អន្តរជាតិ
ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Tusk ៖ មាន​មិត្ត​ដូច​អាមេរិក មិនចាំបាច់​មាន​សត្រូវ​ឡើយ​
17, May 2018 , 9:19 pm        
រូបភាព
ប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាពេលកន្លងមក
ប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាពេលកន្លងមក
​នៅ​ថ្ងៃទី​១៦ ខែឧសភា ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk បាន​រិះគន់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ខ្លាំងៗ​ចំពោះ​ការសម្រេចចិត្ត​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ដោយសារ​អាមេរិក​ដើរចេញ​ទៅហើយនោះ អឺរ៉ុប​កំពុង​ប្រឹងប្រែង​បន្ត​ដង្ហើម​ឲ្យ​កិច្ចព្រមព្រៀង​មានជីវិត​បន្តទៀត​។ តាមរយៈ Twitter របស់ខ្លួន លោក Tusk បាន​អរគុណ​អាមេរិក​តាមរបៀប​ឌឺដង​ថា មាន​មិត្ត​បែប​អាមេរិក​មិនចាំបាច់​មាន​សត្រូវ​ឡើយ​។​



​ការសម្រេចចិត្ត​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ របស់​អាមេរិក ធ្វើ​ឲ្យ​អឺរ៉ុប​ត្រូវ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ការពារ​កិច្ចព្រមព្រៀង​នេះ​។ ដោយ​មិនអាច​ពឹង​អាមេរិក​បាន​ដូច​មុន អឺរ៉ុប​ត្រូវ​រិះរក​គ្រប់​វិធី​ទាំងអស់​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​អ៊ីរ៉ង់​គោរព​លក្ខខណ្ឌ​នានា​នៃ​កិច្ចព្រមព្រៀង​នេះ និង​ធានាថា អ៊ីរ៉ង់​មិន​ត្រឡប់​ទៅ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ម្ដងទៀត​ឡើយ​។ អ៊ីរ៉ង់​បាន​ទុកពេល​ឲ្យ​អឺរ៉ុប​ដើម្បី​ស្វែងរក​ផ្លូវ​ថ្មី​ក្នុង​ការរក្សា​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច បើ​ខ្លួន​សម្រេចចិត្ត​បន្ត​អនុវត្តតាម​កិច្ចព្រមព្រៀង​នេះ​។​

​ស្រប​ពេលដែល​មេដឹកនាំ​អឺរ៉ុប​ជួបជុំគ្នា​នៅ​ប៊ុលហ្គារី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដែលជា​ស្ថាប័ន​មាន​ប្រមុខរដ្ឋ​អឺរ៉ុប​ជា​សមាជិក បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​ការដកខ្លួន​របស់​អាមេរិក​។ លោក Tusk បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter របស់លោក​នៅ​ថ្ងៃទី​១៦ ខែឧសភា ថា​៖ «​បើ​ក្រឡេកមើល​ការសម្រេចចិត្ត​ចុងក្រោយ​របស់លោក ដូ​ណា​ល់ ត្រាំ គេ​អាច​គិត​បាន​ថា មាន​មិត្ត​ដូច​អាមេរិក តើន​រណា​ត្រូវការ​សត្រូវ​ទៀត​នោះ​?»

​ក្នុងន័យ​ឌឺដង​ឲ្យ​លោក ត្រាំ មេដឹកនាំ​សហភាព​អឺរ៉ុប​រូបនេះ​បន្តថា អឺរ៉ុប​គួរតែ​ដឹងគុណ​អាមេរិក​បាន​ត្រឹមត្រូវ និង​បាន​អរគុណ​លោក ត្រាំ ដែល​បានបញ្ចប់​ការភាន់ច្រឡំ​របស់​អឺរ៉ុប​។ តាមរយៈ​សំណេរ​លើ Twitter ដដែល លោក Tusk បញ្ជាក់ថា ចាប់ពីពេលនេះ បើ​អឺរ៉ុប​ត្រូវការ​ជំនួយ អឺរ៉ុប​ត្រូវ​ពឹង​ផ្អែកលើ​ខ្លួនឯង​។​



​តាម​អត្ថន័យ​សារ​ដដែល​នេះ លោក Tusk ទំនង​ចង់​ប្រកាសថា អឺរ៉ុប​មិន​ពេញចិត្ត​នយោបាយ​របស់​រដ្ឋបាល​លោក ត្រាំ ឡើយ ហើយ​អឺរ៉ុប​ក៏​លែង​អាច​ពឹងពាក់​លើ​អាមេរិក​ដូច​មុន​ដែរ​។ នយោបាយ​របស់លោក ត្រាំ ពិតជា​ធ្វើ​ឲ្យ​សម្ព័ន្ធភាព​ជាមួយ​អឺរ៉ុប​ដែល​ធ្លាប់​ចាក់ទឹកមិនលិច ល្អូក​ល្អឺ​ន​គ្រប់ពេលវេលា ប្រែ​ទៅជា​ល្អក់កករ មើលមុខ​គ្នា​មិន​ចំ​ទៅវិញ​។ ជាក់ស្ដែង​ក្រោយ​ការប្រកាស​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​រួចមក មេដឹកនាំ​អឺរ៉ុប​ចាប់ផ្ដើម​មានគំនិត​ថា អឺរ៉ុប​មិនអាច​ទុកចិត្ត​អាមេរិក​ទៀតឡើយ​។​

​តាមពិតទៅ ទំនាក់​ទំនាក់​រវាង​អឺរ៉ុប និង​អាមេរិក​មិនមែន​ទើប​ចាប់ផ្ដើម​ធ្លាក់ចុះ​ដោយសារ​បញ្ហា​អ៊ីរ៉ង់​នេះឡើយ តែ​បាន​ដើរ​លើផ្លូវ​រដាក់រដុប​តាំងពី​លោក ត្រាំ ក្លាយជា​ប្រធានាធិបតី​អាមេរិក​នៅ​ដើមឆ្នាំ​២០១៧ មកម្ល៉េះ​។ នយោបាយ​គាំពារ​និយម​របស់លោក ត្រាំ លើ​វិស័យ​ពាណិជ្ជកម្ម និង​ការទាមទារ​ឲ្យ​អឺរ៉ុប​បង្កើន​ការចំណាយ​សម្រាប់​សម្ព័ន្ធ​យោធា​ណា​តូ សុទ្ធតែជា​រឿង​ធ្វើ​ឲ្យ​អឺរ៉ុប​ក្ដៅក្រហាយ និង​អន់ចិត្ត​ជាមួយ​អាមេរិក​កាន់តែខ្លាំង​៕


Tag:
 ​អឺរ៉ុប​
  អាមេរិក​
  Donald Tusk
© រក្សាសិទ្ធិដោយ thmeythmey.com