អន្តរជាតិ
សិង្ហបុរីមិនទាន់សម្រេចចិត្តចូលរួមក្នុងសម្ព័ន្ធសន្តិសុខបួនភាគី QUAD ឡើយ
× បុរីសិង្ហបុរីបានប្រកាសថា ឥឡូវនេះខ្លួនមិនចូលរួមក្នុងបក្សសម្ព័ន្ធសន្តិសុខបួនភាគី (QUAD) មានគោលដៅរក្សាសេរីភាពនិងការបើកចំហរនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានឥណ្ឌា ជប៉ុន អាមេរិក និងអូស្ត្រាលីជាសមាជិកឡើយ។ QUAD ត្រូវបានគេចាត់ទុកថា ជាយុទ្ធសាស្ត្រថ្មីដើម្បីទប់ទល់ឥទ្ធិពលរបស់ចិនក្នុងតំបន់ផងដែរ។
ប្រមុខការទូតសិង្ហបុរីលោក វីវៀន បាឡាគ្រីស្សស្នាន (Vivian Balakrishnan) បានថ្លែងក្នុងពេលផ្តល់បឋកថានៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ចក្រភពអង់គ្លេស នៅថ្ងៃចន្ទទី ១៤ ខែឧភាថា សិង្ហបុរីមិនទាន់មានបំណងចូលរួមជាមួយសម្ព័ន្ធសន្តិសុខបួនភាគី (QUAD)ឡើយ។
យោងតាមសារព័ត៌មានសិង្ហបុរី Straits Times ប្រមុខការទូតសិង្ហបុរីរូបនេះបានពន្យល់ថា សិង្ហបុរីមិនទាន់ដឹងច្បាស់ពីយុទ្ធសាស្ត្រធានាសេរីភាព និងការបើកចំហរនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ និងការបង្កើតសម្ព័ន្ធសន្តិសុខឡើយ។
លោក បាឡាគ្រីស្សស្នាន បានបន្ថែមថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកនេះត្រូវតែផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចប្រទេសតំបន់អាស៊ីអាគ្នេយ៍ និងជួយឲ្យបណ្តាក្រុមហ៊ុនក្នុងតំបន់អាចរួបរួមគ្នាបានដើម្បីទាញប្រយោជន៍បានច្រើន។ ប៉ុន្តែតាមការយល់របស់លោកផ្ទាល់ក្នុងនាមជាប្រមុខការទូត សិង្ហបុរីចាំបាច់ត្រូវរង់ចាំ និង ស្វែងយល់ឲ្យបានចាស់ពីគោលដៅ និងអត្ថន័យពិតប្រាកដនៃយុទ្ធសាស្ត្រនេះសិន។
ក្រៅពីភាពមិនច្បាស់លាស់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក លោក បាឡាគ្រីស្សស្នានបានបន្ថែមថា ការចូលរួមជាមួយសម្ព័ន្ធសន្តិសុខ QUAD ដែលមានអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលីជាសមាជិកនេះក៏អាចនឹងបង្កផលប៉ះពាល់ដល់តួនាទីស្នូលរបស់អាស៊ានក្នុងនិម្មាបនកម្មតំបន់ និងសណ្តាប់ធ្នាប់ពិភពលោកដែលឈរលើគោលការណ៍ពហុភាគីនិយម និងនីតិរដ្ឋដែរ។
តាមពិតទៅបក្សសម្ព័ន្ធសន្តិសុខបួនភាគី (QUAD) ត្រូវបានភាគីទាំងបួនឥណ្ឌា អាមេរិក ជប៉ុន និងអូស្ត្រាលី បង្កើតឡើងវិញនៅក្នុងកិច្ចប្រជុំអាស៊ាននៅហ្វីលីពីនចុងឆ្នាំ ២០១៧កន្លងទៅ។ គេមើលឃើញថា គំនិតផ្តួចផ្តើមសន្តិសុខនេះមានគោលដៅសំខាន់ប្រឆាំងការកើនឥទ្ធិពលរបស់មហាយក្សចិនតែម្តង។
ដោយឡែក ពាក់ព័ន្ធតួនាទីអាស៊ាន រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីស្សស្នាន (Vivian Balakrishnan) បានលើកឡើងថា អាស៊ានត្រូវបន្តតួនាទីស្នូល និងមានលទ្ធភាពនិយាយតាមអ្វីដែលខ្លួនឃើញ និងសមត្ថភាពក្នុងការសម្រេចចិត្តដោយឯករាជ្យ ដើម្បីធានាថា អាស៊ានមិនបែកបាក់។ លោកបន្ថែមទៀតថា បុរីរដ្ឋដូចជាសិង្ហបុរីជឿជាក់លើពហុភាគីនិយម នីតិរដ្ឋ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ សិង្ហបុរីមិនគាំទ្រដាច់ខាតនៅពេលដែលប្រទេសធំចង់ដោះស្រាយបញ្ហានានាតាមរយៈការចរចាទ្វេភាគី ដោយអ្នកណាមានអំណាច អ្នកនោះឈ្នះ។ វាចាំបាច់ត្រូវតែគាំទ្រសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់៕
Tag:
សិង្ហបុរី
QUAD
វីវៀន បាឡាគ្រីស្សស្នាន
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com