អន្តរជាតិ
ការបំពុល​បរិយាកាស​ក្នុងប្រទេស​វៀតណាម​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជាច្រើន
17, May 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ហូជីមិញ ៖ ជាទូទៅ​គុណភាព​ខ្យល់​ក្នុងប្រទេស​វៀតណាម​មិនអាក្រក់​ខ្លាំង​ដូច​ទៅនឹង​គុណភាព​ខ្យល់​ក្នុងប្រទេស​ចិន​ឬ​ឥណ្ឌា​ទេ នៅពេលណា​ដែល​គេ​និយាយ​អំពី​ការបំពុល​បរិយាកាស​។ ប៉ុន្តែ​វា​មាន​ស្ថានភាព​អាក្រក់​និង​កាន់តែ​អាក្រក់​ឡើង ហើយ​ជាតិពុល​នៅក្នុង​ខ្យល់​ទាំងអស់​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន មិន​ថា​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​ទិញ​ប្រេងឥន្ធនៈ​ល្អ​ជាង​នេះ ឬ​ផលប៉ះពាល់​លើ​សុខភាព​របស់​ពលរដ្ឋ​វៀតណាម​ដែល​រងគ្រោះ​ដោយសារ​ជាតិពុល​ទាំងនេះ​ទេ​។​



​សេដ្ឋវិទូ​ផ្នែក​បរិស្ថាន​លោក Le Viet Phu បាន​និយាយថា មិនយូរ​មិនឆាប់​នឹងមាន​ផលប៉ះពាល់​ពី​ការបំពុល​បរិយាកាស​ក្នុងប្រទេស​វៀតណាម​។​

​លោក Le Viet Phu កំពុង​ជំរុញ​ឲ្យ​ពលរដ្ឋ​វៀតណាម​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ​និង​គួរ​ចំណាយ​ខ្ពស់​ដើម្បី​ទទួលបាន​ថាមពល​ស្អាត បើទោះបីជា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​នៅពេល​ដំបូង​យ៉ាងណាក៏ដោយ​។ ស្ថិតិ​ដែល​ទទួលបាន​នេះ​ប្រហែល​អាចជា​ការ​ក្រើនរំឭក​ដល់​ពួកគេ​បាន​។​ស្ថិតិ​នេះ​បាន​ឲ្យ​ដឹងថា ប្រទេស​វៀតណាម​ឥឡូវនេះ​បាន​ស្ថិតនៅក្នុង​បណ្តុំ​នៃ​ប្រទេស​ទាំង​១០ ដែលមាន​ការបំពុល​បរិយាកាស​អាក្រក់​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ នេះ​បើ​យោងតាម​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​នៅក្នុង​ទីក្រុង​ហូជីមិញ​។​

​ឧបករណ៍​វាស់​ស្ទង់​គុណភាព​ខ្យល់​នៃ​ស្ថាន​កុងស៊ុល​បាន​ក្លាយជា​កន្លែង​ផ្តល់​ពត៌មាន​ប្រចាំថ្ងៃ​សម្រាប់​ពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​ហូជីមិញ ចាប់តាំងពី​ឧបករណ៍​នេះ​ត្រូវបាន​បំពាក់​កាលពី​ឆ្នាំ​២០១៥​មក ហើយ​ឧបករណ៍​ដូចគ្នានេះ​ក៏មាន​បំពាក់​នៅឯ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ហាណូយ​ផងដែរ​។​

​លោក Phu ដែល​បម្រើការ​នៅ​សាកលវិទ្យាល័យ Fulbright ក្នុងប្រទេស​វៀតណាម​បាន​និយាយថា «​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដោយសារតែ​ថាមពល​មានតម្លៃ​ថោក​»​។​

​បញ្ហា​ប្រឈម​


​ការរីកលូតលាស់​សេដ្ឋកិច្ច​ក្រោយ​សង្គ្រាម​បានធ្វើ​ឲ្យ​វៀតណាម​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ប៉ុន្តែ​វិស័យ​មួយចំនួន​ត្រូវបាន​ផ្អាក​ដោយសារ​បញ្ហា​ពាណិជ្ជកម្ម​នៅពេលនោះ​។ ផលិតផល​ក្នុងស្រុក​សរុប​បាន​កើនឡើង​ពី​៦​ទៅ​៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ​។​

​ស្របពេល​ជាមួយគ្នានេះ ខ្យល់​ដកដង្ហើម​ក្នុង​ទីក្រុង​ហូជីមិញ​ត្រូវបាន​មើលឃើញថា​មានការ​បំពុល​យ៉ាងខ្លាំង​បើ​ធៀប​ទៅ​កាលពី​ពីរ​ឆ្នាំមុន សម្រាប់​អ្នក​ដែល​ងាយ​រងគ្រោះ​។​

​កាលពី​ឆ្នាំ​២០១៣ ពលរដ្ឋ​វៀតណាម​ចំនួន​៦៦.៣០០​នាក់​បាន​ស្លាប់​ដោយសារ​បញ្ហា​បង្ក​នានា​ពី​ខ្យល់​មាន​ជាតិពុល​។ លោកស្រី Mary Tarnowka អគ្គ​កុងស៊ុល​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ហូជីមិញ​បាន​មានប្រសាសន៍​ដោយ​លើកឡើង​ពី​ទិន្នន័យ​របស់​ធនាគារពិភពលោក​ថា «​ការបំពុល​បរិយាកាស​គឺ​គ្មាន​ដែន​កំណត់​នោះទេ ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​គ្រប់គ្នា​ទាំងអស់​»​។​

​លោកស្រី​បាន​ថ្លែង​បន្ថែមថា​«​គ្រួសារ​របស់ខ្ញុំ​ធ្លាប់​រស់នៅ​ប្រទេស​ចិន​និង​ឥណ្ឌា​អស់​ជាច្រើន​ឆ្នាំ ហើយ​យើង​បានដឹង​យ៉ាងច្បាស់​ពី​ផលប៉ះពាល់​សុខភាព​ដោយសារ​គុណភាព​ខ្យល់ ជាពិសេស​សុខភាព​រប​ស់​កុមារ​តូចៗ​ដែល​សួត​របស់​ពួកគេ​កំពុងតែ​លូតលាស់​»​។​

​វា​ក្លាយជា​រឿង​ធម្មតា​ទៅហើយ​ដែល​សាលារៀន​ត្រូវ​ពន្យារពេល​ចូលរៀន​ពីរ​បី​ម៉ោង ឬ​ត្រូវ​បិទ​មួយថ្ងៃ​ពេញ​ដើម្បី​កុំ​ឲ្យ​កុមារ​ដកដង្ហើម​ស្រូបយក​ខ្យល់​កខ្វក់​ទាំងនោះ​។ នៅតាម​ផ្ទះ​និង​ការិយាល័យ​ធ្វើការ តុ​និង​ទូរ​ដាក់​ឯកសារ​ត្រូវ​ជូត​ជា​រៀងរាល់ថ្ងៃ​ដោយសារ​មាន​ល្អងធូលី​យ៉ាងច្រើន​។​

​ឧស្សាហកម្ម​ដែល​បំពុលបរិស្ថាន​គឺជា​បញ្ហាសំខាន់​នៅតាម​តំបន់​ជាយក្រុង​ហាណូយ និង​ជាយក្រុង​ហូជីមិញ​។ ក៏ប៉ុន្តែ​លោក Phu​បាន​ថ្លែងថា ៩០​ភាគរយ​នៃ​ផ្សែង​ពុល​ចេញ​មកពី​ការធ្វើ​ចរាចរណ៍​នៅតាម​ផ្លូវ​នានា​។​

​ដំណោះស្រាយ​


​ហេតុដូច្នេះ​ហើយ​បាន​ជាមាន​សំណើ​ជាច្រើន​តម្រូវ​ឲ្យ​អ្នកបើកបរ​ត្រូវយក​យានយន្ត​របស់ខ្លួន​ទៅ​ត្រួតពិនិត្យ​ផ្សែង​ឲ្យ​បាន​ទៀងទាត់​ជាប្រចាំ​។ វៀតណាម​បាន​សង្កត់ធ្ងន់​លើ​ជម្រើស​មួយចំនួន​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ពី​ការកកស្ទះ​ចរាចរណ៍​។ រដ្ឋាភិបាល​បានស្នើ​ឲ្យ​យកពន្ធ​បន្ថែម​លើ​ឧស្ម័ន ប៉ុន្តែ​មិនទាន់បាន​ចាប់​អនុវត្ត​នៅឡើយ​ទេ ដោយសារ​មានការ​ប្រឆាំង​ពី​សាធារណជន​។​

​រដ្ឋាភិបាល​ទីក្រុង​ហាណូយ និង​រដ្ឋាភិបាល​ទីក្រុង​ហូជីមិញ​បាន​ចំណាយពេល​រាប់​ឆ្នាំ​បង្កើត​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី ដើម្បី​ឲ្យ​ពលរដ្ឋ​កាត់បន្ថយ​ការប្រើប្រាស់​យានយន្ត​ឯកជន ប៉ុន្តែ​កាល​បរិ​ចេ្ឆ​ទ​នៃ​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​នេះ មិនទាន់​ត្រូវបាន​បញ្ជាក់​នៅឡើយ​ទេ ខណៈ​មានការ​ខ្វះខាត​ផ្នែក​ថវិកា​។ ប៉ុន្តែ​វៀតណាម​នឹង​ទទួលបាន​លទ្ធផល​គាប់ប្រសើរ​យ៉ាង​ធំធេង ប្រសិនបើ​ខ្លួន​ឈប់​ប្រើ​ធ្យូងថ្ម ហើយ​ងាក​មក​ទាញ​ថាមពល​ពី​ខ្យល់ ព្រះអាទិត្យ និង​ជម្រើស​ថាមពល​ផ្សេងទៀត​។ នេះ​បើ​យោងតាម​អង្គការ​បរិស្ថាន​វៀតណាម​មួយ​មាន​ឈ្មោះថា CHANGE​។​

​អ្នកស្រី Hoang Hong ដែលជា​នាយិកា​អង្គការ​នេះ​បាន​ថ្លែងថា ជម្រើស​ទាំងនេះ​នឹង​ជួយ​ដល់​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ក្នុងការ​រក្សា​ការសន្យា​របស់ខ្លួន​នៅក្នុង​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ទីក្រុង​ប៉ារីស ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​

​អ្នកស្រី​បាន​មានប្រសាសន៍ថា «​ខ្ញុំ​សង្ឃឹមថា​ទីក្រុង​ហូជីមិញ ដែលមាន​អំណោយផល​ទាំង​ផ្នែក​ភូមិសាស្ត្រ​និង​អាកាសធាតុ ជាមួយនឹង​សេដ្ឋកិច្ច សក្តានុពល​ផ្នែក​បច្ចេកវិទ្យា​និង​ធនធានមនុស្ស ព្រមទាំង​ការបើកចំហ​នូវ​ផ្នត់គំនិត​របស់​រដ្ឋាភិបាល​និង​ពលរដ្ឋ​របស់​ប្រទេស​នេះ នឹង​អាចជួយ​ត្រួសត្រាយ​ផ្លូវ​ដល់​ដំណើរ​ការផលិត​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​ប្រទេស​នេះ​»​។​

​ប្រទេស​វៀតណាម​មិនទាន់​ឈានដល់​ការបំពុល​បរិយាកាស​ក​ម្រិ​ត​ខ្ពស់​ក្នុងចំណោម​

​ប្រទេសជិតខាង​នៅ​អាស៊ី​នៅឡើយ​ទេ ហើយ​ក្រុម​អ្នក​បរិស្ថាន​សង្ឃឹមថា នៅមាន​ពេលវេលា​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​ស្ថានភាព​នេះ​នឹងមិន​កាន់តែ​អាក្រក់​ឡើង​នោះទេ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com