អត្ថបទពាណិជ្ជកម្ម
គន្លឹះងាយៗ ដើម្បីខ្ចីប្រាក់បានការប្រាក់ទាប
× បច្ចុប្បន្ននេះ បុគ្គលិកមួយចំនួន ដែលកំពុងមានតម្រូវការសាច់ប្រាក់យកទៅប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗ ឬដោះស្រាយបញ្ហាអ្វីមួយភ្លាមៗនោះ ស្ទើរតែមិនបានចាប់អារម្មណ៍ ឬគិតពីអត្រាការប្រាក់កម្ចីនោះទេ។ អ្វីដែលពួកគាត់ផ្តោតសំខាន់នោះ គឺធ្វើយ៉ាងណា ឲ្យតែអាចស្នើសុំកម្ចីប៉ុណ្ណោះ។ ក្នុងលក្ខខណ្ឌនេះ អ្នកនឹងខាតបង់ប្រាក់រាប់រយ រាប់ពាន់ ដោយមិនដឹងខ្លួន។
តើអ្នកកំពុងស្វែងរកកម្ចីគួរធ្វើអ្វីខ្លះ ដើម្បីអាចទទួលបានផលចំណេញ ពីអត្រាការប្រាក់? ខាងក្រោមនេះ ជាគន្លឹះងាយៗ ដើម្បីឲ្យលោកអ្នកគួរស្វែងយល់ ដើម្បីទទួលបានប្រាក់កម្ចី នៅក្នុងអត្រាការប្រាក់ទាប ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ។
ទី១. ប្រមូលព័ត៌មានឲ្យបានច្រើន៖ ការទទួលព័ត៌មានបានច្រើន ធ្វើឲ្យអ្នកអាចត្រៀមខ្លួនបានល្អ ក្នុងការទទួលកម្ចី។ អ្នកអាចសាកសួរព័ត៌មាន ពីអ្នកដែលធ្លាប់មានបទពិសោធន៍ខ្ចីប្រាក់ពីស្ថានប័នផ្សេងៗ ក៏ដូចជាបុគ្គលិក ដែលកំពុងបម្រើការងារនៅទីនោះ ដើម្បីដឹងពីលក្ខខណ្ឌតម្រូវ ក្នុងការស្នើសុំកម្ចី ដែលមានដូចជាអត្រាការប្រាក់ ការបង់ថ្លៃសេវាផ្សេងៗ លក្ខខណ្ឌបង់ត្រឡប់ និងការពិន័យផ្សេងៗ។ ការដឹងព័ត៌មានទាំងនេះ គឺធ្វើឲ្យលោកអ្នកងាយស្រួល ក្នុងការត្រៀមខ្លួនទុកជាមុន។
ទី២. សាកសួរស្ថាប័នផ្តល់ប្រាក់កម្ចីឲ្យបានច្រើន៖ ទោះបីជាអ្នកកំពុងមានតម្រូវការសាច់ប្រាក់មែនក៏ដោយ អ្នកមិនគួរប្រញាប់ប្រញាល សម្រេចចិត្តខ្ចីប្រាក់ ពីស្ថានប័នណាមួយលឿនពេកនោះទេ។ ការប្រមូលព័ត៌មានខាងលើ គួរតែធ្វើឲ្យបាន២ ឬ៣ស្ថានប័ន ដើម្បីប្រៀបធៀបពីផលចំណេញ ថាតើស្ថាប័នកម្ចីមួយណា ដែលធ្វើឲ្យយើងចំណេញជាង។
ទី៣. កំណត់គោលបំណង នៃការប្រើប្រាស់កម្ចីឲ្យបានច្បាស់លាស់៖ ការដឹងពីគោលបំណង នៃការប្រើប្រាស់កម្ចីច្បាស់លាស់ មិនត្រឹមតែអាចឲ្យអ្នកប្រើប្រាស់វាត្រូវគោលដៅនោះទេ វាថែមទាំងអាចជួយឲ្យអ្នក ទទួលបានការប្រាក់ទាបផងដែរ។ ឧទាហរណ៍៖ ប្រសិនអ្នកកំពុងត្រូវការប្រាក់ទិញម៉ូតូថ្មីមួយគ្រឿង អ្នកគួរតែសុំទៅស្ថានប័ន ដែលកំពុងផ្តល់កម្ចីប្រភេទនេះ ព្រោះអ្នកអាចនឹងទទួលបានការប្រាក់ទាប ឬលក្ខខណ្ឌងាយៗមួយចំនួន ប្រសើរជាងអ្នកស្នើសុំកម្ចីប្រើប្រាស់ទូទៅ ដែលមានការប្រាក់ខ្ពស់ជាង។
ទី៤. មានប្រវត្តិល្អ ក្នុងការបង់សងបំណុល៖ ជាការពិតណាស់ ប្រសិនបើអ្នកធ្លាប់មានប្រវត្តិបង់សងល្អ ជាមួយស្ថានប័នផ្តល់ប្រាក់កម្ចី នោះប្រវត្តិនៃការបង់ប្រាក់ ឬខ្ចីប្រាក់របស់អ្នក ត្រូវបានកត់ត្រាទុកនៅក្នុងប្រព័ន្ធ។ ដូច្នេះ អ្នកនឹងក្លាយជាអតិថិជនសក្តានុពល សម្រាប់ស្ថានប័នដែលអាចនឹងឈានទៅរកការចរចាអត្រាការប្រាក់ពិសេស ឬក្នុងលក្ខខណ្ឌពិសេសផ្សេងៗ ក៏ថាបានដែរ។
សម្រាប់អ្នកដែលកំពុងជាប់កម្ចី នៅស្ថានប័នណាមួយ អ្នកត្រូវដឹងថាប្រវត្តិនៃការបង់ប្រាក់ ឬខ្ចីប្រាក់របស់អ្នក ត្រូវបានកត់ត្រាទុកនៅក្នុងប្រព័ន្ធ។
ទី៥. ចរចាស្នើសុំបញ្ចុះតម្លៃការប្រាក់៖ មិនមែនចេះតែគេឲ្យខ្ចីប្រាក់ អ្នកទទួលគ្រប់លក្ខខណ្ឌនោះទេ ។ អ្នកត្រូវចេះចរចា លើអត្រាការប្រាក់ ឬលក្ខខណ្ឌកំពុងអនុវត្តន៍។ អ្នកអាចទទួលបានការ ផ្តល់ជូនលក្ខខណ្ឌពិសេសណាមួយ ប្រសិនបើអ្នកជាអតិថិជនសក្តានុពល ប្រសើរជាងទទួលគ្រប់លក្ខខណ្ឌ ដែលស្ថានប័នកំពុងមាន។
ទី៦. ស្វែងរកទ្រព្យដាក់ធានាបំណុល៖ ជាទូទៅ មិនមែនគ្រប់កម្ចីទាំងអស់ សុទ្ធតែតម្រូវឲ្យមានទ្រព្យធានានោះទេ តែអាស្រ័យនឹងលក្ខខណ្ឌរបស់ក្រុមហ៊ុន។ ទោះបីយ៉ាងណាក៏ដោយ វាពិតប្រាកដណាស់ ប្រសិនបើអ្នកមានដី ផ្ទះ ឬអចលនទ្រព្យផ្សេងៗ ដើម្បីដាក់ធានាបំណុល ដែលពេលនោះ អ្នកផ្តល់ប្រាក់កម្ចី ងាយនឹងសម្រេចចិត្តលឿន ក្នុងការផ្តល់កម្ចី ឬផ្តល់លក្ខខណ្ឌពិសេសណាមួយមិនខាន។
អ្នកជំនាញឥណទានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឲ្យដឹងថា ការខ្ចីប្រាក់ពីអ្នកដទៃមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ។ ប្រជាពលរដ្ឋដែលកំពុងត្រូវការប្រើប្រាស់កម្ចី ត្រូវមានភាពវ័យឆ្លាតក្នុងការប្រើប្រាស់កម្ចី ឲ្យមានសប្រសិទ្ធភាពតាមរយៈការកំណត់គោលបំណងច្បាស់លាស់ និងប្រើប្រាស់ឲ្យត្រូវគោលដៅ ព្រោះថាកម្ចី ឬបំណុល មិនមែនជាអំណោយនោះទេ។ នេះជាការបន្ថែមរបស់ អ្នកជំនាញឥណទានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលបានបន្តថា អ្នកខ្ចីប្រាក់ ត្រូវមានកាតព្វកិច្ចបង់ប្រាក់សងត្រឡប់មកវិញ ទាំងដើម ទាំងការប្រាក់។ ដូច្នេះការស្វែយល់ពីបញ្ហាទាំងនេះច្បាស់ នឹងជួយឲ្យអ្នកចៀសផុត ពីបញ្ហាហិរញ្ញវត្ថុ និងធ្វើឲ្យជីវភាពអ្នកប្រសើរឡើងផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com