កីឡាអន្តរជាតិ
អន្តរជាតិ
Griezmann កីឡាករឆ្នើមនាំឲ្យ Atletico ឈ្នះ Europa League លើកទី៣ក្នុងរយៈពេល៩ឆ្នាំ Atletico Madrid ឈ្នះពាន Europa League លើកទីបីក្នុងរយៈពេល៩ឆ្នាំ។ រូបថត AFP
× Antoine Griezmann បានស៊ុតបញ្ចូលទី២គ្រាប់ ហើយប្រធានក្រុម Gabi បន្ថែម១គ្រាប់នៅចុងម៉ោងក្នុងជំនួបជាមួយ Marseille ក្នុងក្រុងលីយ៉ុង ដើម្បីនាំឲ្យ Atletico Madrid ឈ្នះពាន Europa League ជាលើកទី៣ក្នុងរយៈពេល៩ឆ្នាំ។
Atletico Madrid បានឈ្នះពាន Europa League កាលពីឆ្នាំ២០១០ និងឆ្នាំ២០១២ ។ ការឈ្នះបន្ថែមទៀតនេះ នាំឲ្យ Atletico ក្លាយជាជើងឯកពានលំដាប់ទីពីរនៅអឺរ៉ុបស្មើ Sevilla បើគិតចាប់តាំងពីការបង្កើតពានផ្លូវការនៅរដូវកាលឆ្នាំ២០០៩-១០ ។
Marseille ដែលប្រធានក្រុម Dimitri Payet មានបញ្ហារបួសនោះ បានបន្តបរាជ័យទាំងបីលើកក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុប ដោយមានមានការស៊ុតបាល់បញ្ចូលទីលើគូប្រកួតមួយគ្រាប់ណាឡើយ។ បើគិតទាំងព្រឹត្តិការណ៍ Uefa Cup ឬ Europa League ក្លិប Marseille ចាញ់ទាំង៥លើកក្នុងជំនួបតទល់ជាមួយក្លិបរបស់អេស្ប៉ាញ។
ការនាំឲ្យ Atletico Madrid ឈ្នះពាន បានធ្វើឲ្យលោក Diego Simeone ក្លាយជាគ្រូបង្វឹកទីពីរដែលបានលើកពាន Europa League ជាងមួយលើក បន្ទាប់ពីលោក Unai Emery ដែលបានឈ្នះ៣លើក។
Griezmann រួមចំណែកលើគ្រាប់បាល់បញ្ចូលទីចំនួន១២គ្រាប់ក្នុងព្រឹត្តិការណ៍អឺរ៉ុបនារដូវកាលនេះ ដោយស៊ុតបញ្ចូលទី៨គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុម៤គ្រាប់។
Fernando Torres បានចូលជំនួស Griezmann នៅនាទីចុងក្រោយ។ សម្រាប់លោក Simeone កីឡាករ Torres តំណាងគ្រប់យ៉ាងសម្រាប់ Atletico Madrid បើទោះបីជាគេមិនសូវបានជាប់ជម្រើសដំបូងក៏ដោយ៕
រូបថតទាំងអស់៖ AFP
Tag:
Europa League
Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com