អត្ថបទពាណិជ្ជកម្ម
គន្លឹះ​ងាយៗ ដើម្បី​ខ្ចីប្រាក់​បានការ​ប្រាក់​ទាប​
17, May 2018 , 4:02 pm        
រូបភាព
​បច្ចុប្បន្ននេះ បុគ្គលិក​មួយចំនួន ដែល​កំពុងមាន​តម្រូវការ​សាច់ប្រាក់​យកទៅ​ប្រើប្រាស់​សម្រាប់​គោលបំណង​ផ្សេងៗ ឬ​ដោះស្រាយ​បញ្ហា​អ្វីមួយ​ភ្លាមៗ​នោះ ស្ទើរតែ​មិនបាន​ចាប់អារម្មណ៍ ឬ​គិតពី​អត្រា​ការប្រាក់​កម្ចី​នោះទេ​។ អ្វីដែល​ពួកគាត់​ផ្តោត​សំខាន់​នោះ គឺ​ធ្វើយ៉ាងណា ឲ្យ​តែ​អាច​ស្នើសុំ​កម្ចី​ប៉ុណ្ណោះ​។ ក្នុង​លក្ខខណ្ឌ​នេះ អ្នកនឹង​ខាតបង់​ប្រាក់​រាប់រយ រាប់ពាន់ ដោយ​មិនដឹង​ខ្លួន​។​

​តើ​អ្នក​កំពុង​ស្វែងរក​កម្ចី​គួរ​ធ្វើ​អ្វីខ្លះ ដើម្បី​អាច​ទទួលបាន​ផលចំណេញ ពី​អត្រា​ការប្រាក់​? ខាងក្រោម​នេះ ជា​គន្លឹះ​ងាយៗ ដើម្បី​ឲ្យ​លោកអ្នក​គួរស្វែងយល់ ដើម្បី​ទទួលបាន​ប្រាក់កម្ចី នៅក្នុង​អត្រា​ការប្រាក់​ទាប ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​។​

​ទី​១. ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្រើន​៖ ការទទួល​ព័ត៌មាន​បាន​ច្រើន ធ្វើ​ឲ្យ​អ្នក​អាច​ត្រៀមខ្លួន​បានល្អ ក្នុង​ការទទួល​កម្ចី​។ អ្នក​អាច​សាកសួរ​ព័ត៌មាន ពី​អ្នក​ដែល​ធ្លាប់មាន​បទពិសោធន៍​ខ្ចីប្រាក់​ពី​ស្ថាន​ប័ន​ផ្សេងៗ ក៏ដូចជា​បុគ្គលិក ដែល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ ដើម្បី​ដឹង​ពី​លក្ខខណ្ឌ​តម្រូវ ក្នុងការ​ស្នើសុំ​កម្ចី ដែលមាន​ដូចជា​អត្រា​ការប្រាក់ ការបង់ថ្លៃ​សេវា​ផ្សេងៗ លក្ខខណ្ឌ​បង់​ត្រឡប់ និង​ការពិន័យ​ផ្សេងៗ​។ ការដឹង​ព័ត៌មាន​ទាំងនេះ គឺ​ធ្វើ​ឲ្យ​លោកអ្នក​ងាយស្រួល  ក្នុងការ​ត្រៀមខ្លួន​ទុកជាមុន​។​

​ទី​២. សាកសួរ​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ឲ្យ​បាន​ច្រើន​៖ ទោះបីជា​អ្នក​កំពុងមាន​តម្រូវការ​សាច់ប្រាក់​មែន​ក៏ដោយ អ្នក​មិនគួរ​ប្រញាប់ប្រញាល សម្រេចចិត្ត​ខ្ចីប្រាក់ ពី​ស្ថាន​ប័ន​ណាមួយ​លឿន​ពេក​នោះទេ​។ ការប្រមូល​ព័ត៌មាន​ខាងលើ គួរតែ​ធ្វើ​ឲ្យ​បាន​២ ឬ​៣​ស្ថាន​ប័ន ដើម្បី​ប្រៀបធៀប​ពី​ផលចំណេញ ថា​តើ​ស្ថាប័ន​កម្ចី​មួយណា ដែល​ធ្វើ​ឲ្យ​យើង​ចំណេញ​ជាង​។

​ទី​៣. កំណត់​គោលបំណង នៃ​ការប្រើប្រាស់​កម្ចី​ឲ្យ​បានច្បាស់លាស់​៖ ការដឹង​ពី​គោលបំណង នៃ​ការប្រើប្រាស់​កម្ចី​ច្បាស់លាស់ មិន​ត្រឹមតែ​អាច​ឲ្យ​អ្នកប្រើប្រាស់​វា​ត្រូវ​គោលដៅ​នោះទេ វា​ថែមទាំង​អាចជួយ​ឲ្យ​អ្នក ទទួលបាន​ការប្រាក់​ទា​ប​ផងដែរ​។ ឧទាហរណ៍​៖ ប្រសិន​អ្នក​កំពុង​ត្រូវ​ការប្រាក់​ទិញ​ម៉ូតូ​ថ្មី​មួយគ្រឿង អ្នក​គួរតែ​សុំ​ទៅ​ស្ថាន​ប័ន ដែល​កំពុងផ្តល់​កម្ចី​ប្រភេទ​នេះ ព្រោះ​អ្នក​អាចនឹងទទួល​បានការ​ប្រា​ក់ទាប ឬ​លក្ខខណ្ឌ​ងាយៗ​មួយចំនួន ប្រសើរ​ជាង​អ្នកស្នើសុំ​កម្ចី​ប្រើប្រាស់​ទូទៅ ដែលមាន​ការប្រាក់​ខ្ពស់ជាង​។​

​ទី​៤. មាន​ប្រវត្តិ​ល្អ ក្នុង​ការបង់​សងបំណុល​៖ ជាការ​ពិតណាស់ ប្រសិនបើ​អ្នក​ធ្លាប់មាន​ប្រវត្តិ​បង់​សង​ល្អ ជាមួយ​ស្ថាន​ប័នផ្តល់​ប្រាក់កម្ចី នោះ​ប្រវត្តិ​នៃ​ការបង់ប្រាក់ ឬ​ខ្ចីប្រាក់​របស់​អ្នក ត្រូវបាន​កត់ត្រា​ទុក​នៅ​ក្នុង​ប្រព័ន្ធ​។ ដូច្នេះ អ្នកនឹង​ក្លាយជា​អតិថិជន​សក្តានុពល សម្រាប់​ស្ថាន​ប័នដែ​លអាច​នឹង​ឈានទៅរក​ការចរចា​អត្រា​ការប្រាក់​ពិសេស ឬ​ក្នុង​លក្ខខណ្ឌ​ពិសេស​ផ្សេងៗ ក៏​ថា​បានដែរ​។​

​សម្រាប់​អ្នក​ដែល​កំពុង​ជាប់​កម្ចី នៅ​ស្ថាន​ប័ន​ណាមួយ អ្នក​ត្រូវ​ដឹងថា​ប្រវត្តិ​នៃ​ការបង់ប្រាក់ ឬ​ខ្ចីប្រាក់​របស់​អ្នក ត្រូវបាន​កត់ត្រា​ទុក​នៅ​ក្នុង​ប្រព័ន្ធ​។

​ទី​៥. ចរចា​ស្នើសុំ​បញ្ចុះតម្លៃ​ការប្រាក់​៖ មិនមែន​ចេះតែ​គេ​ឲ្យ​ខ្ចីប្រាក់ អ្នកទទួល​គ្រប់​លក្ខខណ្ឌ​នោះទេ ។ អ្នក​ត្រូវ​ចេះ​ចរចា លើ​អត្រា​ការប្រាក់ ឬ​លក្ខខណ្ឌ​កំពុង​អនុវត្តន៍​។ អ្នក​អាច​ទទួល​បានការ ផ្តល់ជូន​លក្ខខណ្ឌ​ពិសេស​ណាមួយ ប្រសិនបើ​អ្នកជា​អតិថិជន​សក្តានុពល ប្រសើរ​ជាង​ទទួល​គ្រប់​លក្ខខណ្ឌ ដែល​ស្ថាន​ប័ន​កំពុងមាន​។​

​ទី​៦. ស្វែងរក​ទ្រព្យ​ដាក់​ធានា​បំណុល​៖ ជាទូទៅ មិនមែន​គ្រប់​កម្ចី​ទាំងអស់ សុទ្ធតែ​តម្រូវ​ឲ្យ​មានទ្រព្យ​ធានា​នោះទេ តែ​អាស្រ័យ​នឹង​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​។ ទោះបីយ៉ាងណា​ក៏ដោយ វា​ពិតប្រាកដ​ណាស់ ប្រសិនបើ​អ្នកមាន​ដី ផ្ទះ ឬ​អចលនទ្រព្យ​ផ្សេងៗ ដើម្បី​ដាក់​ធានា​បំណុល ដែល​ពេលនោះ អ្នកផ្តល់​ប្រាក់កម្ចី ងាយ​នឹង​សម្រេចចិត្ត​លឿន ក្នុងការ​ផ្តល់​កម្ចី ឬ​ផ្តល់​លក្ខខណ្ឌ​ពិសេស​ណាមួយ​មិន​ខាន​។

​អ្នកជំនាញ​ឥណទាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​ឲ្យ​ដឹងថា ការខ្ចីប្រាក់​ពី​អ្នកដទៃ​មិនមែន​សុទ្ធតែជា​រឿង​អាក្រក់​នោះទេ​។ ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​ប្រើប្រាស់​កម្ចី ត្រូវមាន​ភាព​វ័យឆ្លាត​ក្នុងការ​ប្រើប្រាស់​កម្ចី ឲ្យ​មា​នស​ប្រសិទ្ធភាព​តាមរយៈ​ការកំណត់​គោលបំណង​ច្បាស់លាស់ និង​ប្រើប្រាស់​ឲ្យ​ត្រូវ​គោលដៅ ព្រោះថា​កម្ចី ឬ​បំណុល មិនមែនជា​អំណោយ​នោះទេ​។ នេះ​ជាការ​បន្ថែម​របស់ អ្នកជំនាញ​ឥណទាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែល​បាន​បន្តថា អ្នក​ខ្ចីប្រាក់ ត្រូវមាន​កាតព្វកិច្ច​ប​ង់​ប្រាក់​សង​ត្រឡប់មកវិញ ទាំង​ដើម ទាំង​ការប្រាក់​។ ដូច្នេះ​ការ​ស្វែ​យល់​ពី​បញ្ហា​ទាំងនេះ​ច្បាស់ នឹង​ជួយ​ឲ្យ​អ្នក​ចៀសផុត ពី​បញ្ហា​ហិរញ្ញវត្ថុ និង​ធ្វើ​ឲ្យ​ជីវភាព​អ្នក​ប្រសើរឡើង​ផងដែរ​៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com