អន្តរជាតិ
ស៊ី ជិនភីង គាំទ្រកូរ៉េខាងជើងដែលងាកមកផ្តោតលើការកសាងសេដ្ឋកិច្ច
× ប្រមុខរដ្ឋចិនលោក ស៊ី ជិនភីង បានបង្ហាញការគាំទ្រចំពោះការងាកទៅផ្តោតលើការអភិវឌ្ឍរបស់របបដឹកនាំកូរ៉េខាងជើង។ លោកក៏ពេញចិត្តចំពោះការប្រឹងប្រែងស្តារលើកកម្ពស់ទំនាក់ទំនងរវាងកូរ៉េខាងជើង ជាមួយកូរ៉េខាងត្បូង និងជាមួយអាមេរិកផងដែរ។
ក្នុងជំនួបជាមួយប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងដឹកនាំដោយលោក Pak Thae Son អនុប្រធានគណៈកម្មការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើងនៅថ្ងៃពុធទី ១៦ ខែឧសភា ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានសាទរចំពោះការវិវត្តប្រកបដោយភាពវិជ្ជមាននៅឧបទ្វីបកូរ៉េ។ អ្វីដែលគាំទ្រខ្លាំនោះគឺគោលដៅរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
បើតាមទីភ្នាក់ងារព័ត៌មានចិន Xinhua លោក ស៊ី ជីនភីង បានប្រាប់តំណាងក្រុងព្យុងយ៉ាងដូច្នេះ៖« យើងគាំទ្រចំពោះការរីកលូតលាស់នៃទំនាក់ទំនងប្រទេសកូរ៉េទាំងពីរ, ទំនាក់ទំនងរវាងកូរ៉េខាងជើងជាមួយអាមេរិកដែរ, ការំសាយនុយក្លេអ៊ែរ ជាពិសេសការឈានអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងមូលនោះ»។
ក្រោយលោក ស៊ី ថ្លែងចប់ តំណាងក្រុងព្យុងយ៉ាងលោក Pak បាននិយាយថាកូរ៉េខាងជើងកំពុងសិក្សាពីម៉ូដែលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន និងការកែទម្រង់បើកចំហរសេដ្ឋកិច្ចផងដែរ។
«យើងនឹងបន្តតួនាទីយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រថ្មីរបស់បក្សដែលកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិជារឿងអាទិភាព»។ លោក Pak និយាយដូច្នេះ។
តាមពិតទៅប្រតិភូកូរ៉េខាងជើងនេះចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ខ្លួននៅថ្ងៃ ចន្ទ ពោលគឺក្រោយពេលដែលលោក គីម ជុងអ៊ុន ស្កាត់ទៅជួបពិភាក្សាជាមួយលោក ស៊ី ជិនភីង ជាលើកទីពីរនៅទីក្រុងDalian កាលពីសប្តាហ៍មុននោះ។ លោក គីម ទៅជួបលោក ស៊ី លើកដំបូងនៅក្រុងប៉េកាំងកាលពីចុងខែមីនាកន្លងទៅ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ពេលបំពេញទស្សនកិច្ចនៅចិនប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងនេះបានបំពេញទៅទស្សនាតំបន់ឧស្សាហម្ម និងតំបន់សេដ្ឋកិច្ចធំជាច្រើននៅប្រទេសចិន ក្នុងនោះមានតំបន់ប្រមូលផ្តុំបច្ចេកវិទ្យា Zhongguancun ដែលត្រូវបានគេចាត់ទុកជាតំបន់ Silicon Valley របស់ចិនដែរ។
ក្រៅពីនេះ ប្រតិភូទាំងនេះក៏បានជួបជាមួយប្រមុខនាយកដ្ឋានទំនាក់ទំនងការបរទេសនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិនលោក Song Tao នៅថ្ងៃចន្ទដែរ ដោយក្នុងពេលនោះវាមានការផ្លាស់ប្តូរយោបល់ និងលើកសំណើរជុំវិញការបង្កើនកិច្ចសហប្រតិបត្តិការរវាងចិន និងកូរ៉េខាងជើងលើវិស័យជាច្រើនក្នុងនោះមានកសិកម្ម អប់រំ និងបច្ចេកវិទ្យា វិទ្យាសាស្ត្រ៕
Tag:
ចិន
ស៊ី ជិនភីង
Pak Thae Son
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com