អន្តរជាតិ
សិង្ហ​បុរី​មិនទាន់​សម្រេចចិត្ត​ចូលរួម​ក្នុង​សម្ព័ន្ធ​សន្តិសុខ​បួន​ភាគី QUAD ឡើយ​
17, May 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បុរី​សិង្ហ​បុរី​បានប្រកាសថា ឥឡូវនេះ​ខ្លួន​មិន​ចូលរួម​ក្នុង​បក្សសម្ព័ន្ធ​សន្តិសុខ​បួន​ភាគី (QUAD) មាន​គោលដៅ​រក្សា​សេរីភាព​និង​ការបើកចំហរ​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែលមាន​ឥណ្ឌា ជប៉ុន អាមេរិក និង​អូស្ត្រាលី​ជា​សមាជិក​ឡើយ​។ QUAD ត្រូវបាន​គេ​ចាត់ទុកថា ជា​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​ផងដែរ​។



​ប្រមុខ​ការទូត​សិង្ហ​បុរី​លោក វី​វៀន បា​ឡា​គ្រី​ស្ស​ស្នាន (Vivian Balakrishnan) បាន​ថ្លែង​ក្នុងពេល​ផ្ត​ល់ប​ឋ​កថា​នៅ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ (IISS) ចក្រភព​អង់គ្លេស នៅ​ថ្ងៃ​ចន្ទ​ទី ១៤ ខែ​ឧ​ភា​ថា សិង្ហ​បុរី​មិនទាន់​មានបំណង​ចូលរួម​ជាមួយ​សម្ព័ន្ធ​សន្តិសុខ​បួន​ភាគី (QUAD)​ឡើយ​។​

​យោងតាម​សារព័ត៌មាន​សិង្ហ​បុរី Straits Times ប្រមុខ​ការទូត​សិង្ហ​បុរី​រូបនេះ​បាន​ពន្យល់ថា សិង្ហ​បុរី​មិនទាន់​ដឹង​ច្បាស់​ពី​យុទ្ធសាស្ត្រ​ធានា​សេរីភាព និង​ការបើកចំហរ​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ និង​ការបង្កើត​សម្ព័ន្ធ​សន្តិសុខ​ឡើយ​។

​លោក បា​ឡា​គ្រី​ស្ស​ស្នាន បាន​បន្ថែមថា យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ​ត្រូវតែ​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍ និង​ជួយ​ឲ្យ​បណ្តា​ក្រុមហ៊ុន​ក្នុង​តំបន់​អាច​រួបរួមគ្នា​បាន​ដើម្បី​ទាញ​ប្រយោជន៍​បាន​ច្រើន​។ ប៉ុន្តែ​តាម​ការយល់​របស់លោក​ផ្ទាល់​ក្នុងនាម​ជា​ប្រមុខ​ការទូត សិង្ហ​បុរី​ចាំបាច់​ត្រូវ​រង់ចាំ និង ស្វែងយល់​ឲ្យ​បាន​ចាស់​ពី​គោលដៅ និង​អត្ថន័យ​ពិតប្រាកដ​នៃ​យុទ្ធសាស្ត្រ​នេះ​សិន​។​

​ក្រៅពី​ភាពមិនច្បាស់លាស់​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក លោក បា​ឡា​គ្រី​ស្ស​ស្នាន​បាន​បន្ថែមថា ការចូលរួម​ជាមួយ​ស​ម្ព័​ន្ធ​សន្តិសុខ QUAD ដែលមាន​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី​ជា​សមាជិក​នេះ​ក៏​អាច​នឹង​បង្ក​ផលប៉ះពាល់​ដល់​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុង​និម្មាបនកម្ម​តំបន់ និង​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​ឈរលើ​គោលការណ៍​ពហុភាគី​និយម និង​នីតិរដ្ឋ​ដែរ​។​

​តាមពិតទៅ​បក្សសម្ព័ន្ធ​សន្តិសុខ​បួន​ភាគី (QUAD) ត្រូវបាន​ភាគី​ទាំង​បួន​ឥណ្ឌា អាមេរិក ជប៉ុន និង​អូស្ត្រាលី បង្កើត​ឡើងវិញ​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ហ្វីលីពីន​ចុងឆ្នាំ ២០១៧​កន្លងទៅ​។ គេ​មើលឃើញថា គំនិត​ផ្តួចផ្តើម​សន្តិសុខ​នេះ​មាន​គោលដៅ​សំខាន់​ប្រឆាំង​ការ​កើន​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​តែម្តង​។​

​ដោយឡែក ពាក់ព័ន្ធ​តួនាទី​អាស៊ាន រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក  វី​វៀន បា​ឡា​គ្រី​ស្ស​ស្នាន (Vivian Balakrishnan) បាន​លើកឡើងថា អាស៊ាន​ត្រូវ​បន្ត​តួនាទី​ស្នូល និង​មានលទ្ធភាព​និយាយ​តាម​អ្វីដែល​ខ្លួន​ឃើញ និង​សមត្ថភាព​ក្នុងការ​សម្រេចចិត្ត​ដោយ​ឯករាជ្យ ដើម្បី​ធានាថា អាស៊ាន​មិន​បែកបាក់​។ លោក​បន្ថែមទៀតថា បុរី​រដ្ឋ​ដូចជា​សិង្ហ​បុរី​ជឿជាក់​លើ​ពហុភាគី​និយម នីតិរដ្ឋ និង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។ សិង្ហ​បុរី​មិន​គាំទ្រ​ដាច់ខាត​នៅពេលដែល​ប្រទេស​ធំ​ចង់​ដោះស្រាយ​បញ្ហា​នានា​តាមរយៈ​ការចរចា​ទ្វេភាគី ដោយ​អ្នកណា​មានអំណាច អ្នកនោះ​ឈ្នះ​។ វា​ចាំបាច់​ត្រូវតែ​គាំទ្រ​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​ផ្អែកលើ​ច្បាប់​៕


Tag:
 សិង្ហ​បុរី​
  QUAD
 ​វី​វៀន បា​ឡា​គ្រី​ស្ស​ស្នាន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com