ជាតិ
បោះឆ្នោត
គ.ជ.ប ដាក់សំណើទៅក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការលើអ្នកហាមពលរដ្ឋបោះឆ្នោត
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់សំណើទៅក្រសួងមហាផ្ទៃហើយ ដើម្បីចាត់វិធានការលើបុគ្គល ដែលញុះញង់ប្រជាពលរដ្ឋ មិនឲ្យទៅចូលរួមបោះឆ្នោតខាងមុខ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាននិយាយថា គ.ជ.ប និងក្រសួងមហាផ្ទៃ កំពុងពិនិត្យមើលទិដ្ឋភាពច្បាប់ ដើម្បីកំណត់ដាក់ទោសលើអ្នកដែលហាមពលរដ្ឋទៅបោះឆ្នោត។ លោក ហង្ស ពុទ្ធា ចាត់ទុកករណីហាមពលរដ្ឋបោះឆ្នោត ជាទង្វើផ្ទុយពីផ្លូវច្បាប់បោះឆ្នោត។
ថ្លែងក្រោយសន្និសីទកាសែត នៅព្រឹកនេះ អ្នកនាំពាក្យគជប បានបញ្ជាក់ដូច្នេះថា៖«ចាត់វិធានការបែបនេះ គឺក្រសួងមហាផ្ទៃ និងគ.ជ.ប កំពុងសិក្សាផ្លូវច្បាប់ ហើយយើងក៏ចង់ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពដែរ។ ប៉ុន្តែសម្រាប់ គ.ជ.ប ធាតុពិតទៅ យើងមិនចង់ឲ្យតែមានការបោះឆ្នោតដាក់ទោសទណ្ឌអ្នកនេះ ដាក់ទោសទណ្ឌអ្នកនោះ ពីព្រោះតែរឿងបោះឆ្នោតទេ។ គជប មានបេះដូងទូលាយ ប៉ុន្តែអ្វីដែលធ្វើឡើងដោយមធ្យោបាយទុច្ចរិតផ្សេងៗ គជប ក៏ត្រូវមានការរៀបចំ ហើយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ផងដែរ។ ហើយក្នុងនោះការសហការជាមួយក្រសួងមហាផ្ទៃគឺជារឿងសំខាន់»។
ត្រង់ចំណុចនេះលោក ហង្ស ពុទ្ធា អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយកុំជឿលើពាក្យឃោសនាហាមទៅបោះឆ្នោតរបស់អ្នកនយោបាយ។ ការលើកឡើងលោក ហង្ស ពុទ្ធា ធ្វើឡើងក្រោយពីមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវឲ្យអ្នកគាំទ្រគណបក្សខ្លួន ពហិកាបោះឆ្នោតខាងមុខ។
ជនណាដែលរារាំងពលរដ្ឋបោះឆ្នោត នឹងរងពិន័យពី៥ ទៅ២០លានរៀល ដោយពុំទាន់គិតទោសព្រហ្មទណ្ឌផ្សេងៗទៀត ។ ការផាកពិន័យនេះ មានចែងនៅក្នុងច្បាប់ស្តីពីការជ្រើសរើសតំណាងរាស្ត្រ ត្រង់ជំពូកទី១០ ស្តីពីទោសបញ្ញត្តិ នៃមាត្រា៤២ ចែងថា «ត្រូវផាកពិន័យជាប្រាក់ពី៥,០០០,០០០រៀល (ប្រាំលាន)រៀល ទៅ២០,០០០,០០០រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត»។
Tag:
ហង្ស ពុទ្ធា
គជប
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com