កីឡាជាតិ
ជាតិ
ទោះរបួសដៃ តែ សុភ័ក្ត្រ ច័ន្ទឧត្តម តស៊ូរហូតឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១ កីឡាករ សុភ័ក្ត្រ ច័ន្ទឧត្តម ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ
× កីឡាករយុវជនថ្នាលជម្រើសជាតិតេក្វាន់ដូ ITF សុភ័ក្ត្រ ច័ន្ទឧត្តម បានចាត់ទុកអាកាសធាតុត្រជាក់ និងរបួសដៃខាងឆ្វេងជាបញ្ហាប្រឈមដ៏លំបាកក្នុងការប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍ជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលី។ ប៉ុន្តែកីឡាករវ័យជាង១០ឆ្នាំរូបនេះ នៅតែអាចសាងភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ តាមរយៈការឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១។ ជ័យជម្នះរបស់ ច័ន្ទឧត្តម មិនត្រឹមតែជួយលើកកិត្តិយសកម្ពុជាលើឆាកអន្តរជាតិនោះទេ ថែមទាំងជួយលើកមុខមាត់គ្រួសារគេទៀតផង។
ទន្ទឹមនឹងនាំជ័យជម្នះដ៏ត្រចះត្រចង់ពីជើងឯកអាស៊ីនៅម៉ុងហ្គោលីជូនជាតិមាតុភូមិ កីឡាករ សុភ័ក្ត្រ ច័ន្ទឧត្តម បានរៀបរាប់ពីទុក្ខលំបាកថា រូបគេបានរងរបួសកែងដៃខាងឆ្វេង ក្នុងអំឡុងពេលប្រកួតផ្តាច់ព្រ័ត្រជាមួយកីឡាកររុស្ស៊ី។ ប៉ុន្តែការលើកទឹកពីថ្នាក់ដឹកនាំ គ្រូបង្វឹក និងមិត្តរួមក្រុមជាកត្តាជំរុញឲ្យរូបគេមានទឹកចិត្តប្រកួតរហូតយកឈ្នះកីឡាកររុស្ស៊ី ដើម្បីឈ្នះមេដាយមាសលើវិញ្ញាសាប្រយុទ្ធឯកត្តជន។
«ការប្រកួតនៅប្រទេសម៉ុងហ្គោលី បញ្ហាដែលលំបាកជាងគេសម្រាប់ខ្ញុំ គឺខ្ញុំបានរងរបួសកែងដៃខាងឆ្វេង ដែលជាហេតុធ្វើខ្ញុំមានការលំបាកមែនទែនក្នុងវិញ្ញាសាប្រយុទ្ធឯកត្តជនមួយនេះ។ តែដោយសារការខិតខំហ្វឹកហាត់នាពេលកន្លងមក និងការជំរុញទឹកចិត្តពីថ្នាក់ដឹកនាំ គ្រូបង្វឹក ទើបធ្វើឲ្យខ្ញុំទទួលបានជោគជ័យនៅពេលនេះ»។ ជាការលើកឡើងរបស់កីឡាករ សុភ័ក្ត្រ ច័ន្ទឧត្តម។
លោក ឈួន ចាន់ថន ប្រធានប្រតិភូដឹកនាំក្រុមអត្តពលិកកម្ពុជាទៅចូលរួមប្រកួតជើងឯកអាស៊ីនៅម៉ុងហ្គោលីបានអះអាងថា ការប៉ះគ្នារវាង ច័ន្ទឧត្តម ជាមួយកីឡាកររុស្ស៊ី ជាជំនួបមួយដ៏តានតឹងនិងស្វិតស្វាញបំផុត ដោយអាជ្ញាកណ្តាលបានបន្ថែមការប្រកួតរហូតពីរទឹក ក្រោយចប់ការប្រកួតពីរទឹកពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។
អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជារូបនេះបានរៀបរាប់ថា នាការប្រកួតទឹកទី១ ច័ន្ទឧត្តម បានរងរបួសភ្លាត់ឆ្អឹងកែងដៃខាងឆ្វេងក្រោយការទាត់របស់កីឡាកររុស្ស៊ី។ ក្រោយត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់គ្រូពេទ្យ ច័ន្ទឧត្តម ត្រូវបានអនុញ្ញាតឲ្យប្រកួតបន្តរហូតចប់ទឹកទី១ ដែលកីឡាកររុស្ស៊ីជាអ្នកឈ្នះ។ កីឡាកររុស្ស៊ី ហាក់ថមថយកម្លាំងក្រោយសម្រុកខ្លាំងក្នុងទឹកទី១ ដែលជាឱកាសសម្រាប់ ច័ន្ទឧត្តម ក្នុងការវាយបកដោយប្រើជើងច្រើនជាងដៃ ដើម្បីយកឈ្នះកីឡាកររុស្ស៊ីក្នុងទឹកទី២។
កីឡាករទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ក្រោយចប់ការប្រកួតពីរទឹក។ ដូច្នេះអាជ្ញាកណ្តាលត្រូវបន្ថែម១ទឹក ដើម្បីកាត់សេចក្តី តែក្នុងទឹកទី៣នេះពួកគេ នៅតែបន្តស្មើគ្នាដដែល។ អាជ្ញាកណ្តាលបានសម្រេចថែម១ទឹកទៀត ដោយលើនេះអ្នកណាទាត់ត្រូវគូប្រកួតមុនជាអ្នកឈ្នះ។ ជាលទ្ធផលអាជ្ញាកណ្តាលបានលើកទង់សម្រេចឲ្យកីឡាករ ច័ន្ទឧត្តម ទទួលជ័យជម្នះលើកីឡាកររុស្ស៊ី ក្រោយគេទាត់ត្រូវគូប្រកួតមុន។
សម្រាប់ការចូលរួមប្រកួតជើងឯកអាស៊ីលើកទី៩នៅម៉ុងហ្គោលីនេះ កីឡាករយុវជនថ្នាលជម្រើសជាតិតេក្វាន់ ITF សុភ័ក្ត្រ ច័ន្ទឧត្តម បានឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១។ មេដាយមាសទាំង៣ រូបគេ រកបានលើវិញ្ញាសាសម្តែងមេគុនឯកត្តជន ប្រយុទ្ធឯកត្តជន និងបច្ចេកទេសពិសេស រីឯមេដាយប្រាក់រកបានលើវិញ្ញាសាសម្តែងមេគុនជាក្រុម និងសំរឹទ្ធប្រយុទ្ធជាក្រុម។
តាមរយៈជ័យជម្នះនេះ កីឡាករ សុភ័ក្ត្រ ច័ន្ទឧត្តម ទទួលបានពានកីឡាករឆ្នើមប្រចាំទ្វីបអាស៊ីកម្រិតយុវជនអាយុចាប់ពី១០ទៅ១៣ឆ្នាំ។ ច័ន្ទឧត្តម បានចាត់ទុកជ័យជម្នះដ៏ត្រចះត្រចង់របស់គេ មិនត្រឹមតែជួយលើកកិត្តិយសប្រទេសជាតិលើឆាកអន្តរជាតិនោះទេ ថែមទាំងជួយលើកកិត្តិយសគ្រួសារ និងរូបគេទៀតផង។ ម្យ៉ាងទៀតជួយលើកតម្កើងជីវភាពគ្រួសាររបស់គេឲ្យកាន់តែល្អប្រសើរថែមទៀត។ បើតាមអនុក្រឹត្យអន្តរក្រសួង ច័ន្ទឧត្តម ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ៧២លានរៀល។
ម្ចាស់ពានយុវជនឆ្នើមកម្រិតអាស៊ីរូបនេះបានប្តេជ្ញាថា រូបគេនឹងបង្កើតការហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យកាន់តែថែមទៀត ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកលើឆាកអន្តរជាតិនៅលើកក្រោយៗទៀត។ រូបគេអះអាងថា បើមានឱកាសចូលរួមប្រកួតលើឆាកអន្តរជាតិលើកក្រោយ នឹងព្យាយាមធ្វើឲ្យបានល្អជាងលើកនេះ។
បច្ចុប្បន្នកីឡាករ សុភ័ក្ត្រ ច័ន្ទឧត្តម ជាយុវជនថ្នាលជម្រើសជាតិរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។ រូបគេបានចូលប្រឡូកក្នុងវិស័យកីឡានេះតាំងពីអាយុ៩ឆ្នាំ។ កីឡាករ សុភ័ក្ត្រ ច័ន្ទឧត្តម រួមទាំងប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជាបាននាំយកមេដាយ និងពានជើងឯកអាស៊ីនៅម៉ុងហ្គោលីមកដល់កម្ពុជាកាលពីថ្ងៃទី១៥ ឧសភា។ សម្រាប់ដំណើរវិវត្តនេះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក កែវ រ៉េមី ប្រធានសហព័ន្ធ និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
Tag:
តេក្វាន់ដូ ITF
សុភ័ក្ត្រ ច័ន្ទឧត្តម
© រក្សាសិទ្ធិដោយ thmeythmey.com