អន្តរជាតិ
ស៊ី ជិន​ភីង គាំទ្រ​កូរ៉េខាងជើង​ដែល​ងាក​មក​ផ្តោតលើ​ការកសាង​សេដ្ឋកិច្ច​
17, May 2018 , 5:08 pm        
រូបភាព
​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ភីង បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការ​ងាក​ទៅ​ផ្តោតលើ​ការអភិវឌ្ឍ​របស់រប​ប​ដឹកនាំ​កូរ៉េខាងជើង​។ លោក​ក៏​ពេញចិត្ត​ចំពោះ​ការប្រឹងប្រែង​ស្តារ​លើកកម្ពស់​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង ជាមួយ​កូរ៉េខាងត្បូង និង​ជាមួយ​អាមេរិក​ផងដែរ​។



​ក្នុងជំនួប​ជាមួយ​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងជើង​ដឹកនាំ​ដោយ​លោក Pak Thae Son អនុប្រធាន​គណៈកម្មកា​រ​មជ្ឈិម​នៃ​បក្ស​ពលករ​កូរ៉េខាងជើង​នៅ​ថ្ងៃ​ពុធ​ទី ១៦ ខែឧសភា ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង បាន​សាទរ​ចំពោះ​ការវិវត្ត​ប្រកបដោយ​ភាព​វិជ្ជមាន​នៅ​ឧបទ្វីប​កូរ៉េ​។ អ្វីដែល​គាំទ្រ​ខ្លាំ​នោះ​គឺ​គោលដៅ​របស់​កូរ៉េខាងជើង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua លោក ស៊ី ជីន​ភីង បាន​ប្រាប់​តំណាង​ក្រុង​ព្យុងយ៉ាង​ដូច្នេះ​៖« យើង​គាំទ្រ​ចំពោះ​ការរីកលូតលាស់​នៃ​ទំនាក់ទំនង​ប្រទេស​កូរ៉េ​ទាំងពីរ​, ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​ជាមួយ​អាមេរិក​ដែរ​, កា​រំសាយ​នុយក្លេអ៊ែរ ជាពិសេស​ការឈាន​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ទាំងមូល​នោះ​»​។

​ក្រោយ​លោក ស៊ី ថ្លែង​ចប់ តំណាង​ក្រុង​ព្យុងយ៉ាង​លោក Pak បាន​និយាយថា​កូរ៉េខាងជើង​កំពុង​សិក្សា​ពី​ម៉ូ​ដែល​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន និង​ការកែទម្រង់​បើកចំហរ​សេដ្ឋកិច្ច​ផងដែរ​។

«​យើង​នឹង​បន្ត​តួនាទី​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ថ្មី​របស់​បក្ស​ដែល​កំណត់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ជា​រឿង​អាទិភាព​»​។ លោក Pak និយាយ​ដូច្នេះ​។​
​តាមពិតទៅ​ប្រតិភូ​កូរ៉េខាងជើង​នេះ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​នៅ​ថ្ងៃ ចន្ទ ពោលគឺ​ក្រោយ​ពេលដែល​លោក គីម ជុង​អ៊ុន ស្កាត់​ទៅ​ជួបពិភាក្សា​ជាមួយ​លោក ស៊ី ជិន​ភីង ជា​លើក​ទី​ពីរ​នៅ​ទីក្រុង​Dalian កាលពី​សប្តាហ៍​មុន​នោះ​។ លោក គីម ទៅ​ជួប​លោក ស៊ី លើកដំបូង​នៅ​ក្រុង​ប៉េកាំង​កាលពី​ចុងខែ​មីនា​កន្លងទៅ​។

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ពេល​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងជើង​នេះ​បាន​បំពេញ​ទៅ​ទស្សនា​តំបន់​ឧស្សាហ​ម្ម និង​តំបន់​សេដ្ឋកិច្ច​ធំ​ជាច្រើន​នៅ​ប្រទេស​ចិន ក្នុងនោះ​មាន​តំបន់​ប្រមូលផ្តុំ​បច្ចេកវិទ្យា Zhongguancun ដែល​ត្រូវបាន​គេ​ចាត់ទុកជា​តំបន់ Silicon Valley របស់​ចិន​ដែរ​។

​ក្រៅពីនេះ ប្រតិភូ​ទាំងនេះ​ក៏បាន​ជួប​ជាមួយ​ប្រមុខ​នាយកដ្ឋាន​ទំនាក់ទំនង​ការបរទេស​នៃ​គណៈកម្មការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​លោក Song Tao នៅ​ថ្ងៃ​ចន្ទ​ដែរ ដោយ​ក្នុងពេលនោះ​វា​មានការ​ផ្លាស់ប្តូរ​យោបល់ និង​លើកសំណើរ​ជុំវិញ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​កូរ៉េខាងជើង​លើ​វិស័យ​ជាច្រើន​ក្នុងនោះ​មាន​កសិកម្ម អប់រំ និង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ​៕


Tag:
 ចិន​
  ស៊ី ជិន​ភីង​
  Pak Thae Son
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com