អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ូលិស​រឹបអូស​កាបូប​ដៃ​ភរិយា​លោក ណា​ជីប ក្រោយ​ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះ​ស្វែងរក​ឯកសារ​ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ
17, May 2018 , 1:38 pm        
រូបភាព
​យប់​ថ្ងៃ​ពុធ​ទី ១៦ ខែឧសភា កងកម្លាំង​ប៉ូលិស​ម៉ាឡេស៊ី​បាន​ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះ​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ យ៉ាងហោចណាស់​ចំនួន​ពីរ​កន្លែង​ដើម្បី​ស្វែងរក​ភស្តុតាង​ពាក់ព័ន្ធ​ករណី​ពុករលួយ​មូលនិធិ​រដ្ឋ 1MDB​។  អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ កាបូប​យួរដៃ​របស់​ភរិយា​អតីត​មេដឹកនាំ​ម៉ាឡេស៊ី​នេះ​ត្រូវបាន​ប៉ូលិស​រឹបអូស​ផងដែរ​។​

មេធាវី​ការពារ​ក្តី​លោក ណា​ជីប លោក Harpal Singh Grewal  បាន​ទទួលស្គាល់ថា វា​មាន​ការចុះ​ឆែកឆេរ​ពិតមែន​។​​ នេះបើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​សិង្ហ​បុរី Straits Times។ 

 វាមិនមានការ​ប្រឈមមុខគ្នា​រវាងក្រុមគ្រួសារ​លោក ណា​ជីប រ៉ា​ហ្សា​ក់ជាមួយ​សមត្ថកិច្ច​ឡើយ​។ ពួកគេ​ក៏បាន​ព្យាយាម​សហការ​ជាមួយ​ប៉ូលិស​ដើម្បី​បំពេញការងារ​ស្វែងរក​ភស្តុតាង​ឲ្យ​បាន​ចប់សព្វគ្រប់​ដែរ​។ មកដល់ពេលនេះ​មិនមាន​អ្នកណាម្នាក់​ត្រូវបាន​ចាប់ខ្លួន ហើយក៏​មិនមាន​ការបញ្ជា​ក់ថា វា​នឹងមាន​ការចាប់ខ្លួន​នៅពេល​ខាងមុខ​ដែរ​។​

​ក្រោយ​ប្រតិបត្តិ​ការឆែកឆេរ​អស់​រយៈពេល​ជាង ១០​ម៉ោង​នេះ​ពី​យប់​ថ្ងៃ​ពុធ​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស​មិនបាន​រកឃើញ​ឯកសារ​សំខាន់ៗ​ណាមួយ​ឡើយ​។ ផ្ទុយទៅវិញ ប៉ូលិស​បាន​រឹបអូស​កាបូប​យួរដៃ​ចំនួន​ពីរ​របស់​ភរិយា​លោក ណា​ជីប គឺ​លោកស្រី Rosmah Mansor និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​ប៉ុណ្ណោះ​។​

​កាបូបដៃ​របស់លោក​ស្រី Rosmah Mansor ជា​រឿងចម្រូងចម្រាស ហើយ​ភាព​ឡូយឆាយ​របស់លោក​ស្រី​ក្នុងនាម​ជា​ភរិយា​នាយករដ្ឋមន្ត្រី​នោះបាន​បង្កើត​ក្តី​ក្រហាយ​ខ្លាំង​ដែរ​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី​កន្លងមក​។  បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Asian Correspondent  កាបូប​យូរ​ដៃ​ដែល​លោកស្រី​ប្រើប្រាស់​ភាគច្រើន​គឺ​ម៉ាក Hermes Birkin ហើយ​កាបូប​ខ្លះ​មានតម្លៃ​ថ្លៃ​ដល់ ២០ ម៉ឺន​ដុល្លារ​ឯណោះ​។ ប៉ូលិស​ម៉ាឡេស៊ី​ចោទថា ក្រោយ​ចាញ់ឆ្នោត លោកស្រី​ព្យាយាម​យក​កាបូប​ប្រភេទ​ប្រហែល ៥០ ទៅ​លក់​ទុក​ថែមទៀត​។  
 
​ក្រៅពី​កាបូប​តម្លៃ​ថ្លៃ​កប់​ពពក បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អាមេរិក New York Times វា​ក៏មាន​បណ្តឹង​ផ្សេងទៀត​ចោទប្រកាន់ថា លុយ​មូលនិធិ​ដែល​បាត់​នោះ​ក៏​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមគ្រួសារ​លោក ណា​ជីប ដើម្បី​ទិញ​ខ្សែក​ដាំ​ត្បូង​ពេជ្រ​មាន​ទំហំ ២២​កា​រ៉ាត់ និង​មានតម្លៃ ២៧,៣​លាន​ដុល្លារ​សម្រាប់​លោកស្រី Mansor ផងដែរ​។ 
 
​ក្រោយ​ការធ្លាក់​បក្ស​កាន់អំណាច​ចាញ់ឆ្នោត ហើយ​លោក ណា​ជីប បាត់បង់​តំណែង ប្អូនប្រុស​របស់លោក បាននាំគ្នា​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ដែល​ប្រជាជន​ម៉ាឡេស៊ី​អាច​ផ្លាស់ប្តូរ​សង្គម​និង​បញ្ចប់​របប​ដឹកនាំ​កេងប្រវ័ញ្ច​លុយ​រដ្ឋ​បាន​ជោគជ័យ​។ លោក​ក៏បាន​សាទរ​លោក មហា​ធៀ ដែល​ត្រឡប់មក​កាន់អំណាច​ជាថ្មី​ដើម្បី​បោសសម្អាត​អំពើពុករលួយ​ដែរ​។​
 
​លោក Nazir Razak ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ធនាគារ CIMB បាន​ថ្លែង​ដូច្នេះ​ថា​៖« ម៉ាឡេស៊ី​ត្រូវការ​កែទម្រង់​ប្រទេស​ឡើងវិញ​ទ្រង់ទ្រាយ​ធំ​។ ប៉ុន្តែ​ការព្យាយាម​កន្លង​ដោយ​ចលនា​មុនៗ​បរាជ័យ​។ ឥឡូវនេះ​យើង​អាចធ្វើ​បាន​ហើយ​»​។​
 
​ចំណែក​កូនស្រី​ចុង​របស់លោក ណា​ជីប លោកស្រី Azrene Ahmad បាន​ថ្កោលទោស​ឪពុកចុង និង​ម្តាយ​របស់ខ្លួន​លោកស្រី Mansor ចំពោះ​ការ​កិបកេង​លុយ​រដ្ឋ​ដើម្បី​ភាព​ហ៊ឺរ​ហារ​ផ្ទាល់ខ្លួន​នោះ​។ លោកស្រី​សរសេរ​បង្ហោះ​តាម​គណនី Instagram ផ្លូវ​ការខ្លួន​នៅក្រោយ​ថ្ងៃ​បោះឆ្នោត​ដូច្នេះ​ថា​៖« ថ្ងៃនេះ​ជា​ថ្ងៃ​បញ្ចប់​នៃ​របប​ផ្តាច់​ការដែល​យើង​គ្រប់គ្នា​បួងសួង​ឲ្យ​កើតឡើង​កន្លងមក​។ ខ្ញុំ​មើលឃើញ​ផ្ទាល់​ទង្វើ​ក្បត់ជាតិ និង​សកម្មភាព​ផ្សេងទៀត​ដែល​ត្រូវបាន​អ្នក​ទាំងពីរ​បង្កើតឡើង​ដើម្បី​អំណាច និង​បំពេញ​ភាព​លោភលន់​របស់គេ​»​។​
 
​ត្រឡប់មកវិញ ការចុះ​ឆែកឆេរ​ផ្ទះ​អតីត​នាយករដ្ឋមន្ត្រី​នេះ​ធ្វើឡើង​ក្រោម​ច្បាប់​ប្រឆាំង​ការលាង​លុយ ហើយ​វា​ក៏​ធ្វើឡើង​ក្រោយ​ពេលដែល​សំណុំរឿង​ពុករលួយ​កេងប្រវ័ញ្ច​មូលនិធិ​រដ្ឋ 1MDB តាម​បញ្ជា​នាយករដ្ឋមន្ត្រី​ថ្មី មហា​ធៀ មហាម៉ាត់​ដែរ​។ 
 
​បង្កើត​ក្នុង​ឆ្នាំ​២០០៩ មូលនិធិ 1MDB មាន​គោលដៅ​ប្រែក្លាយ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ និង​ជំរុញ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការវិនិយោគ​យុទ្ធសាស្ត្រ​។ ប៉ុន្តែ​មន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក​ដែល​បាន​ស្រាវជ្រាវ​ក្នុងករណីនេះ​បាន​អះអាងថា មន្ត្រី​ក្នុង​មូលនិធិ​នេះ​បាន​កិបកេង​លុយ​ប្រហែល ៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​មួយផ្នែក​នៃ​លុយ​នោះ​មាននៅ​ក្នុង​គ​ណី​ធនាគារ​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ផង​។ ក្នុង​ឆ្នាំ ២០១៣ លុយ​មាន​ទំហំ ៦៨១ លាន​ដុល្លារ នៃ​មូលនិធិ​នេះ ត្រូវបាន​ផ្ទេរ​ទៅកាន់​គណនី​ធនាគារ​របស់លោក​។ ប៉ុន្តែ​លោក​បាន​បដិសេធ និង​អះអាងថា វា​ជា​លុយ​អំណោយ​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តល់​ឲ្យ​ប៉ុណ្ណោះ​៕ 
 
 

Tag:
 ណា​ជីប រ៉ា​ហ្សា​ក់​
  1MDB
  Rosmah Mansor
© រក្សាសិទ្ធិដោយ thmeythmey.com