អន្តរជាតិ
រដ្ឋាភិបាលលោក មហាធៀ សម្រេចលុបចោលពន្ធលើទំនិញ និងសេវា ដ៏ចម្រូងចម្រាស
× រដ្ឋាភិបាលម៉ាឡេស៊ីថ្មីដឹកនាំដោយលោក មហាធៀម ហាម៉ាត់ បានប្រកាសលុបចោលពន្ធលើសេវានិងទំនិញចោល តាមការសន្យារបស់ខ្លួនក្នុងការឃោសនាបោះឆ្នោតកន្លងមក។ ពន្ធដែលមានទំហំ ៦ភាគរយលើទំនិញ និងសេវានេះនឹងត្រូវនិរាករណ៍ចាប់ពីដើមខែមិថុនាខាងមុខនេះតទៅ។
ដូចការរំពឹងទុក ការយកពន្ធលើសេវាកម្មនិងទំនិញដែលធ្វើឲ្យប្រជាជនម៉ាឡេស៊ីត្អូញត្អែរខ្លាំងកន្លងមកនោះនឹងលែងមានទៀតហើយចាប់ពីថ្ងៃ ១ខែមិថុនានេះតទៅ។ នេះជាការប្រកាសនៅពុធទី ១៦ ខែឧសភា របស់ក្រសួងហិរញ្ញវត្ថុដែលជាសេនាធិការនៃរដ្ឋាភិបាលថ្មីដឹកនាំដោយលោក មហាធៀ មហាម៉ាត់។
បើតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដូច្នេះ៖« ការកំណត់អាត្រាពន្ធស្មើសូន្យនឹងចាប់ផ្តើមពីថ្ងៃ ១ ខែមិថុនា ហើយវាមានអនុភាពអនុវត្តទូទាំងប្រទេសម៉ាឡេស៊ីទាំងមូល។ រាល់អាជីវកម្មដែលចុះបញ្ជីត្រូវអនុវត្តតាមការសម្រេចចិត្តនេះ ហើយស្របពេលជាមួយគ្នានោះគេត្រូវអនុវត្តតាមរាល់លិខិតបទដ្ឋានទាំងអស់ដែលមានជាធរមាន»។
រដ្ឋាភិបាលមុនរបស់លោក ណាជីប រ៉ាហ្សាក់ បានដាក់ចេញពន្ធលើសេវានិងទំនិញនេះនៅឆ្នាំ ២០១៥ ហើយក្នុងឆ្នាំ ២០១៨ រដ្ឋាភិបាលនេះមានគោលដៅប្រមូលពន្ធឲ្យបាន ១១,០៥ ពាន់លានដុល្លារអាមេរិកដែលមានទំហំ ១៨ ភាគរយនៃចំណូលរដ្ឋសរុប។
គោលនយោបាយប្រមូលពន្ធនេះបានក្លាយជារឿងចម្រូងដចម្រាសខ្លាំងកន្លងមក ព្រោះប្រជាពលរដ្ឋម៉ាឡេស៊ីយល់ថា វាជាបន្ទុកធ្ងន់លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ដូច្នេះហើយបានជាក្នុងការឃោសនាបោះឆ្នោតលោក មហាធៀ មហាម៉ាត់ ដែលជាប្រធានសម្ព័ន្ធបក្សប្រឆាំង បានសន្យាលុបចោលពន្ធនេះចោលដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជន។ លោកបានអះអាងថា រដ្ឋាភិបាលមានលុយ ដោយមិនចាំបាច់ដាក់កម្រិតពន្ធនេះឡើយ។
ក្រៅពីលុបចោលពន្ធលើសេវានិងទំនិញ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី លោក មហាធៀ សន្យារក្សាតម្លៃប្រេងសាំងឲ្យនៅស្ថិរ ហើយបើសិនជាមានការប្រែប្រួលរដ្ឋាភិបាលនឹងចំណាយលុយផ្តល់ការឧបត្ថម្ភធនផងដែរ។
លោកមហាធៀ បានបញ្ជាក់ដូច្នេះ៖« បទបញ្ជាត្រូវបានដាក់ចេញហើយ ហើយយើងក៏លែងប្រមូលពន្ធលើសេវា និងទំនិញដែរ។ ចំពោះតម្លៃប្រេងវិញត្រូវពិនិត្យជាទៀតទាត់ ហើយវានឹងលែងមានការឡើងចុះហើយ។ តម្លៃបច្ចុប្បន្ននឹងនៅដដែល។ បើសិនជាមានការចាំបាច់ យើងនឹងផ្តល់ការឧបត្ថម្ភធនផងដែរ»៕
Tag:
មហាធៀ មហាម៉ាត់
ពន្ធដា
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com