកគាត់បានមកកម្ពុជា ទើបពួកគាត់ភ្ញាក់ផ្អើល និងបានមើលឃើញការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ពួកគាត់ មិនដែលធ្លាប់ស្គាល់កម្ពុជាផង ហើយពួកគាត់អង្គុយតែលើតុ ហើយសរសេរច្បាប់ដាក់ទណ្ឌកម្មកម្ពុជា។ ខ្ញុំយល់ថា វាមិនបានផ្សារភ្ជាប់ពីការពិតនោះទេ»។
ការធ្វើច្បាប់ ដើម្បីបន្ថែមទណ្ឌកម្មមកលើរដ្ឋាភិបាលនាពេលនេះ គឺស្ថិតក្នុងការទេសៈទេសៈដែលកម្ពុជា ជិតនឹងមានការបោះឆ្នោត។ លើកលែងតែគណបក្សប្រឆាំង គណបក្សចំនួន២០ ដែលរាប់ទាំងគណបក្សកាន់ណាចផង បានដាក់ពាក្យនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីចូលរួមប្រកួតក្នុងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
កន្លងមកសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាមួយចំនួនរបស់សហរដ្ឋអាមេរិក បានស្នើឲ្យចាត់វិធានការមកលើរដ្ឋាភិបាលកម្ពុជារួចហើយ ដើម្បីទាមទារឲ្យកែប្រែស្ថានការណ៍នយោបាយ។ ជាលទ្ធផល សហរដ្ឋអាមេរិក បានបញ្ឈប់ការផ្តល់ជំនួយមកឲ្យ គ.ជ.ប. និងរឹតបន្តឹងការផ្តល់ទិដ្ឋាការមកឲ្យមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន។ ចំណែកសហភាពអឺរ៉ុប ក៏បានចូលរួមជាមួយសហរដ្ឋអាមេរិកដែរ ក្នុងការដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។
ទោះជាយ៉ាងនេះក្តី វិធានការរបស់សហគមន៍អន្តរជាតិ ហាក់មិនទាន់ជំរុញឲ្យមានផលវិជ្ជមាននោះទេ ពោលគឺ គណបក្សសង្គ្រោះជាតិ នៅតែមិនទាន់រស់ឡើងវិញ ហើយលោក កឹម សុខា ប្រធានគណបក្សនេះ នៅតែបន្តជាប់ពន្ធនាគារ ដដែល។ រដ្ឋាភិបាលកម្ពុជា និងគណបក្សកាន់អំណាច ហាក់មិនភ័យខ្លាចនឹងការដាក់សម្ពាធពីសំណាក់ប្រទេសធំៗទាំងនោះឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជា បានព្រមានទៅវិញ កុំឲ្យពួកគេ លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕
Tag:
បោះឆ្នោត
អាមេរិក
កម្ពុជា
ទណ្ឌកម្ម
សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com