ជាតិ
របាយការណ៍ប៉ូលិស៖ កុមារប្រព្រឹត្តបទល្មើសគ្រឿងញៀនកើនឡើង មួយខែចុងក្រោយនេះ
× ភ្នំពេញ៖ កុមារដែលកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀន មានចំនួនកើនឡើងក្នុងរយៈពេល១ខែចុងក្រោយនេះ។ កុមារទាំងនោះ មានអាយុចន្លោះពី៨ឆ្នាំ ដល់១៧ឆ្នាំ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ផែនប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលថ្ងៃទី១៦ ខែឧសភា។
របាយការណ៍សមត្ថកិច្ច បានបង្ហាញថា សម្មភាពរបស់កុមារជួញដូរគ្រឿងញៀន មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងខែឧសភានេះ។ សកម្មភាពកុមារទាំងនោះរួមមាន៖ ការកាន់ថ្នាំលក់ឲ្យមេឧក្រិដ្ឋជន ទិញយកមកសេពខ្លួនឯង ទិញយកទៅចែកគ្នា និងពិសារគ្រឿងស្រវឹង បូកនឹងប្រើប្រាស់ម៉ាទឹកកកជាដើម។
តាមប្រភពដដែលបានបន្តថា កុមារមួយចំនួនមិនបានស្គាល់ម៉ាទឹកកកជាអ្វីនោះទេ ប៉ុន្តែដោយការចង់ដឹង ទើបកុមារទាំងនោះសាកល្បងប្រើប្រាស់ ហើយធ្លាក់ខ្លួនញៀនថ្នាំទាំងវ័យក្មេង។ ប៉ុន្តែរបាយការណ៍ មិនបានបញ្ជាក់ពីតួលេខកុមារប្រព្រឹត្តគ្រឿងញៀនឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយថា ទោះជាអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន ស្ថិតនៅក្នុងវ័យកុមារក្ដី ក៏ពួកគេត្រូវទទួលជាប់ពន្ធនាគារតាមច្បាប់កំណត់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា «ចំពោះករណីប្រើប្រាស់គ្រឿងញៀនមន្ត្រីមានសមត្ថកិច្ច នឹងអប់រំដល់កុមារ ឬចាត់វិធានការរដ្ឋបាល តែបើក្នុងករណីជួញដូរនោះគេត្រូវចាត់វិធានការផ្លូវច្បាប់»។
បន្ថែមពីនេះលោក ខៀវ សុភ័គ បានក្រើនរំលឹកដល់អាណាព្យាបាលកុមារទាំងអស់ ត្រូវយកចិត្តទុកដាក់ អប់រំដល់ពួកគេ ដើម្បីបញ្ចៀសពួកគេឲ្យចាកឆ្ងាយពីគ្រឿងញៀន៕
Tag:
សង្គម
សន្តិសុខ
គ្រឿងញៀន
កុមារ
បទឧក្រិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com