ជាតិ
មេប៉ុស្តិ៍ដែលសុំសម្តេចឡើងស័ក្តិតាមហ្វេសប៊ុក មិនត្រូវបានបញ្ឈរជើងឡើយ អធិការនគរបាលស្រុកក្រឡាញ់ លោក ជី បេងជន (ឆ្វេង) និងមេប៉ុស្ដិ៍តាអាន លោក ថ្លាង សេងគា
× សៀមរាប៖ អធិការនគរបាលស្រុកក្រឡាញ់ ខេត្ដសៀមរាប លោក ជី បេងជន បានបដិសេធលើករណីដកបញ្ឈរជើងមេប៉ុស្ដិ៍តាអាន លោក ថ្លាង សេងគា ក្រោយលោកបានសរសេរក្នុងប្រអប់បញ្ចេញមតិលើទំព័រហ្វេសប៊ុកប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំតំឡើងឋានន្តរស័ក្ដិ។ តាមលោកអធិការស្រុកក្រឡាញ់ លោក ថ្លាង សេងគា បានធ្វើការសុំទោសទៅថ្នាក់លើផងដែរ ចំពោះកំហុសឆ្គងរបស់លោក ដែលធ្វើឱ្យមហាជនមានការរិះគន់ទៅថ្នាក់លើរឿងតំឡើងស័ក្ដិនេះ។
លោក ជី បេងជន អធិការស្រុកក្រឡាញ់ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅរសៀលថ្ងៃទី១៦ ឧសភានេះថា ឈ្មោះ ថ្លាង សេងគា ដែលជាមេប៉ុស្ដិ៍តាអាន ត្រូវបានថ្នាក់លើតំឡើងស័ក្ដិជាបន្តបន្ទាប់ មិនដូចការលើកឡើងរបស់លោកដែលបានសរសេរសារទៅកាន់សម្តេច ហ៊ុន សែនឡើយ។ លោកបន្ថែមថា លោក ថ្លាង សេងគា បានតំឡើងស័ក្ដិជាបន្តបន្ទាប់ចាប់ពីចូលបម្រើការក្នុងអង្គភាពពីឆ្នាំ១៩៩០មក ហើយកាលពីខែ មីនា ឆ្នាំ២០១៨កន្លងទៅ សេចក្តីសម្រេចបានតំឡើងលោក ថ្លាង សេងគា ជាអនុសេនីយ៍ត្រី (ស័ក្ដិមួយ)ផងដែរ។
«រឿង លោក ថ្លាង សេងគា សរសេរខមិនទៅសម្តេចនោះ ថាខ្មាសមន្ត្រីព្រោះស័ក្ដិតូច បើថ្លាង សេងគា មិនសុខចិត្តឱ្យគេធ្វើចុះ ឱ្យឡើងស័ក្ដិ៣ តើឋានៈមន្ដ្រីស័ក្ដិ៣ និងមេប៉ុស្ដិ៍ស័ក្ដិ១ តើគេយកមួយណា...»។ នេះជាការលើកឡើងរបស់លោក ជី បេងជន ដោយលោកបន្ថែមទៀតថា៖« តាមពិតទៅ ថ្លាង សេងគានេះ បើពិនិត្យមើលគឺបានតំឡើងស័ក្ដិទៅតាមក្រិត្យក្រមត្រឹមត្រូវហើយ មានតែឡើងលើសផង...»។
បើយោងតាមប្រវត្តិការងាររបស់នាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការនគរបាលជាតិ លោក ថ្លាង សេងគា ជាពលបាលត្រីនៅឆ្នាំ២០០៦ ពលបាលត្រី នៅឆ្នាំ២០០៩ ពលបាលឯក នៅឆ្នាំ២០១២ មានតួនាទីជានាយរងប៉ុស្ដិ៍តាអាន និងក្លាយជានាយប៉ុស្ដិ៍នៅឆ្នាំ២០១៤។ ជាព្រិន្ទបាលទោ នៅឆ្នាំ២០១៤ ជាព្រិន្ទបាលឯកនៅឆ្នាំ២០១៥ និងជាអនុសេនីយ៍ត្រី នៅខែមីនា ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ តាមការបញ្ជាក់របស់លោក ជី បេងជន រឿងរ៉ាវខាងលើត្រូវបានបញ្ចប់ ក្នុងពិធីបិទសវនកម្មផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៦ ដែលធ្វើឡើងនៅសាលាខេត្តសៀមរាប ហើយលោក ថ្លាង សេងគា បានសុំទោសចំពោះកំហុសឆ្គងខ្លួន ដែលនាំឱ្យមានរឿងវែងឆ្ងាយបែបនេះ។
គួររម្លឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក ថ្លាង សេងគា ដែលគេស្គាល់ថាជាមេប៉ុស្ដិ៍តាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប បានសរសេរសារក្នុងខមិនហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដោយរៀបរាប់ពីរឿងរ៉ាវដែលលោកមានតួនាទីជាមេប៉ុស្ដិ៍បានត្រឹមពាក់ស័ក្ដិ១ ចំណែកមន្ត្រីថ្នាក់ក្រោមលោកបានពាក់ស័ក្ដិ៣ ដោយសុំអន្តរាគមន៍ពីសម្តេចឱ្យជួយដោះស្រាយ (តំឡើងស័ក្ដិ) លើបញ្ហានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com