ពីនេះ ពីនោះ
សម្តេចព្រះសង្ឃរាជ ជួន ណាត ឲ្យ​និយាយថា «​បុរាណវត្ថុ​» មិនមែន «​វត្ថុ​បុរាណ​» ឡើយ​
19, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​អះអាងថា បើ​គេ​ប្រើពាក្យ «​វត្ថុ​បុរាណ​» គឺ​ខុសពី​ភាសាបាលី​សំស្ក្រឹត តាម​ការពិត គេ​គួរតែ​ប្រើពាក្យ «​បុរាណវត្ថុ​» វិញ ទើប​ត្រឹមត្រូវ​ទៅតាម​ភាសាបាលី​សំស្ក្រឹត​ខ្មែរ​។



ដើម្បី​ជ្រាប​ឲ្យ​កាន់តែច្បាស់ សូម​តាមដាន​ស្តាប់​ការបកស្រាយ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ខាងក្រោម​ដូចតទៅ​៖




​បើតាម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​បុរាណ​» មានន័យថា ចាស់​, ពី​ព្រេងនាយ​, ពី​យូរលង់​មកហើយ​។ បុរាណ សម្រាប់​ផ្សំ​ជាមួយ​ពាក្យ​ដទៃទៀត ដូចជា បុរាណកាល​, បុរាណពិធី​, បុរាណភណ្ឌ​, បុរាណរាជ​, និង​បុរាណរាជ្យ ជាដើម​។ ប្រសិនបើ​គេ​ប្រើពាក្យ «​បុរាណវត្ថុ មកជា​វត្ថុ​បុរាណ ឬ​វត្ថុ​ចាស់​របស់បុរាណ​» គឺ​ប្រាសចាក​ពី​ភាពត្រឹមត្រូវ​ហើយ​។ «​បុរាណវត្ថុ​» ជា​ទ្រព្យសម្បត្តិ​ដែល​បាន​បន្សល់ទុក​ពី​អតីតកាល​យូរលង់​មក​។​

«​ពលរដ្ឋ​ខ្មែរ​សឹងតែ​ទាំងអស់​ទៅហើយ​ដែល​ប្រើពាក្យ «​វត្ថុ​បុរាណ​» នេះ ដោយសារ​ពាក្យ​នេះ វា​ងាយស្រួល​ស្តាប់​ជាង​ពាក្យ «​បុរាណវត្ថុ​» ទោះបី​ដឹងថា​ខុស ក៏​នៅមាន​អ្នក​ប្រើ​ដដែល​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត​។

​នៅមាន​ពាក្យ​ដែល​និយាយ​ខុស ពី​ភាសាបាលី​សំស្ក្រឹត  មានដូចជា​ពាក្យ រដ្ឋា​ប្រមុខ ទៅជា សម្តេចព្រះ​ប្រមុខរដ្ឋ និង រដ្ឋ​ពល ទៅជា ពលរដ្ឋ ទៅវិញ ។ សម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់​ដដែល តែបើ​ប្រើ​ជា​ពាក្យ​ខ្មែរ ត្រូវ​សរសេរ​ជា សម្តេចព្រះ​ប្រមុខរដ្ឋ និង​ពលរដ្ឋ តែបើ​គេច​ង់​ប្រើ​ជា​ភាសាបាលី​សំស្ក្រឹត គឺ​ត្រូវ​សរសេរ​ជា រដ្ឋា​ប្រមុខ និង​រដ្ឋ​ពល​៕
 

Tag:
 ពន្យល់​ពាក្យ​
  បុរាណវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com