អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កាបូបយួរ​ថ្លៃៗ​,​លុយ និង​គ្រឿងអលង្ការ​ច្រើនសន្ធឹក​ត្រូវ​ប៉ូលិស​រឹបអូស​ពី​ខុន​ដូ​ពាក់ព័ន្ធ​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប​
18, May 2018 , 1:01 pm        
រូបភាព
 ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៨ ខែមេសា​នេះ ប៉ូលិស​ម៉ាឡេស៊ី​បាន​រឹបអូស​ប្រអប់ផ្ទុកដោយ​កាបូបយួរ​ថ្លៃៗជាង ២០០ និងកាបូប​មាន​ផ្ទុក​លុយ និង​គ្រឿងអលង្ការ​ពេញ​ផង​ពេល​ចុះ​ឆែកឆេរ​ខុន​ដូ​ដែលជា​របស់​ក្រុមគ្រួសារ​លោក​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់​។  


ប្រតិបត្តិ​ការឆែកឆេរ​រក​ឯកសារ​ពាក់ព័ន្ធ​អំពើពុករលួយ​មូលនិធិ​រដ្ឋ 1MDB ដែល​ពាក់ព័ន្ធ​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់​មិនទាន់​ដល់ទី​បញ្ចប់​ទេ​។ រហូតដល់​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៨ នេះ ខុន​ដូ​ដែល​ពាក់ព័ន្ធ​នឹង​លោក ណា​ជីប ត្រូវបាន​គេ​ឆែកឆេរ​ទៀត​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​បទឧក្រិដ្ឋ​ពាណិជ្ជកម្ម​លោក Amar Singh Ishar Singh បាន​បញ្ជាក់ថា ប៉ូលិស​រឹបអូស​បា​នវ​ត្ថុ​តាង​ជាច្រើន​ក្នុងនោះ​មានកាបូ​ប​ចំនួន ៧២ ដែលមាន​ដាក់​លុយ និង​គ្រឿងអលង្ការ​ពេញ រួមជាមួយ​ប្រអប់​មាន​ដាក់​កាបូបយួរ​ថ្លៃៗ​ចំនួន ២៨៤ ផ្សេង​ទៀតផង​។ អ្វីដែល​សំខាន់​លោក Amar Singh កត់សម្គាល់ថា​ក្នុងចំណោម​កាបូបយួរ​នោះ​មាន​ខ្លះ​ម៉ាក​ល្បីៗ​ដូចជា Hermes និង Louis Vuitton​។  

«​គ្រឿងអលង្ការ​តម្លៃ​ប៉ុន្មាន​ឲ្យ​ប្រាកដ​នោះ ខ្ញុំ​មិនអាច​និយាយ​បានទេ​ព្រោះ​យើង​ដឹងថា យើង​រឹបអូស​កាបូប​មាន​គ្រឿងអលង្ការ ហើយ​គ្រឿងអលង្ការ​មាន​ច្រើន​ទៀត​»​។ លោក Amar Singh បានបញ្ជាក់​ដូច្នេះ​។ 

​តាមពិតទៅ គេ​ដាក់​ការសង្ស័យថា សម្ភារ​នេះ​ជា​របស់​ភរិយា​លោក ណា​ជីប ផ្ទាល់​តែម្តង​។  លោកស្រី Rosmah Mansor មានឈ្មោះ​បោះ​សំឡេង​រឿង​ចូលចិត្ត​ជីវិត​ឡូយឆាយ​ជាវ​ណ្ណៈ​អភិជន​ដោយ​ប្រើប្រាស់​តែ​កាបូប​ថ្លៃៗ​ដែលមាន​កាបូប​ខ្លះ​មានតម្លៃ​ដល់ ២០​ម៉ឺន​ដុល្លារ​ឯណោះ​។ 

អត្ថបទទាក់ទង
 
​បើតាម​មន្ត្រីជាន់ខ្ពស់​ខាងលើ មកដល់​ថ្ងៃនេះ​ប៉ូលិស​បាន​ចូល​ឆែកឆេរ​ទីតាំង​សំខាន់ៗ​ចំនួន​ប្រាំ​មួយកន្លែង​ហើយ​ក្នុងនោះ​មាន​ការិយាល័យ និង​និវេសនដ្ឋាន​ផ្លូវការ​របស់លោក ណា​ជីប និង​ទីលំនៅ​ឯកជន​ដូចជា​ខុន​ដូ​ដែល​ពាក់ព័ន្ធ​នឹង​លោក ណា​ជីប ផង​។ 

​ការចុះ​ឆែកឆេរ​នៅ​ខុន​ដូ​នេះ កើតឡើង​មិន​ដល់​មួយថ្ងៃ​ស្រួលបួល​ផង ក្រោយ​ប៉ូលិស​ឆ្មក់​ចូល​ផ្ទះ​លោក ណា​ជីប ដើម្បី​ស្វែង​ឯកសារ​ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ 1MDB នោះ​។ ក្រោយ​ប្រតិបត្តិ​ការឆែកឆេរ​អស់​រយៈពេល​ជាង ១០​ម៉ោង ប៉ូលិស​មិនបាន​រកឃើញ​ឯកសារ​សំខាន់ៗ​ណាមួយ​ឡើយ​។ ផ្ទុយទៅវិញ ប៉ូលិស​បាន​រឹបអូស​កាបូប​យួរដៃ​ចំនួន​ពីរ​របស់​ភរិយា​លោក ណា​ជីប គឺ​លោកស្រី Rosmah Mansor និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​ប៉ុណ្ណោះ​។​
 
​បង្កើត​ក្នុង​ឆ្នាំ​២០០៩ មូលនិធិ 1MDB មាន​គោលដៅ​ប្រែក្លាយ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ និង​ជំរុញ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការវិនិយោគ​យុទ្ធសាស្ត្រ​។ ប៉ុន្តែ​មន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក​ដែល​បាន​ស្រាវជ្រាវ​ក្នុងករណីនេះ​បាន​អះអាងថា មន្ត្រី​ក្នុង​មូលនិធិ​នេះ​បាន​កិបកេង​លុយ​ប្រហែល ៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​មួយផ្នែក​នៃ​លុយ​នោះ​មាននៅ​ក្នុង​គ​ណី​ធនាគារ​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ផង​។ ក្នុង​ឆ្នាំ ២០១៣ លុយ​មាន​ទំហំ ៦៨១ លាន​ដុល្លារ នៃ​មូលនិធិ​នេះ ត្រូវបាន​ផ្ទេរ​ទៅកាន់​គណនី​ធនាគារ​របស់លោក​។ ប៉ុន្តែ​លោក​បាន​បដិសេធ និង​អះអាងថា វា​ជា​លុយ​អំណោយ​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តល់​ឲ្យ​ប៉ុណ្ណោះ​៕ 
 

Tag:
 ​ណា​ជីប រ៉ា​ហ្សា​ក់​
  Amar Singh
  Rosmah Mansor
© រក្សាសិទ្ធិដោយ thmeythmey.com