ជាតិ
របាយការណ៍​ប៉ូលិស​៖ កុមារ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​កើនឡើង មួយខែ​ចុង​ក្រោយនេះ​
17, May 2018 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កុមារ​ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន មាន​ចំនួន​កើនឡើង​ក្នុង​រយៈពេល​១​ខែ​ចុង​ក្រោយនេះ​។ កុមារ​ទាំងនោះ មាន​អាយុ​ចន្លោះ​ពី​៨​ឆ្នាំ ដល់​១៧​ឆ្នាំ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ផែន​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ថ្ងៃទី​១៦ ខែឧសភា​។



​របាយការណ៍​សមត្ថកិច្ច បាន​បង្ហាញថា សម្មភាព​របស់​កុមារ​ជួញដូរ​គ្រឿងញៀន មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ខែឧសភា​នេះ​។ សកម្មភាព​កុមារ​ទាំងនោះ​រួមមាន​៖ ការ​កាន់​ថ្នាំ​លក់​ឲ្យ​មេ​ឧក្រិដ្ឋជន ទិញ​យកមក​សេព​ខ្លួនឯង ទិញ​យកទៅ​ចែកគ្នា និង​ពិសា​រគ្រឿង​ស្រវឹង បូក​នឹង​ប្រើប្រាស់​ម៉ា​ទឹកកក​ជាដើម​។

​តាម​ប្រភព​ដដែល​បាន​បន្តថា កុមារ​មួយចំនួន​មិនបាន​ស្គាល់​ម៉ា​ទឹកកក​ជា​អ្វី​នោះទេ ប៉ុន្តែ​ដោយ​ការចង់​ដឹង ទើប​កុមារ​ទាំងនោះ​សាកល្បង​ប្រើប្រាស់ ហើយ​ធ្លាក់ខ្លួន​ញៀន​ថ្នាំ​ទាំង​វ័យក្មេង​។ ប៉ុន្តែ​របាយការណ៍ មិនបាន​បញ្ជាក់​ពី​តួលេខ​កុមារ​ប្រព្រឹត្ត​គ្រឿងញៀន​ឡើយ​។​



​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយថា ទោះជា​អ្នកប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ស្ថិតនៅក្នុង​វ័យ​កុមារ​ក្ដី ក៏​ពួកគេ​ត្រូវ​ទទួល​ជាប់ពន្ធនាគារ​តាមច្បាប់​កំណត់​។​
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​សង្កត់ធ្ងន់ថា «​ចំពោះ​ករណី​ប្រើប្រាស់​គ្រឿងញៀន​មន្ត្រី​មាន​សមត្ថកិច្ច នឹង​អប់រំ​ដល់​កុមារ ឬ​ចាត់វិធានការ​រដ្ឋបាល តែបើ​ក្នុងករណី​ជួញដូរ​នោះគេ​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​»​។​

​បន្ថែម​ពីនេះ​លោក ខៀវ សុភ័គ បាន​ក្រើនរំលឹក​ដល់​អាណាព្យាបាល​កុមារ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ អប់រំ​ដល់​ពួកគេ ដើម្បី​បញ្ចៀស​ពួកគេ​ឲ្យ​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន​៕


Tag:
 សង្គម​
 ​សន្តិសុខ​
 ​គ្រឿងញៀន​
 ​កុមារ​
 ​បទឧក្រិដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com