ជាតិ
បោះឆ្នោត
លោក ហង្ស ពុទ្ធា ៖ ទោះអន្តរជាតិមិនទទួលស្គាល់ការបោះឆ្នោត ក៏គ្មានការបោះឆ្នោតឡើងវិញដែរ
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា បើទោះជាអន្តរជាតិមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ក៏គ្មានការរៀបចំបោះឆ្នោតឡើងវិញដែរ។ ការប្រកាសរបស់ គ.ជ.ប នេះ ធ្វើឡើងបន្ទាប់ពីមានការព្រមាន មិនទទួលស្គាល់ពីសំណាក់អន្តរជាតិ។
ចម្ងល់នឹងការរិះគន់ជាច្រើន លើដំណើរការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ នៅតែជាចំណោទបញ្ហា សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ អ្វីដែលគ.ជ.ប ត្រូវប្រឈមមុខនោះ គឺការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ពីសំណាក់អន្តរជាតិ។ ចម្ងល់មួយលើកឡើងថា បើអន្តរជាតិមិនទទួលស្គាល់បោះឆ្នោតនោះ តើកម្ពុជានឹងរៀបចំការបោះឆ្នោតឡើងវិញទេ?
ត្រង់ចំណុចនេះលោក ហង្ស ពុទ្ធា បានពន្យល់ថា ទោះគ្មានការទទួលស្គាល់ពីបរទេសក្តី ប៉ុន្តែកម្ពុជាក៏គ្មានរឿងអ្វី ដែលត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីតម្រូវចិត្តបរទេសដែរ ខណៈកម្ពុជា ជាប្រទេសអធិបតេយ្យភាព។
ថ្លែងក្រោយសន្និសីទកាសែតលោក ហង្ស ពុទ្ធា បាននិយាយដូច្នេះថា៖«មិនអាចមានសេនារីយោណា ពាក់ព័ន្ធនឹងការបោះឆ្នោតឡើងវិញទេ។ ហើយការបោះឆ្នោតនេះ គឹជាការបោះឆ្នោតរបស់ប្រជាជនកម្ពុជា។ ដូច្នេះបរទេសខាងក្រៅ គឺគ្រាន់តែជាសំឡេង និងជាទស្សននៃការយល់ឃើញប៉ុណ្ណឹង។ ប៉ុន្តែបញ្ហាសំខាន់ប្រជាពលរដ្ឋកម្ពុជា សម្រេចវាសនាជាតិដោយខ្លួនឯង។ អ៊ីចឹងការបោះឆ្នោតរបស់ពលរដ្ឋកម្ពុជា ទោះចេញទៅកម្រិតណាក៏ដោយ នោះគឹវាឆន្ទៈរបស់ម្ចាស់ជាតិ របស់ម្ចាស់ប្រទេសពិតប្រាកដ ដូច្នេះឥទ្ធិពលពីខាងក្រៅយ៉ាងណា វាគ្រាន់តែជាទស្សនដោយឡែក…»។
ជុំវិញដំណើរការបោះឆ្នោតនៅពេលខាងមុខ ត្រូវបានគេសន្និដ្ឋានថា ប្រជាពលរដ្ឋដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នឹងអាចពហិកាបោះឆ្នោតច្រើន ដែលវាជះរូបភាពអាក្រក់ដល់ការបោះឆ្នោតនៅកម្ពុជា។ ផ្ទុយពីការលើកឡើងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិយាយថា ការថយចុះចំនួនអ្នកបោះឆ្នោតខាងមុខ មិនមែនជាបញ្ហាចោទ ដែលប៉ះពាល់ដល់ការជ្រើសរើសតំណាងរាស្ត្រឡើយ។ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ធ្លាប់ប្រាប់សារព័តមានថ្មីៗថា ច្បាប់បោះឆ្នោតនៅកម្ពុជា មិនបានកំណត់ពីចំនួនអ្នកបោះឆ្នោតទេ ។ ត្រង់ន័យនេះលោក ហង្ស ពុទ្ធា បាននិយាយថា បើទោះជាចំនួនពលរដ្ឋ ទៅបោះឆ្នោតក្រោម៥០ភាគរយក្តី ក៏វាចាត់ទុកជាសំឡេងបានការ ក្នុងការជ្រើសតំណាងរាស្ត្រ ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល៕
Tag:
ហង្ស ពុទ្ធា
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com