កីឡាជាតិ
ជាតិ
ទោះ​របួស​ដៃ តែ សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម តស៊ូ​រហូត​ឈ្នះ​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​១
17, May 2018 , 7:59 am        
រូបភាព
កីឡាករ សុភ័ក្ត្រ ច័ន្ទឧត្តម ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ
កីឡាករ សុភ័ក្ត្រ ច័ន្ទឧត្តម ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ
ដោយ:
​កីឡាករ​យុវជន​ថ្នាល​ជម្រើសជាតិ​តេ​ក្វាន់​ដូ ITF សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម បានចាត់ទុក​អាកាសធាតុ​ត្រជាក់ និង​របួស​ដៃ​ខាងឆ្វេង​ជា​បញ្ហា​ប្រឈម​ដ៏​លំបាក​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​។ ប៉ុន្តែ​កីឡាករ​វ័យ​ជាង​១០​ឆ្នាំ​រូបនេះ នៅតែ​អាច​សាង​ភាព​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​១​។ ជ័យជម្នះ​របស់ ច័ន្ទ​ឧ​ត្ត​ម មិន​ត្រឹមតែ​ជួយ​លើក​កិត្តិយស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​នោះទេ ថែមទាំង​ជួយ​លើក​មុខមាត់​គ្រួសារ​គេ​ទៀតផង​។​



​ទន្ទឹមនឹង​នាំ​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​ពី​ជើងឯក​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី​ជូន​ជាតិ​មាតុភូមិ កីឡាករ សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម បាន​រៀបរាប់​ពី​ទុក្ខលំបាក​ថា រូបគេ​បាន​រងរបួស​កែងដៃ​ខាងឆ្វេង ក្នុងអំឡុងពេល​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ​កីឡាករ​រុស្ស៊ី​។ ប៉ុន្តែ​ការលើក​ទឹក​ពី​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​មិត្ត​រួម​ក្រុម​ជា​កត្តា​ជំរុញ​ឲ្យ​រូបគេ​មាន​ទឹកចិត្ត​ប្រកួត​រហូត​យកឈ្នះ​កីឡាករ​រុស្ស៊ី ដើម្បី​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​។​

«​ការប្រកួត​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី បញ្ហា​ដែល​លំបាក​ជាងគេ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​បាន​រងរបួស​កែងដៃ​ខាងឆ្វេង ដែលជា​ហេតុ​ធ្វើ​ខ្ញុំ​មានការ​លំបាក​មែនទែន​ក្នុង​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​មួយ​នេះ​។ តែដោយសារ​ការខិតខំ​ហ្វឹកហាត់​នាពេល​កន្លងមក និង​ការជំរុញ​ទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ គ្រូបង្វឹក ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​ជោគជ័យ​នៅពេលនេះ​»​។ ជាការ​លើកឡើង​របស់​កីឡាករ សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម​។   

​លោក ឈួន ចាន់ថន ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី​បាន​អះអាងថា ការ​ប៉ះគ្នា​រវាង ច័ន្ទ​ឧ​ត្ត​ម ជាមួយ​កីឡាករ​រុស្ស៊ី ជា​ជំនួប​មួយ​ដ៏​តានតឹង​និង​ស្វិតស្វាញ​បំផុត ដោយ​អាជ្ញាកណ្តាល​បាន​បន្ថែម​ការប្រកួតរ​ហូត​ពីរ​ទឹក ក្រោយ​ចប់​ការប្រកួត​ពីរ​ទឹក​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា​។​



​អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​រូបនេះ​បាន​រៀបរាប់ថា នា​ការប្រកួត​ទឹក​ទី​១ ច័ន្ទ​ឧ​ត្ត​ម បាន​រងរបួស​ភ្លាត់ឆ្អឹង​កែងដៃ​ខាងឆ្វេង​ក្រោយ​ការទា​ត់របស់​កីឡាករ​រុស្ស៊ី​។ ក្រោយ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​គ្រូពេទ្យ ច័ន្ទ​ឧ​ត្ត​ម ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រកួត​បន្ត​រហូត​ចប់​ទឹក​ទី​១ ដែល​កីឡាករ​រុស្ស៊ី​ជា​អ្នកឈ្នះ​។ កីឡាករ​រុស្ស៊ី ហាក់​ថមថយ​កម្លាំង​ក្រោយ​សម្រុក​ខ្លាំង​ក្នុង​ទឹក​ទី​១ ដែលជា​ឱកាស​សម្រាប់ ច័ន្ទ​ឧ​ត្ត​ម ក្នុងការ​វាយបក​ដោយ​ប្រើ​ជើង​ច្រើនជាង​ដៃ ដើម្បី​យកឈ្នះ​កីឡាករ​រុស្ស៊ី​ក្នុង​ទឹក​ទី​២​។​

​កីឡាករ​ទាំង​ពីរបាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា ក្រោយ​ចប់​ការប្រកួត​ពីរ​ទឹក​។ ដូច្នេះ​អាជ្ញាកណ្តាល​ត្រូវ​បន្ថែម​១​ទឹក ដើម្បី​កាត់សេចក្តី តែ​ក្នុង​ទឹក​ទី​៣​នេះ​ពួកគេ នៅតែ​បន្ត​ស្មើគ្នា​ដដែល​។ អាជ្ញាកណ្តាល​បានសម្រេច​ថែម​១​ទឹក​ទៀត ដោយ​លើ​នេះ​អ្នកណា​ទាត់​ត្រូវ​គូប្រកួត​មុន​ជា​អ្នកឈ្នះ​។ ជា​លទ្ធផល​អាជ្ញាកណ្តាល​បាន​លើក​ទង់​សម្រេច​ឲ្យ​កីឡាករ ច័ន្ទ​ឧ​ត្ត​ម ទទួល​ជ័យជម្នះ​លើ​កីឡាករ​រុស្ស៊ី ក្រោយ​គេ​ទាត់​ត្រូវ​គូប្រកួត​មុន​។​

​សម្រាប់​ការចូលរួម​ប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៩​នៅ​ម៉ុង​ហ្គោ​លី​នេះ កីឡាករ​យុវជន​ថ្នាល​ជម្រើសជាតិ​តេ​ក្វាន់ ITF សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម បានឈ្នះ​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​១​។ មេដាយមាស​ទាំង​៣ រូបគេ រកបាន​លើ​វិញ្ញាសា​សម្តែង​មេគុន​ឯកត្តជន ប្រយុទ្ធ​ឯកត្តជន និង​បច្ចេកទេស​ពិសេស រីឯ​មេដាយប្រាក់​រកបាន​លើ​វិញ្ញាសា​សម្តែង​មេគុន​ជា​ក្រុម និង​សំរឹទ្ធ​ប្រយុទ្ធ​ជា​ក្រុម​។

​តាមរយៈ​ជ័យជម្នះ​នេះ កីឡាករ សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម ទទួលបាន​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីបអាស៊ី​កម្រិត​យុវជន​អាយុ​ចាប់ពី​១០​ទៅ​១៣​ឆ្នាំ​។ ច័ន្ទ​ឧ​ត្ត​ម បានចាត់ទុក​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​របស់គេ មិន​ត្រឹមតែ​ជួយ​លើក​កិត្តិយស​ប្រទេសជាតិ​លើ​ឆាក​អន្តរជាតិ​នោះទេ ថែមទាំង​ជួយ​លើក​កិត្តិយស​គ្រួសារ និង​រូបគេ​ទៀតផង​។ ម្យ៉ាងទៀត​ជួយ​លើកតម្កើង​ជីវភាព​គ្រួសារ​របស់គេ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ បើតាម​អនុក្រឹត្យ​អន្តរក្រសួង ច័ន្ទ​ឧ​ត្ត​ម ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល ៧២​លាន​រៀល​។

​ម្ចាស់​ពាន​យុវជន​ឆ្នើម​កម្រិត​អាស៊ី​រូបនេះ​បាន​ប្តេជ្ញា​ថា រូបគេ​នឹង​បង្កើត​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ថែមទៀត ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​លើ​ឆាក​អន្តរជាតិ​នៅលើ​ក​ក្រោយៗ​ទៀត​។ រូបគេ​អះអាងថា បើ​មានឱកាស​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​ក្រោយ នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​ជាង​លើក​នេះ​។​

​បច្ចុប្បន្ន​កីឡាករ សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម ជា​យុវជន​ថ្នាល​ជម្រើសជាតិ​របស់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​។ រូបគេ​បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​នេះ​តាំងពី​អាយុ​៩​ឆ្នាំ​។ កីឡាករ សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម រួមទាំង​ប្រតិភូ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បាន​នាំយក​មេដាយ និង​ពាន​ជើងឯក​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​១៥ ឧសភា​។  សម្រាប់​ដំណើរ​វិ​វត្ត​នេះ ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ និង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា រួមទាំង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕


Tag:
 ​តេ​ក្វាន់​ដូ ITF
  សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម
© រក្សាសិទ្ធិដោយ thmeythmey.com