អន្តរជាតិ
ឌូ​ទើ​តេ​៖ «​ខ្ញុំ​នឹងធ្វើ​សង្គ្រាម​ជាមួយ​ចិន បើ​អ្នក​រិះគន់ថា​ខ្ញុំ​ខ្លាច​ចិន ទៅ​ប្រយុទ្ធ​ជួរមុខ​»
17, May 2018 , 11:38 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ឈរអមមន្រ្តីយោធាជាន់ខ្ពស់ (រូបភាព AFP)
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ឈរអមមន្រ្តីយោធាជាន់ខ្ពស់ (រូបភាព AFP)
​តាំងពី​កាន់អំណាច​មក​នោះ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ អនុវត្ត​នយោបាយ​ទន់ភ្លន់​ប្រឈមមុខ​នឹង​យោ​ធូប​នីយកម្ម​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ លោក ឌូ​ទើ​តេ រង​ការរិះគន់​ខ្លាំង​ដោយសារ​ការមិន​អើពើ​នឹង​សកម្មភាព​របស់​ចិន​បែបនេះ​។ ទំនងជា​ធុញទ្រាន់​នឹង​ពាក្យរិះគន់​ដដែលៗ​ជុំវិញ​នយោបាយ​ជាមួយ​ក្រុង​ប៉េកាំង លោក​ក៏បាន​ប្រកាសថា លោក​នឹងធ្វើ​សង្គ្រាម​ជាមួយ​ចិន​តែម្ដង បើ​ក្រុម​អ្នក​រិះគន់​លោក​ទៅ​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ​។



​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​១៦ ខែឧសភា បាន​និយាយ​ការពារ​ជំហរ​របស់លោក​ក្នុងការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ជាទី​ដែល​ចិន​ត្រូវបាន​រាយការណ៍​ថា បាន​បង្កើន​សកម្មភាព​យោធា​ជាខ្លាំង​នៅ​រយៈពេល​ចុងក្រោយ​នេះ​។ លោក ឌូ​ទើ​តេ នៅតែ​ប្រកាន់​គំនិត «​ពងមាន់​កុំ​ជល់​ថ្ម​» ចំពោះមុខ​សកម្មភាព​របស់​ចិន ដោយបាន​អះអាងថា ការប្រយុទ្ធ​ជាមួយ​ចិន​គ្មាន​បាន​ផល​អ្វី​ឡើយ ក្រៅពី​បាត់បង់​ជីវិត​ទាហាន​នោះ​។​

​អ្នកនយោបាយ​ខ្លះ​នៅ​ហ្វីលីពីន​មាន​សមាជិក​ព្រឹទ្ធសភា​ជាដើម​បាន​រិះគន់​លោក ឌូ​ទើ​តេ ដែល​មិន​បានធ្វើ​អ្វី​សោះ​នៅពេល​ចិន​ធ្វើ​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ថ្មីៗ​នេះ មាន​របាយការណ៍​ថា ចិន​បាន​ដំឡើង​មី​ស៊ី​ល​ប្រឆាំង​នាវា និង​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​នៅ​កោះ​សិប្បនិម្មិត​មួយចំនួន​នៅ​តំបន់​ដែនទឹក​មាន​ជម្លោះ​។ យ៉ាងណាមិញ លោក ឌូ​ទើ​តេ នៅតែ​អះអាងថា សង្គ្រាម​មិនជា​ជម្រើស​ទេ ព្រោះ​ហ្វីលីពីន​មិនអាច​ឈ្នះ​ចិន​បានឡើយ​។​

​យោងតាម​សារព័ត៌មាន Manila Bulletin លោក ឌូ​ទើ​តេ និយាយ​នៅ​វិមាន Malacanang នៅ​ថ្ងៃទី​១៦ ខែឧសភា ថា​៖ «​ខ្ញុំ​អាច​ប្រកាសសង្គ្រាម​ជាមួយ​ចិន​បាន តែ​អ្នកណា​ទៅ​ប្រយុទ្ធ​? ទាហាន​? ប៉ូលិស​? ពួកគេ​នឹងត្រូវ​ស្លាប់​ទាំងអស់​»​។ ទន្ទឹមគ្នា​នោះ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​ក៏​ប្រាប់​អ្នក​រិះគន់​លោក​វិញ​ថា លោក​នឹងធ្វើ​សង្គ្រាម​ជាមួយ​ចិន ហើយ​ពួកគេ​ទាំងនោះ​នឹង​ប្រយុទ្ធ​នៅ​ជួរមុខ ឯ​លោក​ឈរ​នៅ​ពីក្រោយ​។ 

​ជុំវិញ​សកម្មភាព​យោធា​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង វា​មិនមែនជា​រឿង​ត្រូវ​ភ្ញាក់ផ្អើល​សម្រាប់​លោក ឌូ​ទើ​តេ ឡើយ ព្រោះ​លោក​ដឹងថា វា​នឹង​កើតឡើង​ដោយ​ចៀស​មិន​ផុត​។ ជាថ្មី​ម្ដងទៀត លោក​ក៏​ឆ្លៀត​រិះគន់​អាមេរិក​ដែល​មិន​ព្រមធ្វើ​សកម្មភាព​ប្រឆាំង​ចិន​តាំងពី​ពេល​ដំបូង នៅពេល​ចិន​ទើប​ចាប់ផ្ដើម​សកម្មភាព​យោធា​នៅ​ទីនោះ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​។ លោក ឌូ​ទើ​តេ ក៏​បន្ទោស​អតីត​ប្រធានាធិបតី បេ​នី​ណូ អាគី​ណូ ដែល​មិន​ព្រម​អនុវត្ត​សាលក្រម​របស់​តុលាការអន្តរជាតិ​ដែល​កាត់​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​។

​ក្នុង​អាណត្តិ​របស់ខ្លួន លោក ឌូ​ទើ​តេ បាន​ទុក​សាលក្រម​តុលាការអន្តរជាតិ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ទូរ​ចោល មិន​យកទៅ​តតាំង​ជាមួយ​ចិន​ឡើយ​។ ជំនួស​មកវិញ លោក​បែរជា​អនុវត្ត​នយោបាយ​ការបរទេស​រួសរាយ​ទន់ភ្លន់​ដាក់​ចិន ដែល​ធ្វើ​ឲ្យ​ហ្វីលីពីន​ទទួលបាន​ជំនួយ និង​ការវិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​។ នៅមុននេះ លោក ឌូ​ទើ​តេ ថែមទាំង​អះអាងថា ចិន​នឹង​ការពារ​លោក​មិន​ឲ្យ​ធ្លាក់​ពី​តំណែង​ទៅទៀត​៕


Tag:
 ហ្វីលីពីន​
  ចិន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
© រក្សាសិទ្ធិដោយ thmeythmey.com