អន្តរជាតិ
រដ្ឋាភិបាល​លោក មហា​ធៀ សម្រេច​លុបចោល​ពន្ធ​លើ​ទំនិញ និង​សេវា ដ៏​ចម្រូងចម្រាស​
17, May 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​ដឹកនាំ​ដោយ​លោក មហា​ធៀ​ម ហា​ម៉ាត់ បានប្រកាស​លុបចោល​ព​ន្ធ​លើ​សេវា​និង​ទំនិញ​ចោល តាម​ការសន្យា​របស់ខ្លួន​ក្នុងការ​ឃោសនាបោះឆ្នោត​ក​ន្ល​ង​មក​។ ពន្ធ​ដែលមាន​ទំហំ ៦​ភាគរយ​លើ​ទំនិញ និង​សេវា​នេះ​នឹងត្រូវ​និរាករណ៍​ចាប់ពី​ដើមខែ​មិថុនា​ខាងមុខនេះ​តទៅ​។​



​ដូច​ការរំពឹងទុក ការយកពន្ធ​លើ​សេវាកម្ម​និង​ទំនិញ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​ត្អូញត្អែរ​ខ្លាំង​កន្លងមក​នោះ​នឹង​លែងមានទៀតហើយ​ចាប់ពី​ថ្ងៃ ១​ខែមិថុនា​នេះ​តទៅ​។ នេះ​ជាការ​ប្រកាស​នៅ​ពុធ​ទី ១៦ ខែឧសភា របស់​ក្រសួង​ហិរញ្ញវត្ថុ​ដែលជា​សេនាធិការ​នៃ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក មហា​ធៀ មហាម៉ាត់​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama ក្រសួង​ហិរញ្ញវត្ថុ​បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ដូច្នេះ​៖« ការកំណត់​អាត្រា​ពន្ធ​ស្មើ​សូន្យ​នឹង​ចាប់ផ្តើម​ពីថ្ងៃ ១ ខែមិថុនា ហើយ​វា​មាន​អនុភាព​អនុវត្ត​ទូទាំងប្រទេស​ម៉ាឡេស៊ី​ទាំងមូល​។ រាល់​អាជីវកម្ម​ដែល​ចុះបញ្ជី​ត្រូវ​អនុវត្តតាម​ការសម្រេច​ចិត្ត​នេះ ហើយ​ស្របពេល​ជាមួយគ្នា​នោះគេ​ត្រូវអនុវត្ត​តាម​រាល់​លិខិតបទដ្ឋាន​ទាំងអស់​ដែលមាន​ជា​ធរមាន​»​។​

​រដ្ឋាភិបាល​មុន​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ បានដាក់​ចេញ​ពន្ធ​លើ​សេវា​និង​ទំនិញ​នេះ​នៅ​ឆ្នាំ ២០១៥ ហើយ​ក្នុង​ឆ្នាំ ២០១៨ រដ្ឋាភិបាល​នេះ​មាន​គោលដៅ​ប្រមូល​ពន្ធ​ឲ្យ​បាន ១១,០៥ ពាន់​លាន​ដុល្លារ​អាមេរិក​ដែលមាន​ទំហំ ១៨ ភាគរយ​នៃ​ចំណូល​រដ្ឋ​សរុប​។

​គោលនយោបាយ​ប្រមូល​ពន្ធ​នេះ​បាន​ក្លាយជា​រឿង​ចម្រូង​ដ​ចម្រាស​ខ្លាំង​កន្លងមក ព្រោះ​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​យល់ថា វា​ជា​បន្ទុក​ធ្ងន់​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ដូច្នេះហើយ​បានជា​ក្នុងការ​ឃោសនាបោះឆ្នោត​លោក មហា​ធៀ មហាម៉ាត់ ដែលជា​ប្រធាន​សម្ព័ន្ធ​បក្សប្រឆាំង បាន​សន្យា​លុបចោល​ពន្ធ​នេះ​ចោល​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន​។ លោក​បាន​អះអាងថា រដ្ឋាភិបាល​មាន​លុយ ដោយ​មិនចាំបាច់​ដាក់​កម្រិត​ពន្ធ​នេះឡើយ​។

​ក្រៅពី​លុបចោល​ពន្ធ​លើ​សេវា​និង​ទំនិញ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី លោក មហា​ធៀ សន្យា​រក្សា​តម្លៃ​ប្រេងសាំង​ឲ្យ​នៅ​ស្ថិរ ហើយ​បើសិនជា​មានការ​ប្រែប្រួល​រដ្ឋាភិបាល​នឹង​ចំណាយលុយ​ផ្តល់​ការឧបត្ថម្ភ​ធន​ផងដែរ​។​

 លោក​មហា​ធៀ បានបញ្ជាក់​ដូច្នេះ​៖« បទបញ្ជា​ត្រូវបាន​ដាក់ចេញ​ហើយ ហើយ​យើង​ក៏​លែង​ប្រមូល​ពន្ធ​លើ​សេវា និង​ទំនិញ​ដែរ​។ ចំពោះ​តម្លៃ​ប្រេង​វិញ​ត្រូវ​ពិនិត្យ​ជា​ទៀត​ទាត់ ហើយ​វា​នឹង​លែងមាន​ការឡើង​ចុះ​ហើយ​។ តម្លៃ​បច្ចុប្បន្ន​នឹង​នៅ​ដដែល​។ បើសិនជា​មានការ​ចាំបាច់ យើង​នឹង​ផ្តល់​ការឧបត្ថម្ភ​ធន​ផងដែរ​»៕


Tag:
 មហា​ធៀ មហាម៉ាត់​
  ពន្ធដា​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com