ជាតិ
សេដ្ឋកិច្ច
ធនាគារ ANZ Royal លក់ភាគហ៊ុន៥៥ភាគរយរបស់អូស្ត្រាលីទៅឲ្យធនាគារជប៉ុន JTrust
× ធនាគារជប៉ុន JTrust បានចុះហត្ថលេខាទិញភាគហ៊ុនចំនួន៥៥ភាគរយរបស់ធនាគារ ANZ Royal ពីធនាគារ ANZ Group របស់អូស្ត្រាលី។ ធនាគារ ANZ Royal ដែលចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០០៥ គឺជាក្រុមហ៊ុនរួមគ្នារវាង ANZ Group របស់អូស្ត្រាលីដែលកាន់កាប់ហ៊ុន៥៥ភាគរយ និងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលកាន់កាប់ហ៊ុនចំនួន ៤៥ភាគរយ។
ចាប់ពីថ្ងៃនេះទៅ អ្នកឧកញ៉ា គិត ម៉េង នឹងមានដៃគូថ្មី គឺធនាគារជប៉ុន JTrust ដើម្បីអភិវឌ្ឍធនាគារ ANZ Royal ដែលទំនងជានឹងត្រូវប្រើឈ្មោះថ្មីទៀតផង។ សេចក្តីប្រកាសព័ត៌មានមួយនៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលត្រូវបានចែកផ្សាយដល់អ្នកកាសែតនៅរសៀលថ្ងៃទី១៧ខែឧសភានេះ បានសរសេរថា ធនាគារជប៉ុន JTrust ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុរបស់ជប៉ុន «បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការដើម្បីទិញភាគហ៊ុនចំនួន៥៥ភាគរយរបស់ធនាគារ ANZ Royal ពីធនាគារ ANZ Group របស់អូស្ត្រាលី»។
សេចក្តីប្រកាសព័ត៌មានសរសេរថា៖ «ក្រុមហ៊ុន Royal Group មានជំនឿយ៉ាងមុតមាំថា ធនាគារជប៉ុន JTrust គឺជាដៃគូដ៏ល្អបំផុត ហើយនឹងបន្តពីធនាគារ ANZ Group អូស្ត្រាលី ដើម្បីផ្តល់សេវាដល់អតិថិជន ក៏ដូចជាបន្តពង្រីកសមត្ថភាពសេវាកម្មថ្មីៗជាច្រើនទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com