កីឡាអន្តរជាតិ
អន្តរជាតិ
Messi ទទួលស្គាល់ថា បើ Neymar ទៅ Real មែននោះ Barcelona នឹងលំបាក Messi និង Neymar កាលនៅរួមក្លិប Barcelona
× វានឹងជាការខកចិត្តដ៏ធំមួយសម្រាប់ក្រុម Barcelona ប្រសិនបើ Neymar ពិតជាផ្លាស់ចេញពីក្លិប Paris Saint Germain ទៅកាន់ Real Madrid មែននោះ។ នេះជាការលើកឡើងរបស់ Lionel Messi។
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយដូច្នេះថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនដែលធ្លាប់ឈ្នះពាន Champions League និង La Liga ពីរលើកជាមួយ Neymar កាលរួមរស់ជាមួយគ្នានៅ Barcelona បានប្រាប់ទៅកាន់ខ្សែប្រយុទ្ធឆ្នើមរបស់ PSG នេះ អំពីពាក្យចចាមអារ៉ាមដែលទាក់ទងនឹងការវិលត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ។
ម្ចាស់ពាន Ballon d'or ៥សម័យ បានប្រាប់ទូរទស្សន៍កីឡា TyC Sports របស់អាហ្សង់ទីនដូច្នេះថា៖«វាពិតជាគួរឲ្យភ័យខ្លាចណាស់ព្រោះអ្វីទាំងអស់របស់ Neymar មានន័យសម្រាប់ Barcelona។ ប្រសិនជាគាត់បញ្ចប់ការផ្ទេទៅកាន់ Real Madrid មែន នោះគឺជាការខកចិត្តដ៏ធំមួយសម្រាប់យើង ហើយកម្រិតនៃការលេងរបស់គូប្រជែងយើង នឹងមានភាពខ្លាំងក្លាជាងមុនទៅទៀត»។
យ៉ាងណាក៏ដោយ នៅពេលសួរថា តើធ្លាប់បានប្រាប់ទៅខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីថាកុំឲ្យគិតពីការផ្ទេទៅទឹកដី Santiago Bernabéu ដែរឬទេ? Messi ឆ្លើយទាំងញញឹមថា៖«Neymar ដឹងពីអ្វីដែលខ្ញុំគិត ហើយខ្ញុំបានប្រាប់គាត់រួចហើយ!»។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ បានចាកចេញពីទឹកដី Nou Cam កាលពីខែសីហាឆ្នាំមុនជាមួយនឹងតម្លៃខ្លួនថ្លៃបំផុតលើលោក ដើម្បីទៅចូលរួមជាមួយក្រុមយក្សបារាំង។ សម្រាប់រដូវកាលដំបូង អតីតសមាជិកក្រុម Sao Paulo បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយអាចឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំនៃលីកកំពូលបារាំង Ligue 1 ទៀតផង បើទោះជាអវត្តមានពីការរងបួសជើងរយៈពេលជាង៣ខែក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយល្បីៗមួយចំនួនក៏បានលើកឡើងថា Neymar អាចនឹងចាកចេញពីក្រុមដែលមានមូលដ្ឋានក្នុងក្រុងប៉ារីស ទៅកាន់ក្រុមក្នុងក្រុងម៉ាឌ្រីដ ដែលបានចររាចអស់រយៈពេលជាច្រើនខែមកហើយ។ ពាក្យចចាមអារ៉ាមនេះ ក៏បានជំរុញឲ្យប្រធានក្លិប PSG ប្រកាសនៅដើមសប្តាហ៍នេះថា Neymar «២០០០ ភាគរយ» នឹងនៅទឹកដី Parc des Princes រដូវកាលក្រោយបន្តទៀត៕
Tag:
បាល់ទាត់
Neymar
Lionel Messi
Barcelona
Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com