ជាតិ
បោះឆ្នោត
លោក ហង្ស ពុទ្ធា ៖ ទោះ​អន្តរជាតិ​មិន​ទទួលស្គាល់​ការបោះឆ្នោត ក៏​គ្មាន​ការបោះឆ្នោត​ឡើងវិញ​ដែរ​
17, May 2018 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា បើទោះជា​អន្តរជាតិ​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ក៏​គ្មាន​ការរៀបចំ​បោះឆ្នោត​ឡើងវិញ​ដែរ​។ ការប្រកាស​របស់ គ​.​ជ​.​ប នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ព្រមាន មិន​ទទួលស្គាល់​ពី​សំណាក់​អន្តរជាតិ​។​



​ចម្ងល់​នឹង​ការរិះគន់​ជាច្រើន លើ​ដំណើរការ​បោះឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ​នាពេលខាងមុខ នៅតែ​ជា​ចំណោទបញ្ហា សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ។ អ្វីដែល​គ​.​ជ​.​ប ត្រូវ​ប្រឈមមុខ​នោះ គឺ​ការមិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត ពី​សំណាក់​អន្តរជាតិ​។ ចម្ងល់​មួយ​លើកឡើងថា បើ​អន្តរជាតិ​មិន​ទទួលស្គាល់​បោះឆ្នោត​នោះ តើ​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ទេ​?

​ត្រង់ចំណុច​នេះ​លោក ហង្ស ពុទ្ធា បាន​ពន្យល់ថា ទោះ​គ្មាន​ការទទួលស្គាល់​ពី​បរទេស​ក្តី ប៉ុន្តែ​កម្ពុជា​ក៏​គ្មាន​រឿង​អ្វី ដែល​ត្រូវ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​តម្រូវ​ចិត្ត​បរទេស​ដែរ ខណៈ​កម្ពុជា ជា​ប្រទេស​អធិបតេយ្យភាព​។​

​ថ្លែង​ក្រោយ​សន្និសីទកាសែត​លោក ហង្ស ពុទ្ធា បាន​និយាយ​ដូច្នេះ​ថា​៖«​មិន​អាចមាន​សេនារីយោ​ណា ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ឡើងវិញ​ទេ​។ ហើយ​ការបោះឆ្នោត​នេះ គឹជា​ការបោះឆ្នោត​របស់​ប្រជាជន​កម្ពុជា​។ ដូច្នេះ​បរទេស​ខាងក្រៅ គឺ​គ្រាន់តែ​ជា​សំឡេង និង​ជា​ទស្សន​នៃ​ការយល់ឃើញ​ប៉ុណ្ណឹង​។ ប៉ុន្តែ​បញ្ហាសំខាន់​ប្រជាពលរដ្ឋ​កម្ពុជា សម្រេច​វាសនា​ជាតិ​ដោយ​ខ្លួនឯង​។ អ៊ីចឹង​ការបោះឆ្នោត​របស់​ពលរ​ដ្ឋ​កម្ពុជា ទោះ​ចេញទៅ​កម្រិត​ណាក៏ដោយ នោះ​គឹ​វា​ឆន្ទៈ​របស់​ម្ចាស់​ជាតិ របស់​ម្ចាស់​ប្រទេស​ពិតប្រាកដ ដូច្នេះ​ឥទ្ធិពល​ពី​ខាងក្រៅ​យ៉ាងណា វា​គ្រាន់តែ​ជា​ទស្សន​ដោយឡែក​…»​។​

អត្ថបទទាក់ទង


​ជុំវិញ​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ ត្រូវបាន​គេ​សន្និដ្ឋានថា ប្រជាពលរដ្ឋ​ដែល​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ពហិកា​បោះឆ្នោត​ច្រើន ដែល​វា​ជះ​រូបភាព​អាក្រក់​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា​។ ផ្ទុយ​ពី​ការលើកឡើង​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​និយាយថា ការថយចុះ​ចំនួន​អ្នកបោះឆ្នោត​ខាងមុខ មិនមែនជា​បញ្ហា​ចោទ ដែល​ប៉ះពាល់​ដល់​ការជ្រើសរើស​តំណាងរាស្ត្រ​ឡើយ​។ អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ធ្លាប់​ប្រាប់​សារ​ព័ត​មាន​ថ្មីៗ​ថា ច្បាប់បោះឆ្នោត​នៅ​កម្ពុជា មិនបាន​កំណត់​ពី​ចំនួន​អ្នកបោះឆ្នោត​ទេ ។ ត្រង់​ន័យ​នេះ​លោក ហង្ស ពុទ្ធា បាន​និយាយថា បើទោះជា​ចំនួន​ពលរដ្ឋ ទៅ​បោះឆ្នោត​ក្រោម​៥០​ភាគរយ​ក្តី ក៏​វា​ចាត់ទុកជា​សំឡេង​បានការ ក្នុងការ​ជ្រើស​តំណាងរាស្ត្រ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​៕


Tag:
 ហង្ស ពុទ្ធា​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com