ជាតិ
បោះឆ្នោត
គ​.​ជ​.​ប ដាក់សំណើ​ទៅ​ក្រសួងមហាផ្ទៃ ឲ្យ​ចាត់វិធានការ​លើ​អ្នក​ហាម​ពលរដ្ឋ​បោះឆ្នោត​
17, May 2018 , 2:19 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានដាក់​សំណើ​ទៅ​ក្រសួងមហាផ្ទៃ​ហើយ ដើម្បី​ចាត់វិធានការ​លើ​បុគ្គល ដែល​ញុះញង់​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ខាងមុខ​។​



​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​និយាយថា គ​.​ជ​.​ប និង​ក្រសួងមហាផ្ទៃ កំពុង​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់ ដើម្បី​កំណត់​ដាក់ទោស​លើ​អ្នក​ដែល​ហាម​ពលរដ្ឋ​ទៅ​បោះឆ្នោត​។ លោក ហង្ស ពុទ្ធា ចាត់ទុក​ករណី​ហាម​ពលរដ្ឋ​បោះឆ្នោត ជា​ទង្វើ​ផ្ទុយ​ពី​ផ្លូវច្បាប់​បោះឆ្នោត​។​

​ថ្លែង​ក្រោយ​សន្និសីទកាសែត នៅ​ព្រឹក​នេះ អ្នកនាំពាក្យ​គជប បានបញ្ជាក់​ដូច្នេះ​ថា​៖«​ចាត់វិធានការ​បែបនេះ គឺ​ក្រសួងមហាផ្ទៃ និង​គ​.​ជ​.​ប កំពុង​សិក្សា​ផ្លូវច្បាប់ ហើយ​យើង​ក៏​ចង់​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ដែរ​។ ប៉ុន្តែ​សម្រាប់ គ​.​ជ​.​ប ធាតុពិត​ទៅ យើង​មិន​ចង់​ឲ្យ​តែមាន​ការបោះឆ្នោត​ដាក់​ទោសទណ្ឌ​អ្នកនេះ ដាក់​ទោសទណ្ឌ​អ្នកនោះ ពីព្រោះ​តែ​រឿង​បោះឆ្នោត​ទេ​។ គជប មាន​បេះដូង​ទូលាយ ប៉ុន្តែ​អ្វីដែល​ធ្វើឡើង​ដោយ​មធ្យោបាយ​ទុច្ចរិត​ផ្សេងៗ គជប ក៏ត្រូវ​មានការ​រៀបចំ ហើយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ផងដែរ​។ ហើយ​ក្នុងនោះ​ការសហការ​ជាមួយ​ក្រសួងមហាផ្ទៃ​គឺជា​រឿង​សំខាន់​»​។​

​ត្រង់ចំណុច​នេះ​លោក ហង្ស ពុទ្ធា អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការបោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ដោយ​កុំ​ជឿ​លើ​ពាក្យឃោសនា​ហាម​ទៅ​បោះឆ្នោត​របស់​អ្នកនយោបាយ​។ ការលើកឡើង​លោក ហង្ស ពុទ្ធា ធ្វើឡើង​ក្រោយពី​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ខ្លួន ពហិកា​បោះឆ្នោត​ខាងមុខ​។​

អត្ថបទទាក់ទង


​ជន​ណា​ដែល​រារាំង​ពលរដ្ឋ​បោះឆ្នោត នឹងរង​ពិន័យ​ពី​៥ ទៅ​២០​លាន​រៀល ដោយ​ពុំទាន់​គិត​ទោស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត ។ ការផាកពិន័យ​នេះ មានចែង​នៅក្នុង​ច្បាប់​ស្តីពី​ការជ្រើសរើស​តំណាងរាស្ត្រ ត្រង់​ជំពូក​ទី​១០ ស្តីពី​ទោស​បញ្ញត្តិ នៃ​មាត្រា​៤២ ចែងថា «​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​៥,០០០,០០០​រៀល (​ប្រាំ​លាន​)​រៀល ទៅ​២០,០០០,០០០​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​»​។​


Tag:
 ​ហង្ស ពុទ្ធា
  គជប​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com